អ្នកភូមិបឹងកក់ជាង៣០០នាក់ទាមទារឲ្យសាលា
ក្រុងពន្លឿនការបែងចែកទំហំដី
ពលរដ្ឋសហគមន៍បឹងកក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ាកន្លងមក (រូប៖FPM)
ក្រុមអ្នកភូមិសហគមន៍បឹងកក់ប្រមាណជាង៣រយនាក់នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើការទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញពន្លឿនការបែងចែក កម្មសិទ្ធិដីធ្លីឲ្យដល់ពួកគេដូចដែលមាននៅក្នុងគម្រោងគឺ ៤មx១៦ម។
អ្នកស្រី ណន់ សុខេង តំណាងអ្នកភូមិ២៣បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរីថា «ខ្ញុំចង់ឲ្យសាលាក្រុងភ្នំពេញធ្វើការវាស់វែងឲ្យបានឆាប់ៗ និងឆាប់ជំរុញការវាស់វែងទំហំដី ៤x១៦ ឲ្យដល់ប្រជាពលរដ្ឋផង, ដែលប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំ»។
ការទាមទារបានធ្វើឡើងខណៈដែលអនុគណៈកម្មាធិការមួយរបស់សាលាក្រុងបាន ចុះទៅធ្វើការវាស់វែងទៅលើដីរបស់អ្នកភូមិ ហើយពុំបាននិយាយពីសំណើដី ៤មx១៦ម ដែលនាំឲ្យមានការភ័យព្រួយពីសំណាក់អ្នកភូមិ។
តំណាងអ្នកភូមិរូបនេះបានលើកឡើងដូច្នេះថា «ពួកខ្ញុំបានស្នើសុំឲ្យសាលាក្រុងចាត់ការទំហំដី ៤x១៦ ប៉ុន្ដែសាលាក្រុងបានឆ្លើយថា ពួកគាត់គិតមួយជំហានៗសិន, ហើយបញ្ហានេះចាំជំហានក្រោយៗទៀត»។ ដោយអ្នកស្រីបានលើកឡើងថា អនុគណៈកម្មាធិការមួយបានបង្កើតឡើងកាលពីម្សិលមិញដោយសាលាក្រុងដែល មានការចូលរួមពីអ្នកភូមិ ប៉ុន្ដែត្រូវបានបដិសេធការចូលរួមពីតំណាងសង្គមស៊ីវិល។ នោះគឺជាអ្វីដែលតំណាងអ្នកភូមិរូបនេះលើកឡើងថា សាលាក្រុងបាននិយាយប្រាប់អ្នកភូមិថា «នេះជារឿងរវាងសាលាក្រុងនិងអ្នកភូមិតែប៉ុណ្ណោះ»។
ប៉ុន្ដែយ៉ាងណាក៏ដោយបើតាមអ្នកស្រី ណន់ សុខេង ឲ្យដឹងថា ក្នុងនាមអនុគណៈកម្មាធិការពួកគាត់នឹងធ្វើសំណើសុំអនុសាសន៍ឲ្យមាន ការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលផ្សេងៗដើម្បីជួយអ្នកភូមិដែល ភាគច្រើនជាស្រ្ដី និងខ្វះចំណេះដឹង។
គួរបញ្ជាក់ថា អ្នកភូមិសហគមន៏បឹងកក់ដែលនៅសេសសល់ចុងក្រោយជាង១ពាន់គ្រួសារបាន ធ្វើការទាមទារឲ្យសាលាក្រុងភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូអ៊ីននៃព្រឹទ្ធសមាជិក ឡាវ ម៉េងឃីន ពីបក្សប្រជាជនកម្ពុជាដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើតំបន់ដែលពួក គាត់កំពុងតែរស់នៅផ្ដល់ដីមកឲ្យពួកគាត់ទំហំ ៤មx១៦ម ចំពោះផ្ទះដែលមានទំហំតូចសម្រាប់ការសាងសង់នៅដ្ឋាននៅនឹងកន្លែង ផ្ទាល់ដីដោយគ្មានអ្នករស់នៅពីខាងលើ។ ចំណែកប្រជាពលរដ្ឋដែលមានដីធំត្រូវផ្ដល់ឲ្យតាមទំហំដីជាក់ស្ដែង។ ដែលជាការទាមទារប្រកបដោយភាពចម្រូងចម្រាស់ និងជូរចត់រវាងអ្នកភូមិ និងក្រុមហ៊ុន៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes