Friday, June 24, 2011

អ្នកភូមិបឹងកក់ជាង៣០០នាក់ទាមទារឲ្យសាលា
ក្រុងពន្លឿនការបែងចែកទំហំដី

ពលរដ្ឋសហគមន៍បឹងកក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ាកន្លងមក (រូប៖FPM)

ក្រុម​អ្នកភូមិ​សហគមន៍​បឹងកក់​ប្រមាណ​ជាង​៣រយ​នាក់​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពន្លឿន​ការ​បែង​ចែក​ កម្មសិទ្ធិដីធ្លី​ឲ្យ​ដល់​ពួក​គេ​ដូច​ដែល​មាន​នៅ​ក្នុង​គម្រោង​គឺ ៤មx១៦ម។

​អ្នកស្រី ណន់ សុខេង តំណាង​អ្នក​ភូមិ​២៣​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី​ថា «ខ្ញុំ​ចង់​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ធ្វើ​ការ​វាស់វែង​ឲ្យ​បាន​ឆាប់ៗ​ និងឆាប់​ជំរុញ​ការ​វាស់​វែង​ទំហំដី ៤x១៦ ឲ្យ​ដល់​ប្រជាពល​រដ្ឋ​ផង,​ ដែល​ប្រជាពល​រដ្ឋ​កំពុង​តែ​ទន្ទឹង​រង់ចាំ»។

​ការ​ទាមទារ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​អនុ​គណៈកម្មាធិការ​មួយ​របស់​សាលា​ក្រុង​បាន ​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​ទៅ​លើ​ដី​របស់​អ្នក​ភូមិ ហើយ​ពុំ​បាន​និយាយ​ពី​សំណើ​ដី ៤មx១៦ម ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​​ព្រួយ​ពី​សំណាក់​អ្នកភូមិ។

​តំណាង​អ្នកភូមិ​រូប​នេះ​បាន​លើក​ឡើង​ដូច្នេះ​ថា «ពួក​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​សាលា​ក្រុង​ចាត់ការ​ទំហំ​ដី ៤x១៦ ប៉ុន្ដែ​សាលាក្រុង​បាន​ឆ្លើយ​ថា ពួក​គាត់​គិត​មួយ​ជំហានៗ​សិន, ហើយ​បញ្ហា​នេះ​ចាំ​ជំហាន​ក្រោយៗ​ទៀត»។ ដោយ​អ្នកស្រី​បាន​លើក​ឡើង​ថា អនុ​គណៈ​កម្មាធិការ​មួយ​បាន​បង្កើត​ឡើង​កាល​ពីម្សិលមិញ​ដោយ​សាលាក្រុង​ដែល​ មាន​ការ​ចូលរួម​ពី​អ្នក​ភូមិ ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​ការ​ចូល​រួម​ពី​តំណាង​សង្គម​ស៊ីវិល។ នោះ​គឺ​ជាអ្វី​ដែល​តំណាង​អ្នកភូមិ​រូប​នេះ​លើក​ឡើង​ថា សាលាក្រុង​បាន​និយាយ​ប្រាប់​អ្នកភូមិ​ថា «នេះ​ជា​រឿង​រវាង​សាលាក្រុង​និង​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ»។

​ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​បើ​តាម​អ្នកស្រី ណន់ សុខេង ឲ្យ​ដឹង​ថា ក្នុង​នាម​អនុ​គណៈកម្មាធិការ​ពួក​គាត់​នឹង​ធ្វើ​សំណើ​សុំ​អនុសាសន៍​ឲ្យ​មាន​ ការ​ចូល​រួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ដើម្បី​ជួយ​អ្នកភូមិ​ដែល ​ភាគ​ច្រើន​ជា​ស្រ្ដី និង​ខ្វះ​ចំណេះ​ដឹង។

​គួរ​បញ្ជាក់​ថា អ្នក​ភូមិ​សហគមន៏​បឹងកក់​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​ជាង​១ពាន់​គ្រួសារ​បាន​ ធ្វើ​ការ​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​នៃ​ព្រឹទ្ធសមាជិក ឡាវ ម៉េងឃីន ពី​បក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ដែល​ពួក​ គាត់​កំពុង​តែ​រស់​នៅ​ផ្ដល់ដី​មក​ឲ្យ​ពួក​គាត់​ទំហំ ៤មx១៦ម ចំពោះ​ផ្ទះ​ដែល​មាន​ទំហំតូច​សម្រាប់​ការ​សាងសង់​នៅ​ដ្ឋាន​នៅ​នឹង​កន្លែង​ ផ្ទាល់​ដី​ដោយ​គ្មាន​អ្នក​រស់​នៅ​ពី​ខាង​លើ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មាន​ដីធំ​ត្រូវ​ផ្ដល់​ឲ្យ​តាម​ទំហំដី​ជាក់​ស្ដែង។ ដែល​ជា​ការ​ទាម​ទារ​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់ និង​ជូរ​ចត់​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន៕​


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes