សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 4, 2011


ពលករម្នាក់រត់គេចពីការឃុំឃាំងដោយលោត
ពីអគារជាន់ទី៣
CLEC Photo
៣-មីនា-២០១១: ស្ត្រីពលករឈ្មោះ ហេង ហាក់ ដែលបាន
លោតចេញពីអគារក្រុមហ៊ុន ព្រោះចង់ជួប​ក្រុមគ្រួសារ
សម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។


ដោយ សុខ សេរី
ស្ត្រី​ជា​ពលករ​ចំណាក​ស្រុក​អាយុ ៣១​ឆ្នាំ​មួយ​រូប ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឈ្មោះ ធី អែន ភី (T&P Co., Ltd.) ឃុំឃាំង​រយៈពេល​ជា​ច្រើន​ខែ​មកហើយ​នោះ បាន​សម្រេច​ចិត្ត​លោត​ចេញ​ពី​អគារ​ផ្ទះ​ល្វែង​កម្ពស់ ៣​ជាន់ បណ្ដាល​ឲ្យ​បាក់​ជើង​ទាំង​២ ហើយ​កំពុង​តែ​រង​ការ​សង្គ្រោះ​ជា​បន្ទាន់ សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​លោក​សង្ឃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
ពលករ​រូប​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​ត្រៀម​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។
ការ​លោត​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ដោយសារ​តែ​លោកស្រី​នឹក​កូន​ពេក ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ចេញ​ពី​កន្លែង​ស្នាក់នៅ​ទេ បើ​ទោះ​បី​ជា​ពលករ​រូប​នេះ បាន​សុំ​ការ​អនុញ្ញាត​ជា​ច្រើន​ដង​កន្លង​មក​ចំនួន​ជាង ៥​ខែ​មក​ហើយ។
ពលករ​ឈ្មោះ ហេង ហាក់ អាយុ ៣១​ឆ្នាំ​មក​ពី​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​មក​ថា លោកស្រី​លែង​ចង់​ទៅ​ប្រទេស​ម៉ាឡេស៊ី ទៀត​ហើយ ៖ «ខ្ញុំ​ក្រ ខ្ញុំ​កូន​កំព្រា ក្រ​ហើយ​មេម៉ាយ ហើយ​អត់​មាន​ផ្ទះ​នៅ​អត់​មាន​ដី​នៅ។ កូន​២ ដើរ​សុំ​ផ្ទះ​គេ​នៅ»។
ឯកសារ​បញ្ជី​របស់​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ធី អែន ភី មាន​អាជ្ញាប័ណ្ណ​ពី​លេខ​៣០៦ ប.វ /ប្រ.ក។
វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​តំណាង​ក្រុមហ៊ុន​នេះ ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​បិទ​ទូរស័ព្ទ​ជា​បន្ទាន់ ហើយ​លែង​ឆ្លើយ​ទូរស័ព្ទ​តែម្ដង នៅ​ពេល​បាន​ព្យាយាម​ទាក់ទង​ជា​ថ្មី។
មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា រឿង​នេះ​ធ្ងន់ធ្ងរ ចាំបាច់​មាន​ការ​ស៊ើប​អង្កេត ៖ «បើ​សិន​ជា​ករណី​ហ្នឹង ​មាន​ការ​ឃាត់ឃាំង​គាត់​ទុក​រហូត​ដល់គាត់​សុំ​ទៅ​សួរ​សុខទុក្ខ​ក្រុម​ គ្រួសារ​ម្ដង​ជា ២​ដង មិន​ឲ្យ​រហូត​ដល់​គាត់បាន​ដាច់​ចិត្ត​លោត​បាក់​ជើង។ យើង​គិត​ថា ការ​ស៊ើប​អង្កេត និង​ត្រូវ​ធ្វើហើយ។ ខ្ញុំ​គិត​ថា នៅ​មូលដ្ឋាន​ប្រហែល​ជា​គេ​ធ្វើ​ហើយ»។
មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក ហ៊ុយ ពេជ្យសុ វណ្ណ ដែល​បាន​ចុះ​ទៅ​ជួប​ស្ត្រី​រងគ្រោះ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​ស្វែង​រក​ការ​ពិត​ជុំវិញ​រឿង​នេះ ៖ «ធ្វើការ ​ជាមួយ​អង្គការ​ដៃគូ ហើយ​និង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ ឬ License ឲ្យ​ក្រុមហ៊ុន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ»។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​ជាង ៤០.០០០​នាក់។
ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សរុប​ជាង ៤០​នាក់ បាន​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ដើម្បី​ស្វែង​រក​យន្តការ​ការពារ​ពលករ​ចំណាក​ស្រុក និង​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កម្លាំង​ពលកម្ម និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម៕ ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes