បង្កើតរោងចក្រផលិតរថយន្តអង្គរ ដោយប្រើថាមពល
ដោយ : លីហូវ (ថ្ងៃទី 21 មីនា 2011)
ភ្នំពេញ: រោងចក្រផលិតរថយន្តអង្គរ ប្រើដោយថាមពលអគ្គិសនី នឹងត្រូវបង្កើត ឡើង នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីចុះហត្ថលេខាព្រមព្រៀង បានធ្វើឡើងនាព្រឹកថ្ងៃទី២១មីនា ឆ្នាំ២០១១ រវាងក្រុមហ៊ុន ហេង អភិវឌ្ឍន៍, លោក ញាន ផល្លឹក អ្នកផលិតរថយន្តអង្គរ និងសម្ព័ន្ធសហគ្រាស ជូលាង គ្រុប ខូអិលធីឌី។
រោងចក្រផលិតរថយន្តលើកដំបូង របស់កម្ពុជា សហការរវាងក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនចិនហុងកុង។ គ្រឿងបន្លាស់មួយចំនួន ត្រូវបាននាំចូលពីប្រទេសចិន។ រថយន្តអង្គរ មិនប្រើប្រេងសាំងទេ។
លោកស្រី សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានលើកឡើងថា ក្រោយពីការចុះហត្ថលេខាព្រមព្រៀងនៅថ្ងៃនេះ ក្រុមហ៊ុននឹងសាងសង់រោងចក្រតម្លើងរថយន្ត នៅក្រុងតាខ្មៅ ដោយប្រើប្រាស់ដើមទុន ២០ លានដុល្លារ។ ក្នុងមួយឆ្នាំ រោងចក្រអាចផលិតរថយន្តអង្គរ បានពី ៥០០ គ្រឿង ទៅ ១០០០ គ្រឿង ដោយប្រើ ប្រាស់នូវកម្លាំងកម្មករប្រមាណ ៣០០ នាក់។ នៅឆ្នាំ២០១២ រថយន្តអង្គរ ប្រើថាមពលអគ្គិសនី នឹងមានចេញលក់លើទីផ្សារ នាឆ្នាំ២០១២។
ជំហ៊ានដំបូង រោងចក្រផលិតរថយន្តអង្គរ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ នឹងផលិតរថយន្តទេសចរណ៍ ប្រភេទ ២ កៅអី និង ៤ កៅអី។ តែទៅថ្ងៃក្រោយនឹងផលិតរថយន្ត ៦ កៅអី ទៅ ១២ កៅអី និងរៀបចំផលិតរថយន្ត ភីកអាប់។ រោងចក្រផលិតរថយន្តអង្គរមួយទៀត នឹងត្រូវបង្កើត ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
រថយន្តអង្គរ ជាស្នាដៃស្រាវជ្រាវរកឃើញរបស់កុលបុត្រខ្មែរ លោក ញាន ផល្លឹក។ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ទទួលស្គាល់ថា មានបច្ចេកវិជ្ជាទំនើបគ្រប់គ្រាន់
មិនចាញ់រថយន្តផលិតនៅបរទេស និងបានផ្តល់ប្រកាសនីយបត្រតក្កកម្ម កាលពី
ថ្ងៃទី២៤មីនា ឆ្នាំ២០១០។
កាលពីឆ្នាំ២០០២ លោក ញាន ផល្លឹត បានផ្តើមផលិតរថយន្តទី១ ឈ្មោះថា អង្គរ ២០០៣ មានពណ៌ខៀវចាស់ ប្រើកម្លាំងម៉ាស៊ីនម៉ូតូហុងដា C100 អត់មានទ្វារ ហើយដាក់ម៉ាស៊ីន នៅចំកណ្តាលតួរថយន្ត។ រថយន្តអង្គរ ត្រូវបានកែច្នៃ តាមបច្ចេកទេសទំនើបពីមួយឆ្នាំទៅមួយឆ្នាំ៕
ពីគេហទំព័រ៖ រស្មីកម្ពុជា
No comments:
Post a Comment
yes