អាមេរិក បារំាងបញ្ជូនយន្តហោះទៅដឹកប្រជាជនខ្លួនចេញពីជប៉ុន
ដើម្បីសុវត្ថិភាពសុខភាពរបស់ប្រជាជនខ្លួន និងខ្លាចគ្រោះថ្នាក់នុយក្លេអ៊ែរផ្ទុះឡើងនៅភាគខាងជើងជប៉ុន ប្រទេសធំៗ ដូចជាអាមេរិក បារាំង អូស្ត្រាលីបាន អំពាវនាវ បន្តបន្ទាប់គ្នា ឲ្យជនជាតិខ្លួន ចាកចេញពីប្រទេសជប៉ុន និងជៀសវាង ធ្វើដំណើរទៅប្រទេសនេះ ក្នុងពេលនេះ បើសិនគ្មានកិច្ចការចាំបាច់។
ចាប់ពីថ្ងៃ ពុធទី ១៦ មីនា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះពីរគ្រឿង ទៅដឹកគ្រួសាររបស់បុគ្គលិកទូតរបស់ខ្លួនជាង ៦០០នាក់ចេញពីទីក្រុងតូក្យូ។ អាមេរិកក៏កំពុងពិចារណាផងដែរពីការជម្លៀសចេញ កងទ័ពខ្លួន ដែលមានចំនួន ជាង ៤ម៉ឺននាក់ នៅក្នុងប្រទេសជប៉ុន។
ប្រទេសបារាំងវិញ បានបញ្ជូនរួចហើយ យន្តហោះទៅដឹកប្រជាជនបារាំង ដែលបើតាមការប៉ាន់ស្មានមានចំនួន ជាង ៩ពាន់នាក់ នៅទូទាំងប្រទេសជប៉ុន។ កូរ៉េ ខាង ត្បូងឯណោះវិញដែលស្ថិតនៅជាប់ជប៉ុនជាងគេ បានដំឡើងម៉ាស៊ីនត្រួតពិនិត្យរកសារធាតុវិទ្យុសកម្ម សម្រាប់អ្នកដំណើរណាដែលមកពីប្រទេសជប៉ុន។
នៅថ្ងៃនេះដែរ អ្នកជំនាញនុយក្លេអ៊ែររបស់ក្រុមហ៊ុន បារាំង Areva ក្រុមហ៊ុនអគ្គិសនីបារាំង EDF មួយក្រុមបានចាកចេញទៅប្រទេសជប៉ុន ដោយនាំទៅជាមួយវត្ថុ ធាតុអាស៊ីតបូរីក (d'acide borique) ចំនួន ១០០តោន។ វត្ថុធាតុនេះត្រូវគេប្រើដើម្បីទប់ស្កាត់ការរងធាតុវិទ្យុសកម្ម។ សម្ភារៈដើម្បីប្រឆាំងនឹងធាតុវិទ្យុសកម្មក៏ត្រូវនាំយកទៅជួយប្រទេស ជប៉ុនដែរ។
ក្នុងប្រទេសជប៉ុន ក៏មានប្រជាជនខ្មែររស់នៅ ជាពិសេសនិស្សិត ដែលបានទៅបន្តការសិក្សា នៅក្នុងប្រទេសនោះ។ ពួកនិស្សិត សរុបទំាងអស់មានប្រមាណជា ៣៥០នាក់ ដែលក្នុងនោះ, ៣០០នាក់ បានទទួលអាហាររូបករណ៍ និង៥០នាក់ផ្សេងទៀត បានទៅរៀន ដោយខ្លួនឯង ឬតាមរយៈក្រុមហ៊ុនឯកជន។ ចំពោះនិស្សិតនៅទីក្រុងតូក្យូ, មានមួយចំនួនធំបានចាកចេញទៅកាន់តំបន់ផ្សេងទៀត ឆ្ងាយ ពីតូក្យូ, តែ, មានអ្នកខ្លះទៀតមិនបានចាកចេញពីតូក្យូទេ។
និស្សិតដែលបន្តស្ថិតនៅ ក្នុងទីក្រុងតូក្យូនាពេលនេះ, ច្រើនជានិស្សិតដែល ទៅរៀន ចេញលុយដោយខ្លួនឯង។ ភាគច្រើនពួកគេ រៀនផង ធ្វើការ, ដូចករណីនិស្សិត ហៃ វណ្ណា, ដែលបានរៀបរាប់ពីស្ថានភាពនៅក្នុងទីក្រុងតូក្យូ នាថ្ងៃព្រហស្បតិ៍ នេះ។ ក្រុមនិស្សិតខ្មែររៀននៅតំបន់ណា, គេបានបង្កើតឲ្យមានសមាគមមួយរបស់ខ្លួននៅតំបន់នោះ។ តើនិស្សិតខ្មែរមាន ការជួយគ្នាយ៉ាងម៉េចខ្លះ ?
ពីវិទ្យុ បារាំង អន្តរជាតិ RFI
No comments:
Post a Comment
yes