ក្រុមហ៊ុននាំចេញអង្ករកម្ពុជា នឹងចាប់ផ្តើមនាំអង្ករ
ទៅចិនជាលើកដំបូងនៅឆ្នាំនេះ
លោក លឹម ប៊ុនហេង អគ្គនាយកក្រុមហ៊ុនឡូរ៉ង់ ដែលជាក្រុមហ៊ុននាំអង្ករចេញដ៏ធំមួយនៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនលោកនឹងសាកល្បងនាំអង្ករចេញជាលើកដំបូងចំនួន២៤០តោនទៅ កាន់ទីផ្សារប្រទេសចិននៅខែតុលាឆ្នាំនេះ។
លោកបញ្ជាក់ថា៖ «កន្លងមកយើងមិនធ្លាប់បានធ្វើការនាំអង្ករចេញទៅប្រទេសចិនឡើយ យើងគិតថា ទីផ្សារចិនគឺជាផ្សារដ៏ធំសម្រាប់នាំចេញរបស់យើងនាថ្ងៃអនាគត ព្រោះប្រទេសនេះមានប្រជាជនច្រើននិងមានតម្រូវការអង្ករច្រើនផង ដែរ»។
លោក លឹម ប៊ុនហេង បានឲ្យដឹងថា ការសម្រេចនាំអង្ករសាកល្បងទៅចិននៅចុងឆ្នាំនេះធ្វើឡើងបន្ទាប់ ពី លោកបានទៅជួបជាមួយអតិតថិជនរបស់លោកនៅចិនកាលពីពេលថ្មីៗនេះ ។
លោកបន្តថា កន្លងមកក្រុមហ៊ុនធ្លាប់តែនាំទៅកាន់ទីផ្សារអឺរ៉ុប និងអាហ្វ្រិកប៉ុណ្ណោះ។
លោកបន្ថែមថា អង្ករដែលក្រុមហ៊ុននឹងនាំចេញនោះគឺប្រភេទអង្ករផ្កាម្លិះ ដែលក្នុងមួយតោនតម្លៃ៨៩០ដុល្លារ។ តម្លៃនេះគឺគិតនៅត្រឹមកំពង់ផែសម្រាប់នាំចេញប៉ុណ្ណោះ។
បច្ចុប្បន្នក្រុមហ៊ុនឡូរ៉ង់បាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប និងអាហ្វ្រិកបានជាង១ម៉ឺនតោន។
លោក ចាន់ វុទ្ធី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុននាំអង្ករចេញ Golden Riceបានឲ្យដឹងថា ក្រុមហ៊ុនលោកក៏មានគម្រោងនាំអង្ករចេញសាកល្បងជាលើកដំបូងទៅ ចិននៅខែកញ្ញាខាងមុននេះផងដែរ។ លោកបានបន្តថា ក្រុមហ៊ុនគ្រោងនឹងនាំចេញប្រមាណ១០០ទៅ២០០តោន។
លោកចាន់ វុទ្ធី និយាយថា៖ «ទីផ្សារចិនគឺមានសក្តានុពលសម្រាប់នាំចេញ និងការចំណាយលើថ្លៃដឹកជញ្ជូនអស់តិច ជាងអឺរ៉ុប និងអាមេរិកផងដែរ»។
ទោះយ៉ាងណាក៏ដោយ លោកបានសំដែងការព្រួយបារម្ភចំពោះនីតិវិធីរដ្ឋបាលនៃការនាំចេញ នេះដែលរៀបចំដោយក្រសួងពាក់ព័ន្ធ។ លោកបន្តថា៖ «យើងសូមសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធជួយសម្រួលច្បាប់រដ្ឋ បាលឲ្យបានលឿន និងច្បាស់លាស់ ទើបការនាំចេញនេះបានលឿន»។
លោក ងិន ឆាយ ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា កន្លងមកមិនធ្លាប់មានក្រុមហ៊ុននាំអង្ករទៅកាន់ប្រទេសចិននៅ ឡើយទេ។
លោកបញ្ជាក់ថា រដ្ឋាភិបាលទាំងពីរទើបតែបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីនាំផលកសិកម្មពីកម្ពុជា ដូចជា អង្ករនិងដំឡូងមីទៅចិន ហើយថា នៅខែកញ្ញានេះក្រុមបច្ចេកទេសចិននឹងចុះមកពិនិត្យគុណភាពអង្ករ របស់កម្ពុជាទាំងវិធីនៃការដាំដុះ និងការកែច្នៃនៅតាមរោងម៉ាស៊ីន។
លោកបន្ថែមថា៖ «យើងជឿជាក់ថា ចិននឹងមានតម្រូវការអង្ករពីយើងច្រើនព្រោះថា ថ្មីៗនេះនៅប្រទេសចិនបានជួបគ្រោះធម្មជាតិ រាំងស្ងួតនិងទឹកជំនន់។ ម៉្យាងទៀតប្រទេសនេះមានតម្រូវការអង្ករច្រើនផងដែរ»។
លោក ងិន ឆាយ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននាំអង្ករចេញមួយចំនួនមានអតិថិជនរួចហើយ គ្រាន់តែរង់ចាំការអនុញ្ញាតឲ្យនាំចេញប៉ុណ្ណោះ។
ការនាំចេញអង្កររបស់កម្ពុជានៅបួនខែដំបូងក្នុងឆ្នាំ២០១១ ទៅកាន់ទីផ្សារក្រៅប្រទេសបានកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ តាមទិន្នន័យបង្ហាញថា ការនាំចេញនេះមាន៤២ ៦៦៩ តោន ខណៈដែលរយៈពេលដូចគ្នាពីឆ្នាំមុនមានតែ២១ ៣២២តោនប៉ុណ្ណោះ។
កម្ពុជានឹងនាំអង្ករចេញឲ្យបាន១លានតោននៅឆ្នាំ២០១៥៕
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes