សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

សង្គម​ស៊ីវិល​ព្រមាន​ប្ដឹង​មន្ត្រី​រដ្ឋាភិបាល​និង​ឈ្មួញ​ជាប់​ពាក់ព័ន្ធ​ការ​កាប់​ឈើ

កាប់​ឈើ ព្រៃ​ឡង់ ៣០៥
២៨-មីនា-២០១២៖ គំនរ​ឈើ​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃឡង់ 
នា​ខេត្ត​កំពង់ធំ

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ ដែល​ឃ្លាំមើល​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា និង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិតៗ យ៉ាង​គគ្រឹកគគ្រេង​ដោយ​ចំហ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​វិធានការ​ទប់​ស្កាត់។

អង្គការ​ទាំង​នោះ​រក​ឃើញ​ថា ក្រុម​ឈ្មួញ​បាន​ឆក់​ឱកាស​មុន និង​ក្រោយ​ពេល​បោះ​ឆ្នោត និង​ស្ថានភាព​ជាប់​គាំង​ខាង​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ សម្រុក​កាប់​ឈើ​ដោយ​មិន​ញញើត។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រមាន​ថា នឹង​ទម្លាយ​ឈ្មោះ ព្រម​ទាំង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ឈ្មួញ និង​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​ជាង ១០០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​បន្ទាន់ ទប់ស្កាត់​ការ​បំផ្លាញ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ រួម​មាន​សមាគម​អាដហុក អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍​ដែល​មាន​សាខា​តាម​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ​ចំនួន ២៤​រាជធានី​ខេត្ត​ដែល​ឃ្លាំមើល​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ បាន​ដាស់​តឿន​ព្រម​គ្នា​ទៅ​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ហើយ​ដឹក​ខុស​ច្បាប់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ អង្គការ​ទាំង​នោះ​ក៏​បាន​ព្រមាន​ថា វិនាសកម្ម​ព្រៃ​ឈើ​អាច​នឹង​កើត​ឡើង​ក្នុង​អំឡុង​ពេល ៣ ទៅ ៦​ខែ​ទៀត ប្រសិន​បើ​គ្មាន​ការ​ទប់​ស្កាត់។
សង្គម​ស៊ីវិល ៦១០
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ធ្វើ​សន្និសីទ​កាសែត អំពី​ការ​កាប់​បំផ្លាញ​និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Tep Soravy

អ្នក​ស្រាវជ្រាវ​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ឲ្យ​ដឹង​ថា របត់​ថ្មី​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មាន​រូបភាព​ប្លែក ដោយ​ក្រុម​ឈ្មួញ​បាន​បំផុស​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខ្លួន​ឯង។ សហគមន៍​ដែល​ធ្លាប់​ដើរ​តួនាទី​ការពារ​ព្រៃ​ឈើ បាន​ប្រែ​ក្លាយ​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​សកម្ម និង​បាន​យក​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ និង​កង​កម្លាំង​ប្រដាប់​អាវុធ មុន​នឹង​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន។
ក្រុម​សហគមន៍​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​ការពារ​ព្រៃ​ឈើ​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ លោក ឈឹម សាវុធ ពន្យល់​ថា មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​នោះ ដោយសារ​តែ​ពួកគេ​ហាក់​គ្មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ហើយ​គិត​ថា ប្រសិន​បើ​ពួកគេ​មិន​កាប់​ទេ​នោះ ក៏​នៅ​តែ​មាន​ក្រុម​ឈ្លួញ និង​ក្រុមហ៊ុន​កាប់​បំផ្លាញ​ដែរ។
អ្នក​សម្របសម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ទៅ​ក្រុមហ៊ុន ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃស្រោង​ដែល​ច្បាប់​ហាម​ឃាត់។ លោក​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី កើត​ឡើង​ដោយសារ​តែ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ការ​មាន​សិទ្ធិ​ស្រប​ច្បាប់​ប្រមូល​ទិញ​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព ក៏​មាន​ការ​បន្លំ​ឈើ​ខុស​ច្បាប់​ដឹក​ចេញ​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម ក្រោម​ស្លាក​សម្បទាន​សេដ្ឋកិច្ច។
អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បង្ហាញ​ថា ក្រុមហ៊ុន​របស់​លោក ទ្រី ភាព មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ក្រុង​ចំនួន ១២ តាម​រយៈ​ការ​បំបែក​ក្រុមហ៊ុន​តូចៗ​ចំនួន ១៥ កំពុង​ប្រតិបត្តិការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រណិតៗ​ដឹក​លក់​ជា​ចំហ​ទៅ​កាន់​ប្រទេស​វៀតណាម។
លោក ទ្រី ភាព ក៏​ជាប់​ឈ្មោះ​អាស្រូវ​ប្រចាំ​ឆ្នាំ​២០១៣ ក្នុង​របាយការណ៍​អង្គការ​ឃ្លាំមើល​ធនធាន​ធម្មជាតិ​លើ​ពិភពលោក (Global Witness) ដែល​រក​ឃើញ​ថា លោក ទ្រី ភាព បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ហេង ប្រាឌ័រ (Heng Brother) ដែល​ជា​ខ្នែង​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) ដើម្បី​ឲ្យ​កាប់​រាន​ព្រៃ​ឈើ។ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ២ ដែល​របាយការណ៍ Global Witness រក​ឃើញ​ថា កំពុង​បង្ក​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។
បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ លោក សេង សុខហេង មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​មូលដ្ឋាន​ទ័ព​ញឹកញាប់​នៅ​តាម​ព្រំដែន ក៏​ជា​បុព្វហេតុ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដោយសារ​តែ​ការ​ប្ដូរ​ទីតាំង​កងទ័ព​ម្តងៗ ត្រូវ​ការ​ផ្ទៃ​ដី​ច្រើន​ពាន់​ហិកតារ ហើយ​ការ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​បាន​កើត​ឡើង ដើម្បី​រាន​យក​ដី​ធ្វើ​ទី​តាំង​ទ័ព។ មួយ​វិញ​ទៀត ថ្មីៗ​នេះ ឃើញ​មាន​រូបភាព​ថ្មី​ដែល​ក្រុម​ឈ្លួញ និង​អ្នក​មាន​លុយ​កំពុង​ដឹក​ឈើ​ចេញ​តាម​ផ្លូវ​ទឹក​ពី​តំបន់​ព្រៃ​ឡង់ រាប់​សិប​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃៗ។
មាន​មូលហេតុ ៥ ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា នាំ​ឲ្យ​កើត​មាន​ការ​បំផ្លាញ​ព្រៃឈើ​យ៉ាង​គំហុក។ ទី​១ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទី​២ ផែនការ​អភិវឌ្ឍន៍​គម្រោង​ថាមពល​វារីអគ្គិសនី ទី​៣ តម្លៃ​ឈើ​នៅ​ក្នុង​ទីផ្សារ​មាន​ហាង​ឆេង​ខ្ពស់ និង​សំបូរ​ដោយ​សិប្បកម្ម​កែច្នៃ​ឈើ ទី​៤ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់​ដែល​មាន​ព្រៃ​ឈើ និង​ទី​៥ ការ​ផ្លាស់ប្ដូរ​និង​ការ​សាងសង់​មូលដ្ឋាន​កង​កម្លាំង​ប្រដាប់​អាវុធ​ថ្មី។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​កិច្ចការ​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ៖ «រៀបចំ​ការងារ​ជា​ប្រព័ន្ធ​តាម​រយៈ​ច្បាប់ ឬ​តាម​របៀប​គ្រប់គ្រង ដើម្បី​ឲ្យ​មាន​ស្ថិរភាព​រវាង​ធម្មជាតិ​ជាមួយ​មនុស្ស ជាមួយ​នឹង​ការ​រីក​ចំរើន​សេដ្ឋកិច្ច។ ជាមួយ​គ្នា​នេះ​ដែរ ទទួល​បន្ទុក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​គម្រប​ព្រៃ​ឈើ​រួម​គ្នា​ជាមួយ​អន្តរជាតិ ប្រឆាំង​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​លើ​ពិភពលោក​នេះ»
អង្គការ​សង្គម​ស៊ីវិល​រាយការណ៍​ថា តំបន់​ព្រៃ​ឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ​នោះ មាន​នៅ​តំបន់​ព្រៃ​ការពារ តំបន់​ព្រៃ​ឈើ​សម្រាប់​អភិរក្ស​សត្វ​ព្រៃ តំបន់​ព្រៃ​ស្នួល​សម្រាប់​ការពារ​ជីវចម្រុះ និង​តំបន់​ព្រៃ​សួន​ឧទ្យាន​ជាតិ​ជាដើម។
ក្រុម​អង្គការ​និង​សហគមន៍​បាន​រក​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​ច្រើន​រយ​នាក់ ប៉ុន្តែ​មាន​ជាង ១០០​នាក់​ដែល​ត្រៀម​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ប្ដឹង​ទៅ​តុលាការ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ច្បាប់​បន្ទាន់​ទៅ​លើ​ការ​កាប់​បំផ្លាញ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទេ​នោះ៕

No comments:

Post a Comment

yes