សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

បាតុករ​បន្ត​ចូល​កាន់កាប់​ក្រសួងសំខាន់ៗ​ក្នុង​ក្រុង​បាងកក

បាតុករ​ក្រុមអាវលឿង​ចូល​លុកលុយ​ក្រសួង​សេដ្ឋកិច្ច​​ថៃ
បាតុករ​ក្រុមអាវលឿង​ចូល​លុកលុយ​ក្រសួង​សេដ្ឋកិច្ច​​ថៃ

ទំហំបាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ថៃ​​រីក​​កាន់តែ​ធំឡើង នៅទីក្រុង​បាងកក។ បន្ទាប់ពី បាន​ចូល​កាន់កាប់​​ក្រសួង​ការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ និង​នាយកដ្ឋាន​ទំនាក់ទំនង​រដ្ឋាភិបាល កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​អាវលឿង​រាប់ពាន់​នាក់ ដែល​​ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល ​កំពុង​ចូល​កាន់កាប់​ក្រសួងសំខាន់ៗ​ផ្សេងទៀត​របស់​រដ្ឋាភិបាល នៅថ្ងៃ​អង្គារ​នេះ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​​ទេសចរណ៍។ ពួកគេ​​កំពុងបន្ត​​ឡោមព័ទ្ធ​ ​​និង​ចង់​សម្រុក​​​ចូល​កាន់កាប់​ក្រសួង​មហាផ្ទៃ និង​វិមាន​រដ្ឋាភិបាល។
យុទ្ធសាស្រ្ត​របស់​​ក្រុមអាវលឿងមិន​ផ្លាស់ប្តូរទេ។ កាលពី​ឆ្នាំ ២០០៨ ក្រុមអាវលឿង ដែល​ជាក្រុមគំាទ្រ​រាជវង្ស​ថៃ បាន​ចូលកាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថៃ រហូត​ដល់​ពួកគេ​ទាមទារ​បាន​សម្រេច​ឲ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​ធ្លាក់​ចេញពី​អំណាច។ លើកនេះ ពួកគេ​សង្ឃឹមថា​នឹង​ធ្វើ​បាន​ដូចគ្នា ដោយ​ពួកគេ​បាន​ចូល​ទៅកាន់កាប់​ក្រសួង ដែល​ជាបេះដូង​​របស់​រដ្ឋាភិបាល ​ដូចជាក្រសួងការបរទេស ក្រសួង​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ និង​នាយកដ្ឋាន​ទំនាក់ទំនង​រដ្ឋាភិបាល​ដែល​ទទួល​បន្ទុកការផ្សព្វផ្សាយ​នយោបាយ​របស់​រដ្ឋាភិបាល។ ​

 
លោក​ស៊ូថេប ថងស៊ូបាន អតីត​ឧបនាយករដ្ឋមន្រ្តី​ថៃ ដែល​កំពុង​ដឹកនាំ​បាតុកម្ម​លើកនេះ បាន​ប្រកាស​រួចហើយថា លោក​នឹង​កេណ្ឌ​មនុស្ស​ឲ្យ​គាំទ្របាតុកម្ម និង​ចូលកាន់កាប់​ក្រសួង​របស់​រដ្ឋាភិបាល។ ទិសដៅ គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់លោកស្រី​យីងឡាក់ រង្គោះរង្គើ និង​មិន​អាច​​ដំណើរ​ការ​ បាន ដោយសារ​តែ​គ្មាន​បាន​ទទួល​លុយ​ពីក្រសួងហិរញ្ញវត្ថុទៀត។
 
​ច្បាប់​សន្តិសុខ​ពិសេសដែល​នាយករដ្ឋមន្រ្តី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ទំនង​ជាមិន​អាច​ទប់ស្កាត់​​បាតុកម្ម​តវ៉ា ដែល​នឹង​អាច​បន្ត​ទៅ​យូរថ្ងៃទៀត។ ​ប៉ូលិស​ថៃ​​នៅមិនទាន់​មាន​សមត្ថភាព​គ្រប់គ្រង​បាតុកម្ម ហើយ​​នាយករដ្ឋមន្រ្តីវិញ​​បាន​ប្រកាស​មិន​ឲ្យ​មាន​ការបង្រ្កាប ដែល​នឹង​អាច​ឈាន​ទៅរក​អំពើ​ហិង្សា ដូចកាលពី​ឆ្នាំ​២០១០។ ​
 
 
នៅ​ថ្ងៃ​អង្គារ លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ​ ​ត្រូវ​ប្រឈម​នឹង​ការបោះឆ្នោត​ទំនុក​ចិត្ត​នៅសភា បន្ទាប់ពី ក្រុមបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក​អាភីស៊ីត វីចាជីវ៉ា​កំពុង​ប្រមូល​ភស្តុតាង ដែល​បង្ហាញ​ថា លោកស្រី​យីងឡាក់​គ្មាន​សមត្ថភាព​បំបាត់​អំពើ​ពុករលួយ និង​អសមត្ថភាព​ មិន​ចេះ​គ្រប់គ្រង​ចាយវាយ​ថវិកា។ ក្រុមប្រឆាំង​បាន​បន្ទោស​ជាពិសេស​នយោបាយ​របស់​លោកស្រី​យីងឡាក់ ក្នុង​ការប្រមូល​ទិញអង្ករ​ក្នុង​តម្លៃ​ថ្លៃ​​ពី​ប្រជាកសិករ​ថៃ។
 
តាម​បក្ស​ប្រឆាំង​នយោបាយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ទីមួយ នាំ​ចេញ​អង្ករ​ច្រើន​ជាងគេ នៅក្នុង​ពិភពលោក ​បាត់បង់​ទីផ្សារ ​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា និង​វៀតណាម។ មួយវិញទៀត នយោបាយ​ទិញ​អង្ករ​របស់​លោកស្រី​យីងឡាក់ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​អស់លុយ​ រាប់​ពាន់​លាន​ដុល្លារ។
 
ក្រុមប្រឆាំង​បន្ទោស​ផងដែរ​លើ​លោកស្រី​យីងឡាក់ ថាមាន​នយោបាយការបរទេស​​​​ទន់ជ្រាយ ជាពិសេសនៅក្នុង​ការទាមទារ​ដណ្តើម​ទឹកដី​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា។​
 
ក្រុមប្រឆាំង​ដែល​សង្ឃឹមនឹង​បំបាក់​មុខ​របស់​លោកស្រី​យីងឡាក់ នៅក្នុង​ការសួរដេញដោល នៅសភា បាន​ប្រកាស​រួចហើយថា លោកស្រី​យីងឡាក់ ពិតជា​ទាល់គំនិត មិន​អាច​ឆ្លើយ​នឹង​ការចោទប្រកាន់​ទេ។ ក្រុមបក្សប្រឆាំង​ថៃ ​ប្រឹង​ធ្វើយ៉ាងម៉េច ដើម្បី​បង្ហាញ​ថា លោកស្រី​យីងឡាក់​គ្មាន​សមត្ថភាព ដឹកនាំ​ប្រទេស ដូច្នេះ​ត្រូវ​តែ​ចុះចេញ​ពីតំណែង ដូចដែល​​ ​ក្រុម​បាតុករ​កំពុង​តវ៉ា​នៅតាម​ផ្លូវ។ កាលពី​ថ្ងៃចន្ទ លោកស្រី​យីងឡាក់ បាន​បដិសេធ​មិន​ចុះចេញ​ពីតំណែង ហើយ​ក៏​មិន​យល់ព្រម​រំលាយ​ចោល​សភា​ដែរ។
 
បោះឆ្នោត​ដកទំនុក​ចិត្ត​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​ពិបាក​នឹង​ធ្វើ​ឡើង នៅពេលដែល​បក្ស​កាន់អំណាច​មាន​សំឡេង​ភាគច្រើន​នៅ​សភា។ ​
 
ក្រុមអាវលឿង​ចង់​បំបាត់​ចោល​របប​ថាក់ស៊ីន
 
ចាប់តាំងពី​ខែ​សីហា ឆ្នាំ ២០១៣ ក្រុមអាវលឿង​​​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​លើកលែង​ទោស ដែល​ក្រុម​នេះ​វាយតម្លៃ​ថា នឹង​បើកផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន​ត្រលប់​ចូល​ស្រុកវិញបាន។ ដោយសារ​ច្បាប់​ដ៏ចម្រូងចម្រាសនេះ ​ព្រឹទ្ធសភា បាន​ផ្អាក មិន​បោះឆ្នោត​អនុម័ត​ច្បាប់នេះ កាលពី​ខែ​តុលា។ ប៉ុន្តែ យ៉ាងនេះ​ក៏ដោយ ក្រុមបក្ស​ប្រឆាំង​បាន​ឆ្លៀតឱកាស​នេះ ដើម្បី​អំពាវនាវ​ឲ្យ​ក្រុមអាវលឿង​ធ្វើ​បាតុកម្ម​បន្ត​ដោយ​លើកនេះ សំដៅ​រំលាយ​ចោល​របប​ថាក់ស៊ីន​តែម្តង។ ក្នុង​ក្រសែភ្នែក​របស់ក្រុមប្រឆាំង បើទោះបី​ជា​លោកថាក់ស៊ីន​មិន​អាច​ចូលស្រុក ប៉ុន្តែ ប្អូនស្រី​របស់លោក គឺ​លោកស្រី​យីងឡាក់​គឺ​ជាអាយ៉ង​ដែល​ធ្វើការ​ទៅតាម​ការការបញ្ជា​របស់​លោក​ថាក់ស៊ីន​តែបុណ្ណោះ។
 
​ការទាមទារ​របស់​ក្រុមអាវលឿងដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ​ពិបាក​នឹង​ឈាន​ទៅគោលដៅ។ បរិបទ​បច្ចប្បន្ន ខុស​ពីឆ្នាំ ២០០៨ ដែល​កាលណោះ បាតុករ​ ​ក្រុម​អាវលឿង​បាន​ទទួល​ការគាំទ្រ​ពី​អ្នកនយោបាយ យោធា និង​តុលាការ។ នៅឆ្នាំ​២០០៨ យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន កាលពី ឆ្នាំ ២០០៦ នៅ​បន្ត​រួមដៃ​ជាមួយ​​​​តុលាការ ដើម្បី​រំលាយ​បក្ស​កាន់​អំណាច ដែល​មាន​និន្នាការ​គាំទ្រ​​​លោក​ថាក់ស៊ីន។ កាលណោះ យោធា និង​តុលាការ​ស្ថិតនៅ​ជាមួយ​ភាគី​ក្រុមអាវលឿង ដែល​ជា​ក្រុមប្រឆាំង ដោយសារ​តែ​គេ​មាន​អំណះអំណាង​ធ្ងន់​ផងដែរ ដែល​បង្ហាញថា រដ្ឋាភិបាល​កាលណោះ គាំទ្រ​លោក​ថាក់ស៊ីន ប្រព្រឹត្ត​អំពើ​ពុករលួយ។
 
ប៉ុន្តែ លើកនេះ ទាហាន​បើ​ទោះជា​គេ​ដឹងហើយ​ថា ស្ថិតនៅ​ខាង​ក្រុមរាជវង្ស គឺ​ក្រុម​អាវលឿង នៅ​មិន​ទាន់​ចេញមុខ​អន្តរាគមន៍នៅឡើយទេ​។ អំណះអំណាង​​របស់​​ក្រុមប្រឆាំង ស្តីពី​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ក៏​មិនសូវ​​ច្បាស់លាស់ គឺ​មិន​អាច​បញ្ចុះបញ្ចូល​​ឲ្យ​កងទ័ព​ថៃ​ចេញមុខ​អន្តរាគមន៍។ ម្យ៉ាងទៀត ក្រុមប្រឆាំងអាច​នឹង​ត្រូវការ​ពេលវេលា​វែង​ដើម្បី​តវ៉ា​ ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង្គោះរង្គើ។ ប៉ុន្តែ មើលទៅក្រុមប្រឆាំង​មិន​មាន​ពេលវេលា​ច្រើនទេ។ ការទាមទារ​ទម្លាក់​រដ្ឋាភិបាល ពិបាក​នឹង​ធ្វើ​ឲ្យ​បាន​មុន​ ថ្ងៃទី ៥​ធ្នូ​ខាងមុខ ពោលគឺ អ្វីៗ​ត្រូវ​ត្រលប់​ទៅរក​ស្ថានភាព​ដើមវិញ មាន​ស្ថិរភាព និង​សណ្តាប់ធ្នាប់ នៅ​មុន​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ​ថៃ នៅថ្ងៃ​ទី ៥​ធ្នូ។ ព្រះមហាក្សត្រ​ថៃ​ដែល​ប្រជាជន​ចាត់ទុក​ជាស្តេច​ពាក់កណ្តាល​អាទិទេព។
 
មួយវិញទៀត បើទោះបី​ជា មាន​​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ ២០១០មក បាតុកម្ម​របស់​ក្រុមប្រឆាំង​លើកនេះ ហាក់​មិន​សូវ​បាន​ការគាំទ្រ​ប៉ុន្មានទេ ជាពិសេស ដោយសារ​តែ​សកម្មភាព​ចូលលុកលុយ នៅក្នុង​ក្រសួង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គាំងស្ទះការងារ។ នៅ​ព្រឹកមិញ​នេះ ទៀត តុលាការ​ថៃ​ទើប​បាន​ចេញ​ដីកា​ដើម្បី​តាមចាប់​មេដឹកនាំ​ធ្វើ​បាតុកម្ម គឺ​​លោក​ស៊ូថេប ថងស៊ូបាន។ ដីការបស់​តុលាការ​បង្ហាញថា តុលាការ​លើកនេះ មិន​បាន​ទទួលស្គាល់​សកម្មភាព​ធ្វើ​បាតុកម្ម​របស់​ក្រុមអាវលឿង ក៏​ដូចជា​​ស្ថិតនៅ​ជាមួយ​ភាគី​ក្រុមប្រឆាំង​ ក្រុមអាវលឿង​ ដូច​ពេលមុន​ឡើយ៕

No comments:

Post a Comment

yes