កម្ពុជានិងថៃគ្រោងជួបគ្នាចុងខែមិនានៅឥណ្ឌូនេស៊ី
ថ្លែងប្រាប់ វីអូអេ កាលពីថ្ងៃអង្គារលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថាប្រទេសកម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជុំតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាលីហ្គាវ៉ា ដែលជាប្រធានប្តូរវេន សមាគម អាស៊ានឆ្នាំនេះ ដែលបានស្នើសុំកាលពីថ្ងៃទី៧ខែមិនាឲ្យមានការប្រជុំរវាងប្រទេស ទាំងពីរថៃនិងកម្ពុជា។
«ហើយនៅថ្ងៃនេះ ថ្ងៃទី៨ខែមិនា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោក បានធ្វើលិខិតឆ្លើយតបទៅនឹងសំណើរបស់ប្រធានអាស៊ាននេះ ដោយបញ្ជាក់ថាកម្ពុជាយល់ព្រមទៅនឹងសំណើរបស់ប្រធានអាស៊ាន»។
លោក កុយ គួងបានបញ្ជាក់បន្ថែមថារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានស្នើឲ្យ មានកិច្ចប្រជុំចំនួនពីរនៅថ្ងៃទី ២៤ និងទី ២៥ ខែ មិនានេះ នៅទីក្រុងបូហ័្គរដែលជាទីក្រុងក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីសម្រាប់ឲ្យមានការបន្ត ការចរចាដោះស្រាយបញ្ហាវិវាទព្រំដែនរវាងប្រទេសថៃនិងកម្ពុជា ក្នុងគណៈកម្មការ ព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះទទួលបន្ទុកការបោះបង្គោលព្រំដែន គោករវាងកម្ពុជានិងថៃ។
លោកកុយ គួងបានដកស្រង់អត្ថាធិប្បាយរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាមកបញ្ជាក់ថា កម្ពុជាចង់ឲ្យមានតំណាងរបស់អាស៊ានចូលរួមក្នុងកិច្ចប្រជុំ។
«ហើយលោកក៏បានបញ្ជាក់ដែរថាកិច្ចប្រជុំនេះត្រូវតែមានវត្តមាន រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ឬក៏អ្នកតំណាងដែលវត្តមាននេះយ៉ាងហោចណាស់ក៏នៅពេលពិធីបើកនៃ កិច្ចប្រជុំទាំងពីរនេះ។ ហើយក្រោយពីកិច្ចប្រជុំទាំងពីរនេះចប់គឺភាគីទាំងពីរនឹងធ្វើ សេចក្តីរាយការណ៍ជូនប្រធានអាស៊ាន»។
លោក គួង បានបន្ថែមថាកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងចូលរួម។
លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan Watanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទថា៖ ប្រទេសថៃជាអ្នកស្នើឲ្យមានកិច្ចប្រជុំទ្វេភាគីរវាងថៃនិង កម្ពុជាក្នុងគណៈកម្មាធិការព្រំដែនទាំងឡាយដើម្បីដោះស្រាយបញ្ហា ទាក់ទិននឹងការវាស់វែងបង្គោលព្រំដែន បញ្ហាក្នុងតំបន់នានា ហើយនឹងបញ្ហាសន្តិសុខតាមព្រំដែនជាដើម។
«នេះជាយន្តការនៅក្នុងលំដាប់ទ្វេភាគីដែលយើងបានស្នើដល់កម្ពុជាឲ្យវិលមក ចរចានៅក្នុងយន្តការនេះ»។
លោក វឌ្ឍនាយ៉ាកន ពុំបានបញ្ជាក់ថារឿងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីចុងខែនេះជា ការសម្របសម្រួលពីសមាគមអាស៊ានជាពិសេសប្រទេសឥណ្ឌូនេស៊ីនោះទេ។ តែលោកថ្លែងថាកិច្ចប្រជុំនោះមិនមែននៅក្នុងប្រទេសថៃនិងកម្ពុជា ទេ គឺអាចនៅឥណ្ឌូនេស៊ី។ ហើយកាលបរិច្ឆេទនិងបញ្ហាលម្អិតលោក វឌ្ឍនាយ៉ាកនអះអាងថាថៃនៅរង់ចាំតែការឆ្លើយតបពីកម្ពុជាតែប៉ុណ្ណោះ។
កិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែនប្រទេសថៃនិងកម្ពុជាកើតឡើង ក្រោយពេលដែលថៃសុំពន្យាពេលទទួលយកអ្នកសង្កេតការណ៍អាស៊ានមុនពេល ជួបប្រជុំ រវាងកម្ពុជានិងថៃកើតឡើង។ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញគេសង្កេតឃើញ ថាមុននិងក្រោយពេលមានកិច្ចព្រមព្រៀងនៅមុខបណ្តាមេដឹកនាំអាស៊ាន ទាំង ១០ប្រទេសក្នុងកិច្ចប្រជុំកាលពីចុងខែកុម្ភៈនៅប្រទេសឥណ្ឌូនេស៊ី អំពីកិច្ចឈប់ បាញ់គ្នានិងការទទួលយកអ្នកសង្កេតការណ៍៣០នាក់ ម្ខាងពាក់កណ្តាល កម្ពុជាបានប្រកាសទទួលយកអ្នកសង្កេតការណ៍អាស៊ានដោយឥតលក្ខខណ្ឌ ដើម្បីធានាកិច្ចឈប់បាញ់គ្នាហើយនឹងត្រួតពិនិត្យមើលស្ថានការណ៍តាម ព្រំដែននៃប្រទេសទាំងពីរដែលកំពុងមានភាពតានតឹងដោយកំឡាំងប្រដាប់ អាវុធ។ តែប្រទេសថៃធ្លាប់បានសុំពន្យាពេលសិនដើម្បីចរចា ទ្វេភាគី ជាមួយកម្ពុជា។
ប្រទេសកម្ពុជាធ្លាប់ច្រានចោលកិច្ចចរចាទ្វេភាគីណាជាមួយថៃពេលគ្មាន ភាគីអាស៊ានចូលរួម។ ការកំណត់ដូច្នេះកើតឡើងក្រោយពីមេដឹកនាំកម្ពុជាអះអាងថាលទ្ធផលនៃ ការចរចាគ្មានការគោរពនិងអនុវត្តន៍តាមទោះបីជាមានការចរចាក្តី។ដូចជា ឧទាហរណ៍មួយ ដែលមេដឹកនាំកម្ពុជាបានលើកយកបញ្ជាក់គឺឯកសារ ព្រំដែនចំនួនបីទាក់ទងនឹងការបោះបង្គោលព្រំដែននិងការដោះស្រាយរឿង ព្រំដែនដែលគណៈកម្មាធិការព្រំដែនទាំងពីរប្រទេសបានសម្រេចជាច្រើន ឆ្នាំរួចហើយនោះនៅរាំងស្ទះឬមិនត្រូវអនុម័តយល់ព្រមដោយសភាថៃទេ។
កងទ័ពប្រទេសកម្ពុជានិងថៃបានវាយប្រយុទ្ធគ្នាកាលពីដើមខែកុម្ភៈ ដោយសារ ការចោទប្រកាន់គ្នាទៅវិញទៅមករឿងការរំលោភបំពានបូរណភាពដែនដី ជាពិសេសដី នៅក្បែរតំបន់ប្រាសាទព្រះវិហារ។ ការវាយប្រយុទ្ធគ្នាចំនួន ៤ថ្ងៃជាប់គ្នានោះ បានបណ្តាលឲ្យស្លាប់និងរបួសទាំងសងខាងហើយប៉ះពាល់ដល់ប្រាសាទ ព្រះវិហារជាបេតិកភណ្ឌពិភពលោកនិងធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់ គ្រួសារនៃប្រទេសទាំងពីរភៀសខ្លួនមួយរយៈពេលចេញពីលំនៅដ្ឋាន៕
No comments:
Post a Comment
yes