Wednesday, May 25, 2011


រ៉ុង ឈុន ហៅការបង្ក្រាបរបស់អាជ្ញាធរ

ជារូបភាពដ៏អាក្រក់

លោក រ៉ុង ឈុន ក្នុងការដឹកនាំបាតុកម្មរបស់កម្មកររោងចក្រមិថុនា

(រូប៖CEN)


ផែន​ការ​របស់​សហភាព​សហជីព​កម្ពុជា​ដែល​ថា នឹង​នាំ​ក្រុម​កម្មកររោងចក្រ​មិថុនា​ដង្ហែ​ក្បួន​បាតុកម្ម​ទៅ​កាន់​ទីលាន​ សេរីភាព​នៅ​ព្រឹក​មិញ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោង​ចក្រ​ផ្ដល់​ប្រាក់​ បំណាច់​ឆ្នាំ​ដល់​ពួក​គេ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១រយ​ដុល្លារ​ក្នុង​មួយ​ ឆ្នាំ​នោះ​ត្រូវ​ទទួល​បរាជ័យ បន្ទាប់​ពី​មាន​ការ​បង្រ្កាប​យ៉ាង​សាហាវ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​រាប់​ រយ​នាក់។ លោក រ៉ុង ឈុន បាន​ហៅ​ការ បង្រ្កាប​នោះ​ថា ជា​រូប​ភាព​ដ៏​អាក្រក់​បំផុត។


គ្រាន់​តែ​រៀបចំ​ប្រកូក​ប្រកាស​ចេញ​ក្បួន​ ក្រុម​នគរបាល​បាន​ស្ទុះ​មក​ហ៊ុមព័ទ្ធ​កម្មករ​ដែល​មាន​គ្នា​រាប់​ពាន់​នាក់​ និង​ដណ្ដើម​ប្រតាយ​ប្រតប់​យក​ក្បាល​មីក្រូ​ពី​លោក រ៉ុង ឈុន ដែល​ធ្វើ​ឲ្យ​ប្រធាន​សហភាព​សហ​ជីព​រូប​នេះ​រង​របួស​ត្រង់​ដៃ។ ប៉ុន្ដែ​យ៉ាង​ណា​ក៏ដោយ​លោក រ៉ុង ឈុន ​​ពុំ​មាន​គម្រោង​ប្ដឹង​ចំពោះ​បញ្ហា​នេះ​ទេ​ ដោយ​គ្រាន់​តែ​ចាត់​ទុក​ថា វាជា​អំពើ​គួ​ឲ្យ​អាម៉ាស់​របស់​អាជ្ញាធរ​រដ្ឋាភិបាល។


លោក ​រ៉ុង ​ឈុន បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី​ថា «ពួក​អាជ្ញាធរ​បាន​ត្រៀម​ចាំ​ពួក​ខ្ញុំ​ ទុក​ដូច​ពួក​ខ្ញុំ​មិន​មែន​ខ្មែរ​អញ្ចឹង, បើ​យើង​មើល​វាជា​រូបភាព​អាក្រក់​មែន​ទែន​ សឹង​តែ​រក​លេខ​ដាក់​គ្មាន»។


គួរ​បញ្ជាក់​ថា រោងចក្រ​ជូតិចថាយ៏​ដែល​គេ​ស្គាល់​ថា រោងចក្រ​មិថុនា​មានទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​សហភាព​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែនសុខត្រូវ​​បាន​បំផ្លាញ​ដោយ​អគ្គីភ័យ​កាល​ពី​ចុង​ខែ​មិនា​កន្លង​ទៅ។ មូល​ហេតុនេះ​បាន​ក្លាយ​ជា​សំអាង​ដែល​ត្រូវ​បាន​ភាគី​រោងចក្រ​ស្នើ​ឲ្យ​ កម្មករ​ទទួលយក​ប្រាក់​បំណាច់​ប្រចាំឆ្នាំ​របស់​ពួក​គេ​ត្រឹម​២០ដុល្លារ​ ក្នុង​១ឆ្នាំ។ ប៉ុន្តែ​ភាគីកម្មករ​បាន​បដិសេធ​មិន​ទទួល​យក​ឡើយ។ ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ទាមទារជា​ហូរ​ហែ។


នៅ​ព្រឹក​មិញ​តាម​គម្រោង​លោក រ៉ុង ឈុន និង​ក្រុម​កម្មករ​គ្រោង​នាំ​ញត្តិទៅ​កាន់​ស្ថាន​ទូត​អាមេរិក និង​សហគមន៍​អឺរ៉ុប​ជាផ្នែក​ដាក់​សម្ពាធ​ក្នុង​សកម្មភាព​ទាមទារ​ឲ្យ​ថៅកែ​ រោងចក្រ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ១រយ​ដុល្លារ​សម្រាប់​ឆ្នាំដែល​ពួក​គេ​ បាន​បំរើ​ការងារ។ ដោយ​លោក រ៉ុង ឈុន បាន​ពន្យល់​ដូច្នេះ​ថា ការ​ឆេះ​រោងចក្រ​វា​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​អ្នក​គ្រប់គ្រង​រោង ចក្រ​វាមិន​មែន​ជា​ករណី​ប្រធាន​សក្ដិ​ទេ, ករណី​ប្រធាន​សក្ដិ​លុះត្រា​តែ​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ​ដូចជា​ទឹក​ជំនន់ គ្រោះ​រញ្ជួយ​ដី​ជា​ដើម​នោះ។ ដូច្នេះ​បញ្ហា​នេះ​ភាគី​រោងចក្រ​ត្រូវ​តែ​ដោះ​ស្រាយ​ប្រាក់​បំណាច់​ឆ្នាំឲ្យ ​ដល់កម្មករ​ឲ្យ​បាន​សមរម្យ​តាម​ការ​ទាម​ទារ​នេះ។ ដោយ​លោក រ៉ុង ​ឈុន បាន​ព្រមាន​ថា បើ​សិន​ជា​ភាគី​រោង​ចក្រ​មិន​ដោះ​ស្រាយ​ឲ្យ​កម្មករ​ទេ សហភាព​សហជីព​កម្ពុជា​នឹង​មាន​វិធី​ជាច្រើន​ទៀត​ដើម្បី​ដាក់​សម្ពាធ​ដល់​ភាគី ​រោង​ចក្រឲ្យ​ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ៕


ពីគេហទំព័រ សារព័ត៌មានសេររី

No comments:

Post a Comment

yes