Thursday, June 16, 2011

កម្ពុជា-ថៃ នឹងជួបពិភាក្សាគ្នាអំពីផែនការអភិរក្សប្រាសាទព្រះវិហារ

 មន្រ្តី​ប្រទេស​កម្ពុជា និង​ថៃ​គ្រោង​នឹង​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ មុន​កិច្ច​ប្រជុំ​របស់​គណ​កម្មការ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ចុង​សប្តាហ៍​នេះ។

 យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​ដក​ស្រង់​សម្តី​របស់​អ្នក​នាំពាក្យ​រដ្ឋា ​ភិបាល​ថៃ​លោក ប៉ានីតាន វ៉ាតណាយ៉ាកន មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ សូវីត ឃុនគិទិ នឹង​ជួប​ប្រជុំ​ជា​លក្ខណៈ​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ។ ហើយ​កិច្ច​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​ចាប់​ផ្តើម​ នៅ​ថ្ងៃ​ស្អែក​នេះ។

 អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ថៃ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ព្យាយាម​ស្វែង​រក​ចំណុច​រួម​រវាង​កម្ពុជា និង​ថៃ​លើ​ផែន​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ។

 គួរ​បញ្ជាក់​ថា កិច្ច​ពិភាក្សា​រវាង​មន្រ្តី​កម្ពុជា និង​ថៃ​អំពី​ប្រាសាទ​ព្រះវិហារ​នេះ គឺ​ធ្វើ​ឡើង​មុន​​កិច្ច​ប្រជុំ​រយៈ​ពេល​១០​ថ្ងៃ របស់​គណកម្មការ​បេតិកភណ្ឌ​ពិភព​លោក​ នៃ​អង្គការ​យូណេស្កូ​ ដើម្បី​ពិចារណា​លើ​ផែន​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា​នោះ៕

 ពីសារព័ត៌មានសេរី

No comments:

Post a Comment

yes