អាជ្ញាធរប្រើហិង្សាបង្ក្រាបអ្នកភូមិបឹងកក់
មនុស្ស១១នាក់ត្រូវចាប់ខ្លួន
ដោយ ខែ សុណង
2011-04-21
2011-04-21
អ្នកភូមិបឹងកក់ប្រមាណ ១០០នាក់ ត្រូវសមត្ថកិច្ចចម្រុះប្រើអំពើហិង្សាបង្ក្រាប ខណៈពួកគេប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យធ្វើអន្តរាគមន៍ទៅក្រុមហ៊ុនស៊ូកាគូ ឲ្យផ្អាកការបូមខ្សាច់លុបបឹងកក់។
បណ្ដាលឲ្យរងរបួស ខណៈពេលដែលពលរដ្ឋទាំងនោះមក
ប្រមូលផ្ដុំគ្នានៅមុខសាលារាជធានី ភ្នំពេញ។
យ៉ាងហោចណាស់មានពលរដ្ឋតំបន់បឹងកក់ចំនួន ១១នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ និងពលរដ្ឋមួយចំនួនទៀតបានរងរបួស ក្នុងគ្រាដែលកងកម្លាំងប៉ូលិសប៉េអឹម បានប្រើអំពើហិង្សាវាយបង្ក្រាបដោយខែល និងដំបងឆក់ទៅលើអ្នកតវ៉ាទាំងនោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា នៅខាងមុខសាលារាជធានីភ្នំពេញ។
អ្នកស្រី សុធន់ ពលរដ្ឋតំបន់បឹងកក់ រស់នៅភូមិ១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានថ្លែងថា កម្លាំងសមត្ថកិច្ចបានប្រើអំពើហិង្សាវាយ និងឆក់ទៅលើស្ត្រី ដោយគ្រាន់តែពួកគេទៅសុំឲ្យអាជ្ញាធរក្រុងធ្វើអន្តរាគមន៍ទៅ ក្រុមហ៊ុនឲ្យបញ្ឈប់ការបូមខ្សាច់ពន្លិចផ្ទះរបស់ពលរដ្ឋប៉ុណ្ណោះ។
អ្នកស្រីបន្តថា ៖ «គ្មានទាមទារដើម្បីអីទេ គេថា ដោះស្រាយ គេអត់ដោះស្រាយឲ្យទេ ទឹកលិចអស់ហើយ ខ្ញុំឈឺចាប់ណាស់ ខ្ញុំឈឺចាប់ជាទីបំផុត។ ខ្ញុំខ្មែរដូចតែគេដែរហេតុអីបានគេធ្វើអ៊ីចឹងដាក់ប្រជាជន? គេវាយ គេអត់មានអាណិតអាសូរប្រជាជនរកដំណោះស្រាយទេ»។
RFA/Khe Sonorng
នៅក្នុងព្រឹត្តិការណ៍បង្ក្រាបទៅលើអ្នកភូមិបឹងកក់ ដែលភាគច្រើនលើសលប់ជាស្ត្រីនោះ គេឃើញមានកម្លាំងសមត្ថកិច្ចប្រមាណជាង ១០០នាក់ បានប៉ះទង្គិចដាក់គ្នាជាច្រើនលើក។ ក្រុមបង្ក្រាបបានវាយដោយដំបងឆក់ និងលើកអ្នកភូមិបោះចូលទៅលើរថយន្ត រួមទាំងមានការរុញច្រានគ្នាទៅវិញទៅមកជាមួយអ្នកភូមិ។ ការប៉ះទង្គិចនេះបានបង្កឲ្យស្ត្រីចំនួន ៣នាក់បានសន្លប់ ស្ត្រីវ័យជាង ៧០ឆ្នាំម្នាក់រងរបួសក្បាល និងស្ត្រី ៩នាក់ ព្រមទាំងក្មេងប្រុសអាយុ ១១ឆ្នាំ ២នាក់ទៀត ត្រូវគេចាប់បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ។
នៅថ្ងៃនេះដែរ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយសរសេរថា បន្ទាប់ពីអ្នកភូមិបានជួបពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ រួមមក សហគមន៍នៅតែតវ៉ា ពីព្រោះពុំមានលទ្ធផលជាវិជ្ជមាននោះ កងកម្លាំងប្រដាប់អាវុធបានចូលវាយបំបែកអ្នកភូមិ ដោយធ្វើការវាយដំ ឆក់នឹងដំបងឆក់ ទាត់ ធាក់ទៅលើអ្នកភូមិយ៉ាងសាហាវឃោរឃៅនៅចំពោះមុខមន្ត្រីសាលារាជធានី ដែលបានឈរឱបដៃមើលអំពើហិង្សានេះ។
លោក អំ សំអាត អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានចាត់ទុកការបង្ក្រាបរបស់កម្លាំងប៉ូលិសប៉េអឹមនេះថា ជាការប្រើប្រាស់អំពើហិង្សារំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ៖ «ខ្ញុំ គិតថា ការប្រើប្រាស់នេះគឺវាជ្រុលហើយ ទោះបីយើងបញ្ចៀសការប៉ះពាល់សណ្ដាប់ធ្នាប់ក៏ដោយ ក៏ត្រូវដោះស្រាយទៅតាមសន្តិវិធីឲ្យអស់លទ្ធភាពសិន យើងមិនកាន់ជើងទេ ថាមានទៅមានមកដែរ ប៉ុន្តែគ្រាន់ថា ប្រជាជនគាត់ប្រើទឹកសុទ្ធ ឬក៏ដៃអីរុញច្រានណាស់ ប៉ុន្តែយ៉ាងណាយើងអាជ្ញាធរត្រូវអត់ធ្មត់ជាងប្រជាពលរដ្ឋ និងដោះស្រាយទៅតាមនីតិវិធីផងដែរ»។
តែទោះជាយ៉ាងណា រហូតមកដល់ម៉ោង ៤រសៀលនេះ គេនៅពុំទាន់ដឹងថា មនុស្សចំនួន ១១នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនទៅស្នងការដ្ឋាន រាជធានីភ្នំពេញ នឹងត្រូវសម្រេចដោះលែង ឬយ៉ាងណានោះទេ៕
ពីវិទ្យុ អាស៊ីសេរី
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes