សំណុំរឿងចារកម្មធ្វើឲ្យពលរដ្ឋខ្មែរឆ្លងដែនទៅថៃថយចុះ
ដោយ ប៉ែន បូណា
ចាប់តាំងពីអាជ្ញាធរថៃ បានចាប់ខ្លួន បុរសខ្មែរម្នាក់ដោយចោទពីបទចារកម្មនិងបន្ទាប់ពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែនស្នើឲ្យមន្ត្រីខ្មែរប្រុងប្រយ័ត្នចំពោះបញ្ហានេះ ចំនួនប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅថៃបានថយចុះគួរ ឲ្យកត់សម្គាល់។ មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងអ្នកទៅរកការងារធ្វើអ្នកទេសចរ មន្ត្រី និងអ្នកទៅព្យាបាលជំងឺមិនសូវមានចំនួនច្រើនដូចពីមុន ទេក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ។ចំណែកឯបុរស ខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ ត្រូវបានការពារដោយមេធាវីឯករាជ្យដល់ទៅ៤នាក់។
មន្ត្រីប្រចាំការប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា ការថយចុះចំនួនពលរដ្ឋខ្មែរឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតក៏ ព្រោះតែពួកគេបារម្ភខ្លាចថៃចោទពីបទធ្វើចារកម្មរួចចាប់ខ្លួន បញ្ជូនទៅតុលាការ។ សូម្បីតែពលរដ្ឋខ្មែរដែលចូលទៅប្រកបរបរផ្សេងៗក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ក៏ធ្លាក់ចុះដែរដោយសារតែស្ថានភាពអាប់អួនៅតាមព្រំដែន។
កាលពីថ្ងៃទី៧មិថុនា អាជ្ញាធរថៃបានចាប់ខ្លួនមនុស្ស៣នាក់ក្នុងនោះមានជនជាតិខ្មែរ ម្នាក់ វៀតណាមម្នាក់ និងថៃម្នាក់ដោយចោទពីបទធ្វើចារកម្មយោធាឲ្យរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ ការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់ អហង្ការ។ រដ្ឋាភិបាលក្រុងភ្នំពេញបានចាត់ទុកការចោទប្រកាន់នេះថា ជាការប្រឌិតដើម្បីបង្កហេតុជាថ្មីជាមួយកម្ពុជា ជាពិសេសគឺដើម្បីចង់ដោះដូរជាមួយអ្នកទោសថៃពីរនាក់ដែលកំពុងជាប់ ពន្ធនាគារនៅកម្ពុជា។
ក្រោយការចាប់ខ្លួនបុរសជនជាតិខ្មែរ មេដឹកនាំក្រុងបាងកកបានបង្ហើបអំពីបំណងដោះដូរនេះ ប៉ុន្តែ សំណើបែបនេះត្រូវបានទាត់ចោលភ្លាមៗដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយលោកអះអាងថា ពលរដ្ឋខ្មែររូបនោះមិនទាន់មានទោសនៅឡើយទេ ហើយក៏គ្មានការដោះដូរដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានមន្ត្រីកម្ពុជាឲ្យប្រយ័ត្នប្រយែង ក្នុងការចេញចូលប្រទេសថៃព្រោះខ្លាចក្រែងគេចាប់ខ្លួនដើម្បី ដោះដូរ។
យ៉ាងណាក៏ដោយ មេធាវី៤នាក់ត្រូវបានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ ពឹងពាក់ដើម្បីការពារក្តីឲ្យពលរដ្ឋខ្មែររូបនោះ។ នេះបើតាមការឲ្យដឹងរបស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ មន្ត្រីកុងស៊ុលកម្ពុជាឲ្យដឹងថា រហូតមកទល់ពេលនេះអាជ្ញាធរថៃគ្មានភស្តុតាងដាក់បន្ទុកលើបុរស ខ្មែររូបនោះទេ ប៉ុន្តែ គេមិនដឹងថាពលរដ្ឋខ្មែររូបនោះនឹងមានវាសនាយ៉ាងណាឡើយ។ បញ្ហានេះហើយដែលធ្វើឲ្យអ្នកចេញចូលទៅប្រទេសថៃមានក្តីបារម្ភ៕
tags: កម្ពុជា
BY: RFI
No comments:
Post a Comment
yes