ហាណូយ៖ ប្រទេសវៀតណាម បានរៀបចំការបោះឆ្នោតសភានៅថ្ងៃអាទិត្យនេះ ដែលជាការបោះឆ្នោតមួយត្រូវបានគេរៀបចំឡើងដើម្បីរក្សាការកាន់ កាប់អំណាចរបស់បក្សកុម្មុយនីស្ត ប៉ុន្តែ មិនមែនជាការផ្តល់តួនាទីកាន់តែសកម្មសម្រាប់សភាជាតិនៅក្នុងការ រៀបចំគោលនយោបាយនោះឡើយ។
ប្រជាពលរដ្ឋនៅរដ្ឋធានីហាណូយ បានធ្វើដំណើរប្រុយៗចូលទៅស្ថានីយបោះឆ្នោតនៅទូទាំងទីក្រុងដ៏ ភ្លឺចិញ្ចែងចញ្ចាចមួយនេះ ដែលមានស្លាកពណ៌ក្រហមអំពាវនាវឲ្យប្រជាជនបំពេញកាតព្វកិច្ចស្នេហា ជាតិ និងការបោះឆ្នោត។
ផ្ទាំងប៉ាណូធំៗ បានបង្ហាញនូវក្រុមកម្មករប្រកបដោយមោទនភាពដែលបានទម្លាក់សន្លឹក ឆ្នោត ហើយឧបករណ៍បំពងសម្លេងរបស់ប្រព័ន្ធឃោសនាការស្តីពីការបោះឆ្នោតនេះ បានចាក់ចម្រៀងជាតិនិយម។
ក្រុមអ្នកបោះឆ្នោតនឹងជ្រើសរើសយកគណៈប្រតិភូចំនួន ៥០០នាក់ ពីក្នុងចំណោមបេក្ខជន ៨២៧នាក់នៅទូទាំងប្រទេស នៅក្នុងការបោះឆ្នោតនេះ ដែលត្រូវបានរៀបចំជាធម្មតារៀងរាល់ ៥ឆ្នាំម្តង។ គណៈប្រតិភូប្រហែល ៩០ភាគរយ ត្រូវបានគេរំពឹងថាជាសមាជិកបក្សកុម្មុយនីស្ត ហើយក្រៅពីនោះគឺជាបេក្ខជនឯករាជ្យ។
លទ្ធផលនៃការបោះឆ្នោតត្រូវបានគេរំពឹងទុកថានឹងចេញនៅក្នុងរយៈពេល ១សប្តាហ៍។
បក្សកុម្មុយនីស្ត បានចាត់ទុកការបោះឆ្នោតនេះគឺជាបង្ហាញឲ្យនូវលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ ការបែងចែកមិនយុត្តិធម៌ និងការជ្រើសរើសបេក្ខជនដោយប្រុងប្រយ័ត្ន ពុំមានអ្វីភ្ញាក់ផ្អើលធំដុំឡើយ។
សភានេះត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅខែកក្កដា ដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីមួយ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ង្វៀន តាន់ដុង ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងក្លាថានឹងរក្សាតំណែងរបស់គាត់។
និស្សិត ង្វៀន ស៊ួនដុង នៃសាកលវិទ្យាល័យហាណូយ បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា តំណាងរាស្ត្រជាប់ឆ្នោតថ្មី នឹងនាំមកនូវកំណែ និងការផ្លាស់ប្តូរទម្រង់ថ្មីៗ ជាមួយនឹងគំនិតថ្មី ដើម្បីធ្វើឲ្យសង្គមរបស់យើងកាន់តែប្រសើរជាងមុន»។
បន្ទាប់ពីទម្លាក់សន្លឹកឆ្នោតរួច ប្រធានបក្សកុម្មុយនីស្តលោក ង្វៀន ភូទ្រុង បានថ្លែងថា ប្រទេសជួបប្រទះឧបសគ្គជាច្រើន ក្នុងនោះមានទាំងសេដ្ឋកិច្ច ហើយបានកត់សម្គាល់ថា កម្លាំងបង្កអរិភាព ដែលចង់សម្តៅដល់ក្រុមនានា និងបុគ្គលនានា ដែលបានប្រឆាំងនឹងបក្សកុម្មុយនីស្តនោះ នៅតែកំពុងរៀបចំផែនការបំផ្លាញប្រទេសជាតិ។
លោកថ្លែងថា៖ «ប៉ុន្តែ ដូចតាមទម្លាប់របស់យើងអញ្ចឹង យើងពិតជាយកឈ្នះរាល់ឧបសគ្គទាំងនេះ ហើយរួមគ្នាជាថ្លុងមួយដើម្បីកសាងជាតិដ៏ខ្លាំងក្លាមួយ»។
ចំនួនបេក្ខជនឯករាជ្យ ដែលត្រូវបានគេអនុញ្ញាតឲ្យឈរឈ្មោះនោះ មានចំនួនតិចជាងការបោះឆ្នោតឆ្នាំ២០០៧ ទៅទៀត៕
ប្រែសម្រួល ឌិត សុខធី
ពីគេហទំព័រ ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes