Sunday, May 15, 2011


អង្គការ១៤៩ថ្កោលទោសថៃក្នុងរឿងជម្លោះព្រំដែន

ជាមួយកម្ពុជា

ដោយ ដែន អយុធ្យា
2011-05-14


តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១៤៩ ស្ថាប័ន​នៅ​កម្ពុជា បាន​ប្រតិកម្ម​តប​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​​ថៃ ដែល​សង្គម​ស៊ីវិល​ទាំង​នេះ​បាន​អះអាង​ថា ភាគី​ថៃ​កំពុង​បង្ហាញ​ពី​ភាព​ក្រឡេចក្រឡុច​គេចវេះ​មិន​ព្រម​ទទួល​យក​កម្លាំង ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​​សង្កេតការណ៍​នៅ​តំបន់​មាន​ជម្លោះ។

AFP PHOTO/PORNCHAI KITTIWONGSAKUL
ទាហានថៃ នៅយាមកាមក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ

លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅជំរំបណ្ដោះអាសន្ន

បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅខេត្តសុរិន្ទ ជិតព្រំដែនកម្ពុជា-ថៃ

កាលពីថ្ងៃទី២៧ សីហា ២០១១។

​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា បាន​សម្ដែង​ប្រតិកម្ម ថ្កោល​ទោស​រដ្ឋាភិ​បាល​ថៃ ដោយ​ពួកគេ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា រដ្ឋាភិបាល​ថៃ​កំពុង​ព្យាយាម​ទាត់​ចោល​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​ថ្នាក់ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-​ថៃ និង​ឥណ្ឌូណេស៊ី នៅ​ទីក្រុង​ហ្សាកាតា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១១។

​ការ​បញ្ចេញ​ប្រតិកម្ម​តប​នេះ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ថា បើ​កម្ពុជា​មិន​ដកទ័ព​ចេញ​ពី​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡាក្បែរ​ប្រាសាទ​ព្រះវិហារ​ទេ ប្រទេស​ថៃ​នឹង​មិន​អនុម័ត​លើកិច្ច​ព្រមព្រៀងទទួល​យក​អ្នក​សង្កេត​ការណ៍​ ឥណ្ឌូណេស៊ី មក​តំបន់​ព្រំដែន​នោះ​ទេ។


លទ្ធផល​នៃ​កិច្ច​ប្រជុំ​ត្រី​ភាគី​កម្ពុជា-​ថៃ និង​ឥណ្ឌូណេស៊ី នៅ​ទីក្រុង​ហ្សាកាតា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា បាន​សម្រេច​លើ​កញ្ចប់​វិធានការ​មួយ​មាន​ចំនួន ៦​ចំណុច ក្នុង​នោះ​រដ្ឋាភិបាល​ថៃ បាន​សន្យា​ថា នឹង​ចុះ​ហត្ថលេខា​ទទួល​យក​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​អ្នក​សង្កេត​ការណ៍​ ឥណ្ឌូណេស៊ី ដោយ​មិន​និយាយ​ពី​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ដកទ័ព​ចេញ​ពី​ព្រះវិហារ និង​តំបន់​ជុំវិញ​នោះ​ទេ។


​លោក ថៅ វាសនា ប្រធាន​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ដែល​អះអាង​ជា​តំណាង​សង្គម​ស៊ីវិល​ចំនួន ១៤៩​ស្ថាប័ន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែឧសភា បាន​ចាត់​ទុក​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ថៃ បាន​បង្ហាញ​ពី​ពុតត្បុត​អាក្រក់ និង​បង្ហាញ​ឲ្យ​សាធារណៈ​មតិ​ជាតិ អន្តរជាតិ ឃើញ​កាន់​តែ​ច្បាស់​ថា ថៃ​គ្មាន​ឆន្ទៈ​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ដោយ​សន្តិវិធី​នោះ​ទេ។


​បន្ថែម​លើស​នេះ ថៃ​ក៏​កំពុង​ព្យាយាម​ចិញ្ចឹម​ទំនាស់ និង​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៃ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ ខ្លួន និង​កំពុង​ប្រើ​យន្តការ​សង្គ្រាម


ដើម្បី​ឈ្លានពាន​​ចង់​កាន់កាប់​ទឹក​ដី​កម្ពុជា។


​លោក ថៅ វាសនា ដែល​ជា​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា-​អាស៊ាន ផង​នោះ បាន​ចាត់​ទុល​ភាព​ក្រឡេចក្រឡុច​របស់​ថ្នាក់ដឹកនាំ​ថៃ​ថា បាន​និង​កំពុងបន្ទច់​បង្អាក់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ អន្តរជាតិ ជា​ពិសេស​ក្រុម​ប្រឹក្សា


សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​អាស៊ាន ក្នុង​ការ​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។


​ស្រដៀង​គ្នា​ដែរ លោក ឈាង វណ្ណារិទ្ធ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព ក្រៅ​ពី​ថ្លែង​ថ្កោល​ទោស​ចំពោះ​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ ​កំពូលៗ​រដ្ឋាភិបាល​ថៃ មន្ត្រី​រូប​នេះ​ក៏​បាន​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ថៃ ថា​មិន​មាន​ចេតនា​ពិត​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​សន្តិភាព​នោះ​ទេ។


​លោក​បន្ត​ថា ៖ «សហគមន៍​នៅ​ក្នុង​តំបន់​មាន​ការ​សោកស្ដាយ​ចំពោះ​ភាព​ផ្លាស់ប្ដូរ ឬ​ក៏​ភាព​ក្រឡេចក្រឡុច​របស់​ថៃ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ គឺ​បាន​បញ្ជាក់​ថា ថៃ​មិន​មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ដោះស្រាយ​ជម្លោះ​ទេ គឺ​ថៃ​នៅ​តែ​បន្ត​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ខ្លួន ហើយ​ដាក់​លក្ខខណ្ឌ​ដែល​មិន​អាច​ទទួល​យក​បាន ដើម្បី​បន្ទច់បង្អាក់​ទៅ​នឹង​​​​ដំណើរ​​ការ​នៃ​ការវិវត្តន៍​ក្នុង​ការ​ ដោះស្រាយ​ជម្លោះ ដោយ​យើង​ទទួល​យក​នូវ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។ ជា​អ្វី​មួយ​សោកស្ដាយ ហើយ​បង្ហាញ​ថា ថៃ​មិន​មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ទេ»។


​ជម្លោះ​នេះ​ដែរ លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម បាន​ថ្លែង​ដោយ​ដាក់​ក្ដី​សង្ឃឹម​ទៅ​លើ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ និង​ការ​បក​ស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ឆ្នាំ​១៩៦២ ទើប​អាច​បញ្ចប់​​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ បាន។


​លោក ប៉ូ សំណាង បន្ថែម ៖ «យើង​មិន​បាច់​ទៅ​វែង​ឆ្ងាយ​ជាមួយ​ភាគី​ថៃ​ទៀត​ ទេ ពីព្រោះ​យើង​ឃើញ​ថា បំណង​របស់​គេ គេ​រាំង​ស្ទះ​បាត់​ទៅ​ហើយ គឺ​គេ​មាន​លំនឹង​របស់​គេ​ខ្ពស់​នៅ​ក្នុង​អាស៊ាន រួច​ហើយ។ ដូច្នេះ​កម្ពុជា សង្ឃឹម​តែ​ទៅ​លើ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ និង​សាលក្រម​តុលា​ការយុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២ លើក​យក​មក​បកស្រាយ​នោះ»។


​អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក រីឆាត រ៉ោត ជែម (Richard Riot Jaem) ថ្មីៗ​នេះបាន​ប្រាប់​កាសែត​ថា ជម្លោះ​ព្រំដែន​​កម្ពុជា-​ថៃ ប្រសិន​បើ​ថៃ​ឯកភាព និង​គោរព​កិច្ចព្រមព្រៀង​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មាន​វត្តមាន​នៅ​តំបន់​មាន​ជម្លោះ គឺ​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​នឹង​មិន​អាច​កើត​ទៀត​ទេ។


​យ៉ាង​ណា​ក៏ដោយ សេចក្ដី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា តំណាង​ឲ្យស្ថាប័ន​ឯករាជ្យ​ចំនួន ១៤៩ នៅ​កម្ពុជា បាន​ថ្កោល​ទោស​ចំពោះ​ការ​អនុវត្ត​នយោបាយ​វាតទី​និយម​​របស់​ថ្នាក់ដឹកនាំ​ ថៃ ប្រឆាំង​នឹង​កម្ពុជា ដែល​តែង​​បង្កឡើង​ជា​ញឹកញាប់​ក្នុង​មហិច្ឆតា​នយោបាយ​ខ្ចប់​ទ្វារ​វាយ​ កម្ពុជា ដើម្បី​បម្រើឲ្យ​យុទ្ធសាស្ត្រ​ឈ្លានពាន​​ទឹក​ដី​សំអាង​លើ​ផែនទី​ឯកតោ​ភាគី​ នោះ។


​កាល​ពី​ថ្ងៃ​ទី​១០ ខែ​​ឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បន្ទាប់​ពី​​វិល​ត្រឡប់​​ពី​ចូល​រួម​ប្រជុំ​ត្រី​ភាគី​កម្ពុជា ថៃ ឥណ្ឌូណេស៊ី បានឲ្យ​អ្នក​កាសែត​ដឹង​ថា កិច្ច​ព្រមព្រៀង​ជា​កញ្ចប់ ៦​ចំណុច​ ដែល​កម្ពុជា-​ថៃ បាន​ព្រមព្រៀង​ជាមួយ​គ្នា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ក្លាយ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ​ក្រោយ​ពី​ការ​រំលាយ​សភា​ក៏ដោយ ក៏​រដ្ឋាភិបាល​នេះ​នៅ​ដំណើរ​ការ​ជា​ធម្មតា ហើយ​ថា ប្រទេស​នីមួយៗ​នឹង​ស្នើ​ទៅរដ្ឋាភិបាល​របស់​ខ្លួន​ឲ្យ​ទទួល​យក​ការ​​ព្រមព្រៀង​ជា​កញ្ចប់​នេះ ដោយ​វិជ្ជមាន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។


​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំពោះ​បញ្ហា​ព្រំដែន​ថា ជា​ឆន្ទៈ​របស់​ពួកគេ។ ប៉ុន្តែ​ជម្លោះ​ព្រំដែន​នេះ រដ្ឋាភិបាល​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ការ​បកស្រាយ​សាលក្រម​ពី​ស្ថាប័ន​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​កម្ពុជា​បាន​ស្នើ​កិច្ច​អន្តរាគមន៍​រួច​ហើយ​នោះ។


​លោក ផៃ ស៊ីផាន បន្ថែម ៖ «គ្មាន​អ្វី​ក្រៅ​ពី​អនុវត្តន៍​នូវ​ស្មារតី​របស់ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​និង​ការ​គោរព​នូវ​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​របស់​អាស៊ាន»។


​បន្ថែម​លើ​នេះ សង្គម​ស៊ីវិល​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​មហិច្ឆតា​ល្មោភ​សង្គ្រាម និង​បញ្ឈប់​សកម្មភាព​ឈ្លានពាន ដែល​ថៃ​បង្ក​មក​លើ​កម្ពុជា ក៏​ដូច​ជា​បញ្ចៀស​នូវ​ការ​បាត់បង់​អាយុ​ជីវិត មនុស្ស​ជាតិ​ទាំង​សងខាង។


​ទោះ​ជា​បែប​ណា​ក្ដី តំណាង​​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល និង​សហជីព​ចំនួន ១៤៩​ស្ថាប័ន​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​នូវ​​ជំហរ​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​ថា កម្ពុជា​​មិន​អាច​ដក​កងទ័ព និង​ប្រជាពលរដ្ឋ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ឬ​ចេញ​ពី​តំបន់ ៤,៦​គីឡូ​ម៉ែត្រ​​ក្រឡា​​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ដែល​ថៃ​បាន​ទាមទារ​នោះ​ទេ៕


ពីវីទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes