សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 11, 2014

មន្ត្រី​CNRP៖ជំនួប​កំពូល​ត្រូវ​ពន្យារ​ពេល​ទៅ​ចុងខែ​មេសាដោយសារ​អវត្តមាន​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ជំនួប​ចរចា​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អាច​នឹង​កើតមានឡើង​នៅ​ចុងខែ​មេសា​នេះ បន្ទាប់​ពី​ថា្នក់​ដឹកនាំ​កំពូល​គណបក្ស​នេះ​បញ្ចប់​បេសកកម្ម​នៅ​ក្រៅប្រទេស​។
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា ជំនួប​ចរចា​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ពន្យារពេល​ទៅក្រោយ​ចូលឆ្នាំ​ខ្មែរ ឬ​ចុងខែ​មេសា​នេះ ដោយហេតុ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​នេះ គ្រោង​នឹង​ចេញទៅ សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បំពេញ​ការងារ​ការទូត​រយៈពេល ២​សប្តាហ៍ ចំណែក​អនុប្រធាន​បក្ស លោក កឹម សុខា កំពុង​ជាប់​បេសកកម្ម​ក្រៅប្រទេស ហើយ​គ្រោង​ត្រលប់​មក​កម្ពុជា​វិញ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច​។​

ក្នុងន័យនេះ លោក​បន្តថា ជំនួប​កំពូល គឺ​មិន​អាច​ទៅ​រួច​ឡើយ បើ​មិន​មាន​វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​កំពូល​ទាំង​ពីរ​រូប​នេះ ដើម្បី​ជជែក​ផ្លាស់ប្តូរ​យោបល់​គ្នា​នោះ​។ ប៉ុន្តែ លោក​ថា សម្រាប់​ជំនួប​តាមរយៈ​ទូរស័ព្ទ ដើម្បី​បង្ក​ទំនាក់ទំនង​ខិត​ចូលគ្នា រវាង​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ​វិញ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​មេដឹកនាំ​ទាំងពីរ​ «ទាល់យើងនៅក្នុងប្រទេស ទើបយើងអាចជជែកគ្នាបាន ប៉ុន្តែក្នុងករណីថ្នាក់ដឹកនាំ ជាន់ខ្ពស់អវត្តមានហើយ ទៅម៉េចរួច អ្នកណាទៅធ្វើសេចក្តីសម្រេចអីបាន បើមេដឹកនាំជាន់ខ្ពស់ទាំងពីរ បើលោកមានបំណងទាំងពីរសងខាងចង់ ដោះស្រាយបញ្ចប់ឲ្យបានឆាប់។ ធម្មតាច្រកសម្រាប់ជជែកគ្នាក្រៅផ្លូវការនោះ វាអត់មានអ្វីបិទបាំងទេ អត់មានអ្វីហាមឃាត់ទេ ម្នាក់ៗអាចជជែកគ្នា អាចហៅទូរស័ព្ទទៅរកគ្នាបាន»។
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា លោក​បាន​ពិភាក្សា​ត្រូវរ៉ូវ​គ្នា​ជាមួយ លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ប៉ុន្តែ លោក សម រង្ស៊ី ចាត់ទុក​ការ​រំកិល​នេះ​តិចតួច​ពេក ហើយ​ទាមទារ​ឲ្យមាន​ការពិភាក្សា​ជាមួយអនុ​ប្រធានបក្ស លោក កឹម សុខា ជាមុនសិន​។​
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ឲ្យដឹងថា គណបក្ស​នេះ នៅតែ​បើកចំហរ​សម្រាប់​កិច្ច​ចរចា និង​ជំរុញ​ឲ្យ​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៥៥​នាក់ ចូល​សភា ដើម្បី​ជជែក​គ្នា​។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា គោរព​តាម​រដ្ឋធម្មនុញ្ញ គឺ​មិន​អាច​ធ្វើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំឲ្យ​មាន​ការបោះឆ្នោត​មុន​អាណត្តិ យ៉ាងតិច​រយៈពេល​មួយ​ឆ្នាំ​បានឡើយ​ «ប្រការដែលសំខាន់ ការចរចាត្រូវមានការសម្បទានខ្លះ ប៉ុន្តែក៏ត្រូវឈរលើមូលដ្ឋានច្បាប់ ឲ្យបានយ៉ាងតិចគឺថា ៩០% យើងមិនអាចយកអ្វីដែលខុសច្បាប់មកធ្វើមូលដ្ឋាន សម្រាប់អនុវត្តបានទេ»។
​ក្នុង​កិច្ចសន្ទនា​តាមរយៈ​ទូរស័ព្ទ រយៈពេល ៤៤​នាទី រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ពុធ បាន​ផ្តោត​ទៅលើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សិន តែ​លោក​ហ៊ុន សែន តប​វិញ​ថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។
លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​» ។ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​៕

No comments:

Post a Comment

yes