លោក អូបាម៉ា ប្រកាសដកកងទ័ពចេញពី
អាហ្វហ្កានីស្ថាន
ដោយ សេង ឌីណា
នៅយប់ថ្ងៃពុធ ២២ មិថុនា ២០១១ លោកអូបាម៉ាបានប្រកាសថា ចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០១២ សហរដ្ឋអាមេរិកនឹងដកកងទ័ពចំនួន ៣ម៉ឺន ៣ពាន់នាក់ ចេញពីអាហ្វហ្កានីស្ថាន។ ការដកកងទ័ពនឹងបន្តធ្វើជាជំហានៗ ដើម្បីឈានទៅរកកាផ្ទេរការទទួលខុសត្រូវទាំងស្រុង ទៅឲ្យអាជ្ញាធរអាហ្វហ្កានីស្ថាន នៅឆ្នាំ២០១៤។ នៅថ្ងៃព្រហស្បតិ៍នេះ បារាំងក៏បានប្រកាសថានឹងចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពី អាហ្វហ្កានីស្ថានដែរ។
លោកអូបាម៉ាពេលប្រកាសដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន
Reuters
Reuters
បច្ចុប្បន្ននេះ កងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថានមានចំនួនប្រមាណ ១០ម៉ឺននាក់។ យោងតាមផែនការរបស់លោកអូបាម៉ា កងទ័ពចំនួន ៥០០០នាក់ នឹងត្រូវចាប់ផ្តើមដកចេញពីអាហ្វហ្កានីស្ថាន នៅខែកក្កដា ខាងមុខនេះ។ ៥០០០នាក់ទៀត នឹងដកចេញ នៅចុងឆ្នាំ២០១១។ ២ម៉ឺន ៣ពាន់នាក់ នឹងត្រូវដកចេញជាជំហានៗ នៅឆ្នាំ២០១២។ គោលដៅ គឺត្រូវធ្វើយ៉ាងណា ត្រូវដកឲ្យបាន ៣ម៉ឺន ៣ពាន់នាក់ នៅមុនដំណាច់ខែកញ្ញា ឆ្នាំ២០១២ ពោលគឺ ២ខែ មុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិថ្មី។
មន្រ្តីយោធាអាមេរិកបានទទូចសុំឲ្យលោកអូបាម៉ារក្សាទុកចំនួនកងទ័ព អាមេរិកឲ្យនៅខ្ពស់ រហូតដល់ឆ្នាំ២០១៣។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មន្រ្តីស៊ីវិលនៅសេតវិមាន ក្នុងនោះរួមមានអនុប្រធានាធិបតី និងទីប្រឹក្សាសន្តិសុខជាតិ ព្រមទាំងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានទាមទារឲ្យលោកអូបាម៉ាដកកងទ័ពចេញពីអាហ្វហ្កានីស្ថានឲ្យបាន ឆាប់ ពោលគឺ ត្រូវដកជាង ៣ម៉ឺននាក់ ឲ្យបាននៅចុងឆ្នាំ២០១១នេះ។ ទីបំផុត លោកអូបាម៉ាបានសម្រេចដើរផ្លូវកណ្តាល។
សង្រ្គាមនៅអាហ្វហ្កានីស្ថានចាប់តាំងពីឆ្នាំ២០១១មក បានធ្វើឲ្យទាហានអាមេរិកស្លាប់ជាង ១ ៦០០នាក់ និង១២ ០០០នាក់ផ្សេងទៀតរងរបួស។ បច្ចុប្បន្ននេះ អាមេរិកត្រូវចំណាយលុយក្នុងមួយខែៗ ប្រមាណ ១០ពាន់លានដុល្លារ ទៅលើប្រតិបត្តិការនៅអាហ្វហ្កានីស្ថាន ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់អាមេរិកកំពុងត្រដាបត្រដួសចេញពី វិបត្តិ។ ប្រជាជនអាមេរិកដែលឥតការងារធ្វើក៏មានច្រើន។ ចំណែកបំណុលរបស់រដ្ឋក៏មានបរិមាណធំមហិមា។
ហេតុដូច្នេះហើយបានជាប្រជាជន ព្រមទាំងសមាជិកសភាអាមេរិកភាគច្រើនបានរិះគន់កាន់តែខ្លាំងឡើង ចំពោះការដាក់ពង្រាយកងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន។ ការស្លាប់របស់ប៊ិន ឡាដិន មេដឹកនាំក្រុមភេរវជនអាល់កៃដា បានធ្វើឲ្យសាធារណមតិអាមេរិករឹតតែលែងចង់ឲ្យរដ្ឋាភិបាលចំណាយលុយ រាប់ពាន់លានដុល្លារ នៅអាហ្វហ្កានីស្ថានតទៅទៀត ហើយគួរបង្វែរលុយនេះមកកសាងប្រទេសអាមេរិកខ្លួនឯងវិញ។
យោងតាមការស្ទាបស្ទង់មតិនាពេលថ្មីៗនេះ ពលរដ្ឋអាមេរិកប្រមាណ ៥៦% ចង់ឲ្យដកកងទ័ពទាំងអស់ចេញពីអាហ្វហ្កានីស្ថាន។ នៅសល់តែជាងមួយឆ្នាំទៀត ដល់ពេលបោះឆ្នោតប្រធានាធិបតី លោកអូបាម៉ាក៏បានសម្រេចស្តាប់តាមមតិសាធារណៈ ជាជាងតាមយោបល់របស់មន្រ្តីយោធា។
ក្រោយពីការប្រកាសរបស់លោកអូបាម៉ា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលបារាំងក៏បានប្រកាសថា នឹងចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថានដែរ។ ការដកទ័ពនេះនឹងត្រូវធ្វើឡើង ជាដំណាក់កាល ទៅតាមកាលវិភាគមួ
ប្រហាក់ប្រហែលនឹងផែនការរបស់លោកអូបាម៉ាដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ បារាំងមានកងទ័ពប្រមាណ ៤ពាន់នាក់ នៅអាហ្វហ្កានីស្ថាន៕
tags: សហរដ្ឋអាមេរិក - អាហ្វហ្កានីស្ថាន
BY : RFI
No comments:
Post a Comment
yes