កម្ពុជាប្រកាសពីជ័យជម្នះជាប្រវត្តិសាស្រ្ត
នៃកិច្ចប្រជុំក្រុងប៉ារីសស្តីពីប្រាសាទព្រះវិហារ
ដោយ ប៉ែន បូណា
គណៈប្រតិភូកម្ពុជាបានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៥នៅ ទីស្នាក់ការអង្គការយូណេស្កូទីក្រុងប៉ារីសប្រទេសបារាំង។ នេះគឺជាព័ត៌មានដែលលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានគណៈប្រតិភូកម្ពុជាបានប្រកាសប្រាប់ជនរួមជាតិខ្មែរពីទីក្រុង ប៉ារីសនៅថ្ងៃអាទិត្យនេះ។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចតាមសំណើរបស់កម្ពុជា ទាំងស្រុងដែលធ្វើឲ្យគណៈប្រតិភូថៃក្តៅក្រហាយ និងបានដើរចេញពីអង្គប្រជុំទាំងកណ្តាលទី។ ថៃក៏បានប្រកាសដកខ្លួនចេញពីសមាជិកភាពគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក។
គណៈប្រតិភូកម្ពុជាបានទទួលជោគជ័យទាំងស្រុងលើភាគីថៃ
© RFI
បន្ទាប់ពីការតស៊ូមតិដ៏តឹងតែងរយៈពេលជាច្រើនថ្ងៃ គណៈប្រតិភូកម្ពុជាបានទទួលជោគជ័យទាំងស្រុងលើភាគីថៃ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានយល់ព្រមតាមសំណើរបស់កម្ពុជាដោយ ដាក់បញ្ចូលរបៀបវារៈស្តីពីបា្រសាទព្រះវិហារឲ្យអង្គប្រជុំលើកទី៣៥ ពិនិត្យនិងពិភាក្សា។ គណៈកម្មាធិការនេះក៏បានឯកភាពថានឹងចាត់អ្នកជំនាញការឲ្យមកពិនិត្យ និងជួសជុលប្រាសាទព្រះវិហារជាបន្ទាន់បន្ទាប់ពីការខូចខាតដោយ គ្រាប់កាំភ្លើងទាហានថៃ។
ព្រឹត្តិការណ៍នេះបានធ្វើឲ្យគណៈប្រតិភូកម្ពុជាប្រកាសពីជោគជ័យជា ប្រវត្តិសាស្ត្ររបស់ខ្លួន។ នៅក្នុងសារជូនជនរួមជាតិខ្មែរដែលផ្ញើពីទីក្រុងប៉ារីសប្រទេស បារាំងនៅថ្ងៃអាទិត្យទី២៦មិថុនានេះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ប្រធានគណៈប្រតិភូកម្ពុជា បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈប្រតិភូទាំងអស់ ដែលទីបំផុតសម្រេចបានជោគជ័យធំធេងគឺជោគជ័យក្នុងការទប់ស្កាត់ការ ប៉ុនប៉ងរបស់ថៃដើម្បីរារាំងផែនការគ្រប់គ្រងប្រាសាទព្រះវិហារ, ទប់ស្កាត់ការរារាំងរបស់ថៃមិនឲ្យបញ្ជូនអ្នកជំនាញការមកពិនិត្យ និងជួសជុលប្រាសាទព្រះវិហារ និង បានលាតត្រដាងល្បិចកលភូតភររបស់មជ្ឈដ្ឋានអ្នកឈ្លានពានថៃនៅចំពោះមុខ អន្តរជាតិ។ គណៈប្រតិភូថៃដែលទទួលបរាជ័យយ៉ាងអាម៉ាស់បានសម្រេចចិត្តដើរចេញពី អង្គប្រជុំពាក់កណ្តាលទីដោយក្តីមួហ្មងបំផុត និងបានប្រកាសដកខ្លួនចេញពីអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។
បញ្ហាព្រះវិហារគឺជាប្រធានបទក្តៅមួយសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣៥របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលកំពុងបើកធ្វើនៅទីស្នាក់ការអង្គការយូណេស្កូនៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី១៩ដល់២៩មិថុនា។ គណៈប្រតិភូថៃដែលមានគ្នារហូតដល់២៨នាក់ និងអមដោយកាម៉េរ៉ាទូរទស្សន៍ចំនួន៧គ្រឿង បានជំទាស់យ៉ាងដាច់ខាតមិនឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិភាក្សារឿងព្រះវិហារ និងក៏មិនឲ្យអង្គការយូណេស្កូបញ្ជូនអ្នកជំនាញមកកាន់ប្រាសាទព្រះវិហារដែរ។
ប៉ុន្តែ ទីបំផុត គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលមានសមាជិក២១ប្រទេសបានសម្រេចផ្តល់យុត្តិធម៌ដល់កម្ពុជាដែលជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ៕
tags: កម្ពុជា
BY : RFI
No comments:
Post a Comment
yes