ពលរដ្ឋលើកបដារូបលោក ម៉ម សុណង់ដូ
ភ្នំពេញ៖ ថ្វីបើទំនាស់ដីធ្លីនៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានស្ងប់ស្ងាត់ទៅហើយក្តី ក៏ប៉ុន្តែចំហាយនៃទំនាស់នេះនៅមិនទាន់ផុតរលត់ទាំងស្រុងនោះទេ។ លោកចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សយ៉ាងសកម្មម្នាក់របស់អាដហុក ត្រូវសាលាដំបូងរាជធានីភ្នំពេញកោះហៅកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុនឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៤ ខែសីហានេះ ក្រោមការចោទប្រកាន់ថា លោកបានផ្តល់ជំនួយដល់ចារីប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភាឆ្នាំ ២០១២។ ហើយប្រសិនបើសកម្មជនសិទ្ធិមនុស្សរូបនេះត្រូវបានរកឃើញថាមានកំហុស គាត់នឹងប្រឈមនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ។
តុលាការមិនបានបញ្ជាក់ថា តើចារីនោះជាអ្នកណានោះទេ ក៏ប៉ុន្តែបើផ្អែកតាមប្រភពផ្សេងៗចារីនោះទំនងជាលោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលស្វែងរកតាមចាប់ខ្លួនដោយចោទថា លោកជាមេខ្លោងក្នុងការប៉ុនប៉ងបង្កើតតំបន់អបគមន៍ក្នុងភូមិខាងលើនេះ។
យ៉ាងណាក៏ដោយបញ្ហានៅត្រង់ថា តើមូលហេតុអ្វីបានជាជំរុញឲ្យទំនាស់ដីក្នុងឃុំកំពង់ដំរីនៅតែបន្តរីករាលដាលដល់ជនដែលត្រូវចង្អុលថា ជាប់ពាក់ព័ន្ធនោះ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅព្រឹត្តិការណ៍នេះថា ជាការព្រួយបារម្ភពីការងើបបះបោរពីសំណាក់ប្រជាជនរបស់រដ្ឋាភិបាល។
«ការចោទប្រកាន់ដែលរាលដាលនេះដោយសារគាត់ខ្លាចនូវអស្ថិរភាពដោយជម្លោះដីធ្លី ដោយសារដូច្នេះហើយគាត់ព្យាយាមគាបសង្កត់ប្រជាពលរដ្ឋ ដែលធ្វើបាតុកម្មនិងអង្គការដែលជួយប្រជាពលរដ្ឋដែលធ្វើបាតុកម្ម។ ខ្ញុំមើលទៅសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន គាត់មានការព្រួយបារម្ភច្រើនពីព្រឹត្តិការណ៍នៅក្នុងតំបន់អារ៉ាប់។ គាត់លើកហើយលើកទៀតឲ្យតែមានអ្វីដែលទាក់ទងនឹងតំបន់អារ៉ាប់ គាត់មានការភ័យខ្លាច»។
រដ្ឋាភិបាលបានប្រើកងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ទៅបង្រ្កាបក្រុមប្រជាពលរដ្ឋក្នុងភូមិប្រម៉ា កាលពីខែឧសភា ដោយចោទថា ប្រជាពលរដ្ឋទាំងនោះប៉ុនប៉ងបង្កើតតំបន់អបគមន៍។ លោក ម៉ម សុណង់ដូ ត្រូវតុលាការចោទប្រកាន់ថា បានដាក់បញ្ជាឲ្យមានការប្រព្រឹត្តិអំពើខុសច្បាប់នេះ ហើយបច្ចុប្បន្នលោកកំពុងស្ថិតក្នុងការឃុំឃាំងនៅពន្ធនាគារព្រៃស។
ប៉ុន្តែរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងផ្ទុយពីទឡ្ហីករបស់រដ្ឋាភិបាល គឺថាបញ្ហានៅក្នុងភូមិប្រម៉ាបានកើតចេញពីជម្លោះដីធ្លីសុទ្ធសាធ គឺជម្លោះរវាងប្រជាពលរដ្ឋជិត១០០០ គ្រួសារដែលប៉ុនប៉ងទៅចាប់ដីក្នុងភូមិនេះហើយបានប៉ះពាល់ដល់ដីក្រុមហ៊ុន កាសូទីម ដែលជាក្រុមហ៊ុនទទួលសិទ្ធិអភិរក្សព្រៃក្នុងតំបន់មានជម្លោះនោះរួចបន្ទាប់មកក្រុមហ៊ុនដដែលនេះបានទទួលដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់នោះសរុបចំនួនជាង ១៦០០០ ហិកតា។
លោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាដហុកបញ្ជាក់ថា ប្រជាពលរដ្ឋដែលទៅតាំងលំនៅនោះបានធើ្វឲ្យប៉ះពាល់ដល់ដីក្រុមហ៊ុនជាច្រើនពាន់ហិកតា ហើយវាមិនមានសញ្ញាពីការធ្វើអបគមន៍នោះទេដោយសារប្រជាពលរដ្ឋទាំងនោះមិនមានរចនាសម្ព័ន្ធគ្រប់គ្រងជារដ្ឋបាលផ្តាច់ខ្លួននោះឡើយ។
លោក បណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យកម្ពុជា ទាញការពិចារណាជុំវិញការចោទប្រកាន់បន្ថែមលើសកម្មជនសិទ្ធិមនុស្សនេះ។
«តើសកម្មភាពរបស់ប្រជាជនប្រមាណ ១.០០០នាក់ នោះជាបទឧក្រិដ្ឋអបគមន៍ពិតបា្រកដឬយ៉ាងណា? ហើយតើវាជាការប្រើប្រាស់តុលាការដើម្បីបង្រ្កាប ឬមួយយ៉ាងម៉េច? ការចោទប្រកាន់នេះធ្ងន់ធ្ងរមែនទែនព្រោះមានអបគមន៍ថ្វីបើអាចបង្ក្រាបបានក៏ដោយ»។
ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីខែ ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានស្គាល់នូវវិបត្តិជម្លោះដីធ្លីយ៉ាងក្តៅគគុកមិនចេះស្រាក។ អង្គការសង្គមស៊ីវិលបានដកស្រង់ថា មានប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារបានរងគ្រោះក្នុងបញ្ហានេះ។ ម្យ៉ាងវិញទៀតវិបត្តិដីធ្លីនេះមានការកើនឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ទំនាស់ដីធ្លីបានក្លាយជាចំណុចចាប់ផ្តើមនៃការងើបឡើងបះបោររបស់ក្រុមប្រជាជននៅស្រុកសំឡូត កាលពីទសវត្សរ៍ឆ្នាំ១៩៦០។ ហើយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ធ្លាប់បានព្រមានពីការខ្លាចងើបឡើងធ្វើបដិវត្តន៍ដីធ្លីរបស់ក្រុមប្រជាពលរដ្ឋក្នុងសម័យបច្ចុប្បន្ននេះប្រសិនបើក្រុមប្រជាជននៅតែបន្តរងគ្រោះនោះ។
ទោះជាយ៉ាងណាក្តីការពង្រីកវិសាលភាពនៃការចោទប្រកាន់តាមផ្លូវតុលាការលើមន្ត្រីសង្គមស៊ីវិលក្រោយពីការបង្រ្កាបក្រុមប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ ទំនងជានីតិវិធីសមស្របតាមផ្លូវច្បាប់ផងដែរ ដោយសារតែតុលាការអាចតាមស៊ើបអង្កេតអង្គហេតុដែលជាប់ពាក់ព័ន្ធ។ នេះបើយោងតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកចាន់ សាវ៉េត។
ក៏ប៉ុន្តែលោកឡៅ ម៉ុងហៃ ចាត់ទុកថា ចំណាត់ការរបៀបនេះមិនត្រឹមត្រូវនោះទេ ប្រសិនបើគេពិនិត្យតាមបរិបថនៃទំនាស់ ហើយនិងកង្វះជំហរឯករាជ្យរបស់តុលាការនោះ។
«មានបទល្មើសគឺរកភស្តុតាងហើយនិងរកបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយដែរ នេះជានីតិវិធីតុលាការគឺមិនអាចបន្ទោសបានទេ។ ប៉ុន្តែយើងអាចបន្ទោសបានត្រង់ថាតុលាការមិនទាន់ឯករាជ្យហើយនេះជាការរំលោភសិទ្ធិដាច់ខាតមួយរបស់ប្រជាពលរដ្ឋ ហើយមុខនាទីរបស់តុលាការគឺការពារសេរីភាពរបស់ប្រជាពលរដ្ឋ»។
លោកចាន់ សាវ៉េត យល់ថា ការកោះហៅរូបលោកគឺជារឿងគួរឲ្យភ័យខ្លាច។
«មិនត្រឹមតែជាការភ្ញាក់ផ្អើលទេ ថែមទាំងភ័យទៀតផង។ ក្នុងសង្គមស៊ីវិលទាំងអស់មានការភ័យខ្លាច មានការព្រួយនៅពេលដែលមានទិដ្ឋភាពនេះ។ ហើយនេះគឺជាពិសោធន៍និងជាទឡ្ហីករមួយដែលសង្គមស៊ីវិលភ័យខ្លាច»។
មនុស្សចំនួនបួននាក់កំពុងតែស្ថិតនៅក្នុងការឃុំឃាំងបណ្តោះអាសន្នបន្ទាប់ពីមានការបង្រ្កាបអ្វីដែលរដ្ឋាភិបាលហៅថា តំបន់អបគមន៍នោះ។ ក្នុងនោះមានប្រជាពលរដ្ឋអ្នកភូមិចំនួនបីនាក់ និងលោក ម៉ម សុណង់ដូ ដែលជាសកម្មជនប្រជាធិបតេយ្យខ្លាំងក្លាម្នាក់។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ដ្រីបានហៅចំណាត់ការតាមផ្លូវតុលាការនោះថា មិនមែនជាការព្រួយបារម្ភរបស់រដ្ឋាភិបាលបែបណាមួយនោះទេ ប៉ុន្តែគឺជាការត្រាយផ្លូវសម្រាប់នីតិរដ្ឋ។
«ក្នុងកិច្ចរក្សាឲ្យមានសណ្តាប់ធ្នាប់រវាងរាស្ដ្រ និងរដ្ឋយើងត្រូវតែចាត់វិធានការឆ្លើយតបទៅតាមរយៈដែលច្បាប់អនុញ្ញាតិឲ្យ»។
ដូច្នេះការប្រើប្រាស់ច្បាប់តាមរយៈតុលាការជាការរក្សាផលប្រយោជន៍ រក្សាសិទ្ធិរវាងអ្នកប្តឹងនិងអ្នកដែលត្រូវគេប្តឹង។ អាស្រ័យហេតុដូច្នេះមិនមានអ្វីជាចម្លែកទេពីព្រោះយើងរៀបចំសង្គមយើងឲ្យស៊ីវិល័យ យកច្បាប់ជាធំ»។
បើទោះជាការតាមអង្កេតពីការជាប់ពាក់ព័ន្ធលើចំណោទស្តីពីការបង្កើតតំបន់អបគមន៍នៅបន្ត ប៉ុន្តែក្រុមប្រជាពលរដ្ឋក្នុងតំបន់ជម្លោះបានវិលត្រឡប់មកកាន់លំនៅដ្ឋានរបស់ពួកគេវិញហើយ វៀរលែងតែក្រុមប្រជាពលរដ្ឋចំណូលថ្មីដែលទៅចាប់យកដីក្នុងភូមិប្រមានោះមិនបានវិលត្រឡប់មកវិញទេ។
នេះបើផ្អែកតាមលោក សូម សារិទ្ធ អភិបាលស្រុកឆ្លូង ខេត្តក្រចេះ និងលោក ផៃ សារិទ្ធ ជំទប់ទី១ ឃុំកំពង់ដំរី៕
No comments:
Post a Comment
yes