ភ្នំពេញៈ សមាជិកគណបក្សនរោត្តម រណឫទ្ធិ NRP មួយក្រុម នៅក្នុងខេត្តកំពត បានប្រកាសចុះចូលជាមួយគណបក្សសង្គ្រោះជាតិ NSP ដែលទើបបង្កើតថ្មី ខណៈដែលគណបក្សប្រឆាំងថ្មីនេះ នឹងស្នើសុំចុះឈ្មោះជាផ្លូវការ នៅក្រសួងមហាផ្ទៃនៅថ្ងៃនេះ។
លោក ជា ប៉ូច តំណាងរាស្រ្ត និងជាប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្តកំពត បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា លោក ម៉ៅ រតនា ប្រធានក្រុមការងារបោះឆ្នោតរបស់គណបក្ស នរោត្តម រណឫទ្ធិ ក្នុងខេត្តកំពត បានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រឆាំងថ្មី ដែលទើបបង្កើតឡើងរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ លោក ជា ប៉ូច បានអះអាងថា ក្រៅពីលោកម៉ៅ រតនា នៅមានមន្ត្រីគណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វុនស៊ិនប៉ិចជាច្រើនរូបទៀត នឹងផ្តាច់ខ្លួនមកចូលរួមជាមួយគណបក្សថ្មីនេះ ប៉ុន្តែលោកមិនបានបង្ហាញអំពីឈ្មោះ និងអំពីចំនួនជាក់លាក់របស់ក្រុមអ្នកនឹងត្រូវចុះចូលទាំងអស់នោះទេ ដោយលោកអះអាងថា វានឹងប៉ះពាល់ដល់តំណែងរបស់ពួកគេក្នុងរដ្ឋាភិបាល។ ប៉ុន្តែទោះយ៉ាងណាក្តី លោក ជា ប៉ូច បានសន្យាថា នឹងបង្ហាញចេញនៅពាក់កណ្តាលខែក្រោយ។ លោកបន្ថែមទៀតថា សមាជិកគណបក្សផ្សេងទៀត មានការចាប់អារម្មណ៍ ហើយនឹងធ្វើតាមគំរូលោករតនា។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទងលោកម៉ៅ រតនា កាលពីម្សិលមិញ តែមិនទទួលបានការឆ្លើយតបទេ។ ប៉ុន្តែនៅក្នុងលិខិតមួយ ដែលត្រូវបានគេផ្សព្វផ្សាយកាលពីម្សិលមិញ លោកម៉ៅ រតនា បានផ្ញើលិខិតមួយ កាលពីសប្តាហ៍មុន ទៅលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយបានលើកសរសើរពីការរួបរួមគ្នា ហើយសុំចូលរួមជាមួយគណបក្សថ្មីនេះ។
លោក សៅ រ៉ានី មន្រ្តីគណបក្សនរោត្តម រណឫទ្ធិ ដែលបានប្រឆាំងនឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដើម្បីឲ្យមានការរួមបញ្ចូលគ្នា ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា លោកមិនបារម្ភអំពីសមាជិកណាម្នាក់ដែលរត់ទៅចូលគណបក្សថ្មីនោះ ទេ។
លោកបានថ្លែងបន្តថា៖ «វាមិនសំខាន់នោះទេ[ការលាលែងរបស់គាត់] ដោយសារសមាជិកទាំងអស់នៅថ្នាក់មូលដ្ឋាន»គាំទ្រយើង។ លោកបន្ថែមថា គណបក្សនរោត្តម រណឫទ្ធិ នៅតែមានសមាជិកនៅក្នុងឃុំចំនួន ៩ និងស្រុកចំនួន ៨ ក្នុងខេត្តកំពត។
គណបក្សសង្គ្រោះជាតិ នឹងសុំចុះឈ្មោះជាផ្លូវការ នៅក្រសួងមហាផ្ទៃ នៅថ្ងៃនេះ ហើយក៏នឹងមានធ្វើសន្និសីទកាសែតមួយនៅថ្ងៃនេះផងដែរ នៅទីស្នាក់ការថ្មីរបស់ខ្លួន ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ហើយកំពុងរស់នៅនិរទេស នៅក្រៅប្រទេស ត្រូវបានរំពឹងថា នឹងថ្លែងមកកាន់សមាជិកគណបក្សប្រឆាំងថ្មីនេះ តាមរយៈវីដេអូខនហ្វឺរិន៕
No comments:
Post a Comment
yes