សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 21, 2011

 ក្រុមហ៊ុននាំចេញអង្ករកម្ពុជា នឹងចាប់ផ្តើមនាំអង្ករ
ទៅចិនជាលើកដំបូងនៅឆ្នាំនេះ

 
ភ្នំពេញៈ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​ស្តី​ពី​ការ​នាំ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​កាល​ ពី​ពេល ​ថ្មី​ៗ​នេះ​មក ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ​ធំ​​ៗ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​​ថា​ គេ​​នឹង​ចាប់​ផ្តើម​​នាំ​អង្ករ​ចេញ​​សាក​ល្បង​ជា​លើក​ដំបូង​ទៅ​កាន់​ទីផ្សារ ​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​២០១១​នេះ។

​លោក ​លឹម ​ប៊ុនហេង​ អគ្គ​នាយក​ក្រុម​ហ៊ុន​ឡូរ៉ង់​ ដែល​ជា​ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​លោក​នឹង​សាក​ល្បង​នាំ​អង្ករ​ចេញ​ជា​​លើក​ដំបូង​ចំនួន​២៤០​តោន​ទៅ ​​កាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ខែ​តុលា​ឆ្នាំ​នេះ។


​លោក​បញ្ជាក់​ថា​៖ «កន្លង​មក​យើង​​មិន​ធ្លាប់​បាន​ធ្វើ​ការ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ចិន​ឡើយ ​ ​យើង​គិត​ថា​ ទីផ្សារ​ចិន​គឺ​ជា​ផ្សារ​ដ៏​ធំ​សម្រាប់​នាំ​ចេញ​របស់​យើង​នា​ថ្ងៃ​អនា​គត ​ព្រោះ​ប្រទេស​នេះ​មាន​ប្រជា​ជន​ច្រើន​និង​មាន​តម្រូវ​ការ​អង្ករ​ច្រើន​ផង​ ដែរ»។

​លោក លឹម ​ប៊ុនហេង បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​នាំ​អង្ករ​សាក​ល្បង​ទៅ​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ ពី​ លោក​បាន​ទៅ​ជួប​ជា​មួយ​​អតិតថិជន​របស់​លោក​នៅ​​ចិន​កាល​​ពី​ពេល​ថ្មី​ៗ​នេះ​ ។

​លោក​បន្ត​ថា​ កន្លង​មក​ក្រុម​ហ៊ុន​ធ្លាប់​តែ​នាំ​ទៅ​កាន់ទី​ផ្សារ​អឺរ៉ុប​ និង​អាហ្វ្រិក​ប៉ុណ្ណោះ​។

​លោក​បន្ថែម​ថា​ អង្ករ​ដែល​ក្រុម​ហ៊ុន​​នឹង​នាំ​ចេញ​នោះ​គឺ​ប្រភេទ​អង្ករ​ផ្កា​ម្លិះ​ ដែល​ក្នុង​មួយ​តោន​តម្លៃ​​​៨៩០​ដុល្លារ​។ តម្លៃ​នេះ​គឺ​គិត​នៅ​ត្រឹម​កំពង់​ផែ​សម្រាប់​នាំ​ចេញ​ប៉ុណ្ណោះ​​។

​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ឡូរ៉ង់​បាន​នាំ​ចេញ​អង្ករ​ទៅ​​កាន់​ទីផ្សារ​អឺរ៉ុប និង​អាហ្វ្រិក​បាន​​ជាង​១​​ម៉ឺន​តោន​។

 ​លោក ​ចាន់ ​វុទ្ធី ​ប្រធាន​គ្រប់​គ្រង​ទូ​ទៅ​ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ Golden Rice​​​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​​លោក​ក៏​មាន​គម្រោង​​នាំ​អង្ករ​ចេញ​​សាក​ល្បង​ជា​លើក​ដំបូង​ទៅ​ ចិន​នៅ​ខែ​កញ្ញា​ខាង​មុន​នេះ​ផង​ដែរ​។ លោក​បាន​បន្ត​ថា ក្រុម​ហ៊ុន​គ្រោង​នឹង​នាំ​ចេញ​ប្រមាណ​១០០​ទៅ​២០០​តោន​។

​លោក​ចាន់ ​វុទ្ធី ​និយាយ​ថា​៖ «ទីផ្សារ​ចិន​គឺ​មាន​សក្តានុ​ពល​សម្រាប់​​នាំ​ចេញ​ និង​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន​អស់​តិច ជាង​អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ​»។

​ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​នីតិ​វិធី​រដ្ឋ​បាល​នៃ​ការ​នាំ​ចេញ​ នេះ​ដែល​រៀប​ចំ​ដោយ​ក្រសួង​ពាក់​ព័ន្ធ​។ លោក​បន្ត​ថា​៖ «យើង​សូម​សំ​ណូម​ពរ​ទៅដល់​​ក្រសួង​ពាក់​ព័ន្ធ​​ជួយ​សម្រួល​ច្បាប់​រដ្ឋ​ បាល​ឲ្យ​បាន​​លឿន​ និង​ច្បាស់​លាស់​ ទើប​ការ​នាំ​ចេញ​នេះ​បាន​លឿន​»​។

​លោក ​ងិន ​ឆាយ​ ប្រ​ធាន​នាយក​ដ្ឋាន​ដំណាំ​ស្រូវ​ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា កន្លង​មក​មិន​ធ្លាប់​​មាន​ក្រុម​ហ៊ុន​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ ឡើយ​ទេ។

 ​លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​ទាំង​ពីរ​ទើប​តែ​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ ដើម្បី​នាំ​ផល​កសិកម្ម​ពី​កម្ពុជា ដូច​ជា​ អង្ករ​និង​ដំឡូង​មី​ទៅ​ចិន ហើយ​ថា​ នៅ​ខែ​កញ្ញា​​នេះ​ក្រុម​បច្ចេក​ទេស​ចិន​នឹង​ចុះ​មក​ពិនិត្យ​គុណភាព​អង្ករ​ របស់​កម្ពុជា​ទាំង​វិធី​នៃ​ការ​ដាំដុះ និង​ការ​កែច្នៃ​នៅ​តាម​រោង​ម៉ាស៊ីន។

​លោក​បន្ថែម​ថា​៖ «​យើង​ជឿ​ជាក់​ថា​ ចិន​នឹង​មាន​តម្រូវ​ការ​អង្ករ​ពី​យើង​ច្រើន​ព្រោះ​ថា​ ថ្មីៗ​នេះ​នៅ​ប្រ​ទេស​ចិន​បាន​ជួប​គ្រោះ​ធម្មជាតិ​ រាំង​ស្ងួត​និង​ទឹក​ជំនន់​។ ម៉្យាង​ទៀត​ប្រទេស​នេះ​មាន​តម្រូវ​ការ​អង្ករ​​ច្រើន​ផង​ដែរ»។

​លោក ​ងិន​ ឆាយ​ បាន​បញ្ជាក់​បន្ថែម​ថា​ ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ​មួយ​​ចំនួន​មាន​អតិថិជន​​រួច​ហើយ គ្រាន់​​តែ​រង់​ចាំ​ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ប៉ុណ្ណោះ​។

​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​បួន​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១១​ ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​។ តាម​ទិន្នន័យ​បង្ហាញ​ថា ការ​នាំ​ចេញ​នេះ​មាន​៤២​ ៦៦៩ តោន​ ខណៈ​ដែល​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន​មាន​តែ​២១ ៣២២​តោន​ប៉ុណ្ណោះ​។

​កម្ពុជា​នឹង​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥៕



​ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes