ពលរដ្ឋខ្មែរច្រើនឡើងមានសុទិដ្ឋិនិយមលើតុលាការ
ដោយ លាង ដឺលុច
ពីរឆ្នាំក្រោយការកាត់ទោសអតីតមេគុកទួលស្លែង ពោលគឺនៅឆ្នាំ២០១០ ការស្ទង់មតិមួយត្រូវបានធ្វើឡើងដើម្បីចង់ដឹងអំពីចំណាប់អារម្មណ៍ របស់ពលរដ្ឋខ្មែរលើដំណើរការសាលាក្តីខ្មែរក្រហម។ លទ្ធផលបង្ហាញថា ពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានបង្ហាញការជឿជាក់ថា តុលាការខ្មែរក្រហមនឹងជួយកសាងការជឿជាក់ និងការផ្សះផ្សាជាតិ ហើយថាតុលាការកូនកាត់នេះមានអព្យាក្រឹតភាព។ ប៉ុន្តែអ្នកដែលត្រូវបានសម្ភាសភាគច្រើនបាននិយាយថា ពួកគេបានទទួលព័ត៌មានតិចតួចនៅឡើយអំពីសាលាក្តី។
ពលរដ្ឋខ្មែរកាន់តែច្រើនឡើងមានគំនិតសុទិដ្ឋិនិយមចំពោះដំណើរការ សាលាក្តីខ្មែរក្រហមដែលបានបញ្ចប់ករណីកាត់ទោសអតីតប្រធានគុកទួលស្លែង ឌុច ហើយដែលកំពុងត្រៀមបើកសវនាការទី២ ដើម្បីកាត់ទោសមេដឹកនាំកំពូល៤នាក់ទៀតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សុទិដ្ឋិនិយមត្រង់ថា ក្នុងចំណោមអ្នកដែលត្រូវសម្ភាសកាន់តែច្រើនឡើងបានជឿជាក់ថា តុលាការខ្មែរក្រហមនឹងផ្តល់យុត្តិធម៌ដល់ប្រជាជនខ្មែរ ធ្វើអោយជនរងគ្រោះមានអារម្មណ៍ប្រសើរឡើង កាត់បន្ថយកំហឹងហើយថាតុលាការនេះនឹងជួយកសាងទំនុកចិត្ត និងលើកស្ទួយការផ្សះផ្សាជាតិនៅកម្ពុជា។
លទ្ធផលនេះត្រូវបានរកឃើញនៅក្នុងការស្ទាបស្ទង់មតិមួយដែលត្រូវបាន ធ្វើឡើងនៅខែធ្នូឆ្នាំ២០១០ លើមនុស្ស១០០០នាក់ក្នុង២៤រាជធានីខេត្ត។ ជាការស្ទង់មតិលើកទី២ ដែលមានឈ្មោះថា "ក្រោយពីការជំនុំជម្រះសំណុំរឿងទី១" ដើម្បីចង់ដឹងអំពីចំណេះដឹង និងការយល់ឃើញអំពីបញ្ហាយុត្តិធម៌ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការស្ទាបស្ទង់មតិនេះ ដឹកនាំធ្វើដោយមជ្ឈមណ្ឌលសិទ្ធិមនុស្ស នៃសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ប៊ើឃ្លី។លទ្ធផលនៃការស្ទាបស្ទង់មតិនេះ នឹងត្រូវដាក់បង្ហាញជាផ្លូវការក្នុងសិក្ខាសាលានៅថ្ងៃទី៨មិថុនាស្អែកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ថ្វីដ្បិតតែមានពលរដ្ឋកាន់តែច្រើនឡើងមានទំនុកចិត្ត និងជឿជាក់លើតុលាការខ្មែរក្រហមក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ពួកគេបានទទួលព័ត៌មានច្រើនអំពីតុលាការអំពីសកម្មភាព ឬដំណើរការតុលាការនោះឡើយ។ លទ្ធផលនៃការស្ទាបស្ទង់មតិបានបង្ហាញថា ៧៧ភាគរយនៃអ្នកដែលត្រូវបានសម្ភាសឆ្លើយថាពួកគេទទួលបានព័ត៌មាន តិចតួចអំពីសាលាក្តីខ្មែរក្រហម។ ដូច្នេះរបាយការណ៍បានផ្តល់អនុសាសន៍អោយសាលាក្តីបន្តប្រឹងប្រែង យុទ្ធនាការផ្សព្វផ្សាយបន្ថែមទៀត នៅមុនពេល សវនាការសំណុំរឿង០០២ចាប់ផ្តើម។ អ្នកសរសេររបាយការណ៍ក៏បានអំពាវនាវអោយតុលាការធានាតម្លាភាព និងដោះស្រាយកុំអោយមានការលូកដៃផ្នែកនយោបាយចូលទៅក្នុងប្រព័ន្ធ យុត្តិធម៌នៃតុលាការនេះដែរ៕
tags: កម្ពុជា - តុលាការខ្មែរក្រហម
BY: RFI
No comments:
Post a Comment
yes