សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 4, 2011


ខ្មែរម្នាក់ត្រូវគេបាញ់សម្លាប់ក្នុងទឹកដីលាវ

​ដោយ រដ្ឋា វីសាល

នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-លាវ ក្នុង​ខេត្ត​ស្ទឹងត្រែង តែង​តែ​មាន​សេចក្ដី​រាយ​ការណ៍​ថា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ត្រូវ​គេ​បាញ់​ សម្លាប់​ដោយ​សារ​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រមាញ់​សត្វ​ព្រៃ កាប់​ឈើ ឬ​ទៅ​ទិញ​ឈើ។

​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មីនា ឆ្នាំ​២០១១ នេះ កំពុង​តែ​បន្ត​ស៊ើប​អង្កេត​ទៅ​លើ​សេចក្ដី​រាយ​ការណ៍​ដែល​ថា​មាន​ពល​រដ្ឋ​ ខ្មែរ​ម្នាក់​ទៀត ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទឹក​ដី​លាវ​ក្បែរ​តំបន់​ព្រំដែន​ កម្ពុជា-លាវ ក៏​ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ​ទេ។

​ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១១ មក​ម្ល៉េះ បន្ទាប់​ពី​តម្រួត​ព្រំដែន​លាវ នៅ​ចំណុច​ព្រំដែន​លេខ​០៦១ ជាប់​នឹង​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង បាន​ណាត់​ជួប​ជា​មួយ​អាជ្ញាធរ​ព្រំដែន​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទាក់​ទិន​ការ​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ នៅ​តំបន់​ព្រំដែន​នោះ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ភាគី​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ធ្វើ​ដំណើរ​ទៅ​ដល់​ យឺត​ពេល ទើប​ការ​ណាត់​ជួប​នោះ​ត្រូវ​លើក​ពេលមក​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​៤ នេះ​វិញ និង​ប្ដូរ​ទី​ណាត់​ជួប​នៅ​ចំណុច​ព្រំដែនលេខ​០៦៥ វិញ។

​មេ​បញ្ជា​ការ​វរ​ប៉ូលិស​ការ​ពារ​ព្រំដែន​៧០១ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ហ៊ុន បាន មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយ​សារ​តំបន់​ណាត់​ជួប​ជា​តំបន់​ព្រៃ​ពិបាក​ធ្វើ​ដំណើរ ដូច្នេះ​នៅ​ថ្ងៃ​សុក្រ ទី​៤ មីនា នេះ ក្រុម​សមត្ថកិច្ច​ការ​ពារ​ព្រំដែន​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ណាត់​ជួប​គ្នា​ថ្មី​នោះ ដើម្បី​ជួប​ជា​មួយ​អាជ្ញាធរ​ការ​ពារ​ព្រំដែន​លាវ។ ចំណែក​លទ្ធផល​នៃ​ការ​ជួប​ពិភាក្សា​ជា​មួយ​ភាគី​លាវ លោក​មិនទាន់​ទទួល​សេចក្ដី​រាយ​ការណ៍​ពី​ក្រុម​ការ​ងារ​នោះ​នៅ​ឡើយ ៖ "យើង ​ទទួល​ព័ត៌មាន​ខាង​លាវ​មក​វិញ​ទេ។ នៅ​ក្នុង​តំបន់​ហ្នឹង​វាព្រៃ ខ្ញុំ​ឲ្យ​កម្លាំង​ខ្ញុំ​ចុះ​ទៅ​តែ​មក​វិញ​ភ្លាម គេ​រាយ​ការណ៍​ភ្លាម ប៉ុន្តែ​ឥឡូវ​វា​អត់​ទាន់​បាន​ជួប​គ្នា​តាម​ទូរស័ព្ទ ព្រោះ​អី​ដាច់​សេវា​ហ្មង"។

​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១១ មាន​សេចក្ដី​រាយ​ការណ៍​ថា ពល​រដ្ឋខ្មែរ​ប្រមាណ ៣០​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​រទេះ​គោ ប្រមាណ​បី​គ្រឿង ហើយ​ត្រូវ​ជួប​ហេតុការណ៍​បាញ់​ប្រហារ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ម្នាក់ និង​គោ​បី​ក្បាល​ត្រូវ​គេ​រាយ​ការណ៍​ថា​បាន​ស្លាប់ និង​ងាប់។ ចំណែក​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត បាន​រត់​ខ្ចាត់​ខ្ចាយ​ពី​ការ​ស្ទាក់​បាញ់​នៅ​តំបន់​ព្រំដែន​ខាង​លើ ដោយ​សារ​តែ​អ្នក​ភូមិ​ទាំង​នោះ​ឆ្លង​ចូល​ផុត​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​ទៅ ​ទឹក​ដី​លាវ។

​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​សៀមប៉ាង លោក ជិន ធិន មាន​ប្រសាសន៍​បញ្ជាក់ថា សេចក្ដី​រាយ​ការណ៍​របស់​អាជ្ញាធរ​ស្រុក​សៀមប៉ាង​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ជួបហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​តំបន់​ព្រំដែន​លាវ គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​ខេត្ត​កំពត ពួក​គេ​ត្រូវ​បាន​មេ​ក្លោង​ជួល​ឲ្យ​ទៅ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​តំបន់​ព្រៃ​ នា​តំបន់​ព្រំដែន​ខ្មែរ-លាវ ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ ហើយ​ត្រូវតម្រួត​ព្រំដែន​លាវ​ស្ទាក់​បាញ់​ឲ្យ​រត់​បែក​ខ្ញែក​គ្នា​អស់​ទៅ ទើប​ដំណឹង​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ឲ្យ​អាជ្ញាធរ​ស្រុក និង​តម្រួត​ព្រំដែន​បាន​ដឹង ៖ "អា​ខាង​លាវ​គេ​ចោទ​ថា ចូល​ទៅ​លួច​ឈើ​គេ វា​អី​ចេះ អត់​ឲ្យ​ចូល​ទៅចូល​ត្រួត​ពិនិត្យ​ផង ចាំ​មើល​គណៈកម្មការ​គេ​មក គេ​រាយ​ការណ៍​មក​បាន​ដឹង។ អាជ្ញាធរ​ដែន​ដី​អាច​ចុះ​ទៅ​ដើម្បី​អប់រំ​ប្រជា​ពល​រដ្ឋ​កុំ​ឲ្យ​ចេញ​ចូល​ តាម​អំពើ​ចិត្ត ទៅ​ណា​ខ្វះ​ការ​អនុញ្ញាត​ពី​ឃុំ ពី​ស្រុក ចេញ​ទៅ​លាវ​បាន"។

​អ្នក​ភូមិ​រស់​នៅ​ឃុំ​ព្រែក​មាស ស្រុក​សៀមប៉ាង លោក ហួត សីហា មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​តំបន់​ព្រំដែន​លាវ ជាប់​នឹង​ស្រុក​សៀមប៉ាង ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក និង​ប្រជា​ពល​រដ្ឋ​មក​ពី​ខេត្ត​មួយ​ចំនួន​ទៀត នៃ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​ចូល​មក​កាន់​តំបន់​ព្រំដែន​ដើម្បី​ប្រកប​របរ​ប្រមាញ់​សត្វ​ ព្រៃ ខ្លះ​ទៀត​ធ្វើ​ជំនួញ​ឈើ​ប្រណិត​ឆ្លង​ដែន​ជា​មួយ​ប្រជា​ពលរដ្ឋ​លាវ​នៅតំបន់ ​នោះ។ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​ចាញ់​បោក​ប្រជា​ពល​រដ្ឋ​លាវ ដែលបានធ្វើ​លិខិត​ស្នាម​ក្លែងក្លាយ​ថា​តម្រួត​លាវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ ទៅ​ដីលាវដោយ​បង់​ប្រាក់ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​ត្រូវ​គេយក​ប្រាក់​អស់ ហើយ​តម្រួត​លាវ​ក៏​ចាប់​ខ្លួន ឬ​ស្ទាក់​បាញ់​ជា​ញឹក​ញយ ដោយ​ចោទ​ថា​អ្នក​ភូមិ​ទាំង​នោះ​លួច​ឆ្លង​ដែន​ទៅ​ក្នុង​ដី​លាវ​ខុស​ច្បាប់ ឬ​ទៅ​លូច​កាប់ឈើ​ក្នុង​ដី​លាវ ៖ "អា​ពេល​មុន​ទៅ​ហ្នឹង ចូល​ទៅ​លាវ​ហ្នឹង​តាម​ផ្លូវ​សំងាត់​ទេ ដល់​ទៅៗ ទៅ​ជួប​ដូច​ថា​អា​អ្នក​វា​ឆ​បោក ជា​មួយ​លាវ​ហ្នឹង​ដែរ គេ​ទារបង់​អស់​ម៉ា​ពាន់​ប្រាំ​ពីរ​រយ​ទៅ គេ​ធ្វើ​អា​លិខិត​ក្លែង​ក្លាយ​ហ្នឹង​ឲ្យ។ ពួកហ្នឹង​គេ​ចូល​ទៅ​ហ្នឹង​គេ​អត់​ចូល​ថា ទៅ​ដោយ​ប្រភេទ​ចោរ​ទេ ចូល​ទៅ​ថា​ដោយ​ទំនាក់​ទំនង​ឲ្យ​ស្រប​ច្បាប់​ការ​ពារ​ខ្លាច​លាវ​គេ​ចាប់​គេ​ អី​ដាក់​គុក​អ៊ីចឹង។ដល់​ទៅៗ ប៉ះ​ចំ​អា​កន្លែង​គេ​ឆ​បោក ពួក​លាវ​ឆ​បោក គេ​វ៉ៃត្រា​វ៉ៃ​អី​មក​ឲ្យ"។

​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត ដើម្បី​អធិប្បាយ​បញ្ហា​ពល​រដ្ឋ​ខ្មែរ​ដែល​តែង​តែ​ត្រូវ​គេ​បាញ់​សម្លាប់ និង​ចាប់​ខ្លួន​ដោយ​សារ​ឆ្លង​ដែន​ទៅ​ដី​លាវ​នោះ​បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មីនា ឆ្នាំ​២០១១ នេះ។ យ៉ាង​នេះ​ក្ដី កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ លោក​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​ខេត្ត​តែង​តែ​ណែ​នាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អប់រំ​ប្រជា​ពល​រដ្ឋ​ នៅ​តាម​ភូមិ​ឃុំ​ស្រុក​ជាប់​និងព្រំដែន​លាវ ឲ្យ​បញ្ឈប់​ការ​លូច​ឆ្លង​ដែន​ទៅ​ប្រកប​របរ​ខុស​ច្បាប់​ក្នុង​ដី​លាវត​ទៅ​ ទៀត និង​ដាក់​វិធាន​ការណ៍​ឲ្យ​តម្រួត​ព្រំដែន​ការ​ពារ​ហ្មត់ចត់ មិន​ឲ្យអ្នក​ភូមិ​លូច​ឆ្លង​ដែន​ខុស​ច្បាប់​បាន​ត​ទៅ​ទៀត ៖ "រវល់​តែ​ ធ្វើ​អា​មុន​ហ្នឹង មិន​ទាន់​រូច​ផង មាន​អ្នក​ផ្សេង​ទៅ​ទៀត។ រឿង​ហ្នឹង​យើង​ធ្លាប់​មាន​អ៊ីចឹង​ជា​បន្ត​បន្ទាប់​ហើយ។កុំ​ឲ្យ​វា​ប្រញាប់​ ពេក ពី​ព្រោះ​វា​គ្មាន​ការ​ចោទ​ប្រកាន់​គ្នា​ខាង​ផ្នែក​នយោបាយ​អី​ទេ។ រឿង​ហ្នឹង​វា​អត់​មែន​ជា​រឿង​អី​យើង​ប្រឈម​ទេ គ្រាន់​តែ​យើង​ត្រូវ​ធ្វើ​ការ​ជា​មួយ​គេ ដើម្បី​ឲ្យ​មនុស្សហ្នឹង​ថ្ងៃ​ក្រោយ​ទៅ​កុំ​ឲ្យ​វា​មាន​ការ​ធ្វេសប្រហែស​ដើរ ​ហួស​ជ្រុល​ជ្រួស​អ៊ីចឹង​ទៅ​ណា"។

​អ្នក​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​ស្ទឹង​ត្រែង លោក ឆាយ រេត បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ពល​រដ្ឋ​លាវ និង​ខ្មែរ​នៅ​ជាប់​តំបន់​ព្រំដែន​តែង​លូច​ឆ្លង​ដែន​ទៅ​វិញ​ទៅ​មក ដើម្បី​កាប់​ឈើ ប្រមាញ់សត្វ​ព្រៃ ឬ​ធ្វើ​ជំនួញ​គ្រឿង​ញៀន​ឆ្លង​ដែន ហើយ​ក៏​ត្រូវ​តម្រួត​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចាប់​ខ្លួន​ដូច​គ្នា។ លោក​បន្ត​ថា អាជ្ញាធរ​ព្រំដែន​ខ្មែរ​តែង​តែ​ចាប់​ពល​រដ្ឋ​លាវ​ឆ្លង​ដែន​មក​កាប់​ឈើ ឬ​ប្រមាញ់​សត្វ​ក្នុង​ដី​ខ្មែរ តែ​មិនបាន​បាញ់​សម្លាប់ ឬ​ប្រើ​អំពើ​ហិង្សា​អ្វី​ទេ តែង​តែ​ធ្វើ​ការ​អប់រំ ហើយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ៖ "ការ​សម្លាប់​មនុស្ស ទោះបី​គាត់​ឆ្លង​ដែន​ខុស​ច្បាប់​ក៏​ជា​រឿង​មួយ​ហើយ​តែ​បើ​យើង​ចាប់​បាន យើង​ត្រូវ​តែ​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​ទៅ យើង​កុំ​បាញ់​សម្លាប់​មនុស្ស​អី មើល​តែ​សត្វ​ធាតុ​អ៊ីចឹង។ ហើយ​ម៉្យាង​ទៀត​ខេត្ត និង​ខេត្ត​ហ្នឹង គួរ​សហ​ការ​គ្នា​របៀប​យ៉ាង​ម៉េច ដើម្បី​បញ្ជូន​មក​វិញ កុំ​ឲ្យ​មាន​ការ​ធ្វើ​ទារុណកម្ម ឬ​ក៏​ចាប់​អី​ខុស​ច្បាប់​អនុញ្ញាត ហើយ​បើ​សម្លាប់​វិញ​វា​ខុស​ទាំង​ស្រុង​តែ​ម្ដង"។

​សេចក្ដី​រាយ​ការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ រហូត​មក​ទល់​នឹង​ខែ​កុម្ភៈ ឆ្នាំ​២០១១ មាន​ពល​រដ្ឋ​ខ្មែរ ២១​នាក់ ត្រូវ​តម្រួត​ព្រំដែន​ប្រទេស​លាវ​ចាប់​ឃុំ​ខ្លួន​នៅ​ទឹក​ដី​លាវ អស់​រយៈ​ពេល​ជាង ២​ខែ ពី​បទ​ឆ្លង​ដែន​ចូល​ដី​លាវ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​អ្នក​ទាំង​អស់​នោះ​បាន​ដោះ​លែង​អស់​វិញ​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរខេត្ត​ស្ទឹង​ត្រែង​បាន​ស្នើ​សុំ​ពួក​គេ​ មក​វិញ ដើម្បី​ធ្វើ​ការ​អប់រំ និង​ធ្វើ​កិច្ច​សន្យា​ឈប់​ចូល​ទៅ​ទឹក​ដី​លាវ​ខុស​ច្បាប់​បន្ត​ទៀត។ ក្នុង​នោះ​ដែរ​ក៏​មាន​ពល​រដ្ឋ​ខ្មែរ​ម្នាក់ មក​ពី​ខែត្រ​ស្វាយរៀង​ត្រូវ​គេ​បាញ់​សម្លាប់ ហើយអ្នក​ភូមិ​មក​ពី​ខេត្ត​ក្រចេះ​ពី​នាក់ ត្រូវ​បាញ់​ឲ្យ​រង​របួស និង​រាប់​សិប​នាក់​ទៀត​បាន​រត់​រួច​ខ្លួន ដោយ​សារ​តែ​ឆ្លង​ដែន​ចូល​ដី​លាវ​៕ ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes