សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 20, 2011

យីង ឡាក់ ជំរុញឲ្យអាប់ភីស៊ីតឃោសនាក្នុងន័យស្ថាបនា

បាងកក៖ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បេក្ខនារី​លំដាប់​លេខ​ ១ នៃ​គណ​បក្ស​ភឿថៃ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ស្រី​មិន​ព្រួយ​បារម្ភ​​នឹង​គណ​បក្ស​ប្រជាធិបតេយ្យ គូ​ប្រជែង​ដ៏​សំខាន់​របស់​គណ​បក្ស​លោក​ស្រី ដែល​មាន​ផែនការ​​ធ្វើ​យុទ្ធនាការ​​នៅ​តំបន់​ពាណិជ្ជកម្ម​រ៉ាត់ចាប្រាសុង​ នៅ​រាជ​ធានី​បាងកក​នោះ​ឡើយ ដោយ​លោក​ស្រី​ជំរុញ​ថា គណ​បក្ស​ប្រជាធិបតេយ្យ​គួរ​តែ​​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ន័យ​ ស្ថាបនា។

​នៅ​ពេល​ត្រូវ​បាន​សាក​សួរ​នូវ​អ្វី​ដែល​លោក​ស្រី​គិត​ពិចារណា​អំពី​គណ​បក្ស​ ប្រជាធិបតេយ្យ ដែល​បាន​ផ្លាស់​ប្តូរ​ទីកន្លែង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន ​​ពី​ជិត​​សាលា​រាជ​ធានី ទៅ​កាន់​សង្កាត់​​រ៉ាត់ចាប្រាសុង​ដែលជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​នោះ លោក​ស្រី យីងឡាក់ បាន​ថ្លែង​ថា នោះ​គឺ​ជា​យុទ្ធសាស្ត្រ​ធ្វើ​ការ​ឃោសនា​របស់​គណ​បក្ស​នយោបាយ​នីមួយៗ ហើយ​ខ្លួន​លោក​ស្រី​ផ្ទាល់​ក៏​ចង់​ឃើញ​​យុទ្ធនាការ​ឃោសនា​ប្រព្រឹត្ត​ទៅ​ ក្នុង​ន័យ​ស្ថាបនា​ផង​ដែរ។

​លោក​ស្រី យីងឡាក់ មាន​ប្រសាសន៍​ថា លោក​ស្រី​មិន​ព្រួយ​បារម្ភ​ថា យុទ្ធនាការ​ឃោសនា​នៅ​សប្តាហ៍​នេះ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​នៅតំបន់​ រ៉ាត់ចាប្រាសុង​នោះ នឹង​ប៉ះ​ពាល់​ដល់​សម្លេង​ឆ្នោត​របស់​គណ​បក្ស​លោក​ស្រី​នៅ​ក្នុង​ការ​បោះ​ ឆ្នោត​ឡើយ ពីព្រោះ​ អ្នក​បោះ​ឆ្នោត​ គឺ​ជា​អ្នក​សម្រេច​ចិត្ត​ថា តើ​គណ​បក្ស​ណា​ដែល​ពួក​គេ​ចង់​ឲ្យ​គ្រប់​គ្រង​ប្រទេស។

​គណ​បក្ស​ប្រជាធិបតេយ្យ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​នឹង​រៀប​ចំ​នូវ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ខាង​មុខ​នេះ នៅ​សង្កាត់​ពាណិជ្ជកម្ម​រ៉ាត់ចាប្រាសុង។

​រ៉ាត់ចាប្រាសុង គឺ​ជាសង្កាត់​ពាណិជ្ជកម្ម​កណ្តាល​រាជ​ធានី​បាងកក និង​ជាទីកន្លែង​​ធ្វើ​បាតុកម្ម​ធំ​របស់​រណសិរ្ស​រួប​រួម​ដើម្បី​លទ្ធិ​ ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់ការ (UDD) ឬ​អាវ​ក្រហម នៅ​អំឡុង​ពេល​បាតុកម្ម​របស់​ពួក​គេ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នាយក​រដ្ឋ​ មន្ត្រី​ អាភីស៊ីត កាល​ពី​ឆ្នាំ​២០០៩។

​មនុស្ស​ដល់​ទៅ ៩១​នាក់ ត្រូវ​បាន​គេ​សម្លាប់ និង​ជាង ១៩០០​នាក់ បាន​រងរបួស​នៅ​អំឡុង​ពេល​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ខែ​មីនា ដល់​ខែ​ឧសភា រវាង​កម្លាំង​សន្តិសុខ និង​ក្រុម​បាតុករ​អាវ​ក្រហម ដែល​ជា​អ្នក​គាំ​ទ្រ​គណ​បក្ស​ភឿ​ថៃ។

​ខណៈ​ពេល​ការ​បោះ​ឆ្នោត​កំពុង​តែ​រំខិល​ខិត​ចូល​មក​ដល់ បណ្តាញប្រជាជន​ដើម្បី​ការ​បោះ​ឆ្នោត​នៅ​ថៃ (P-NET) កំពុង​តែ​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​នៅ​ក្នុង​នោះ មេដឹកនាំ​នៃ​បណ្តា​គណ​បក្ស​នយោបាយ ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ នឹង​ត្រូវ​បាន​គេ​អញ្ចើញ​ឲ្យ​ចូល​រួម​កិច្ច​ពិភាក្សា​នេះ។

​ដោយ​សារ​​លោក​ស្រី យីងឡាក់ មាន​​ពេល​មមា​ញឹក​ពេក គណ​បក្ស​ភឿ​ថៃ​បាន​សម្រេច​បញ្ជូន​លោក​ អូឡាន ឆៃប្រាវ៉ាត់ អតីត​នាយក​រដ្ឋ​មន្ត្រី និង​ជា​អតីត​នាយក​ធនាគារ​ពាណិជ្ជកម្ម​​សៀម ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ ក្នុង​នាម​គណ​បក្ស។

​ប៉ុន្តែ P-NET បាន​និយាយ​ថា លោក អូឡាន មិន​អាច​ធ្វើ​ការ​សន្យា​ណា​មួយ​ទៅ​កាន់​សាធារណជន​ក្នុង​នាម​គណ​បក្ស​បាន​ឡើយ ហើយ​បាន​បដិសេធ​ទទួល​យក​គាត់​ធ្វើ​ជា​តំណាង។ លោក​ស្រី យីងឡាក់ ទោះ​ជា​យ៉ាង​ណា បាន​និយាយ​ថា លោក អូឡាន គឺ​ជា​សមាជិក​នៃ​ក្រុម​ការងារ​សេដ្ឋកិច្ច​របស់​បក្ស ហើយ​ក៏​ជា​សមាជិក​ប្រតិបត្តិ​មួយ​រូប​ផង​ដែរ ដូច្នេះ គាត់​គឺ​ជា​មនុស្ស​សាក​សម​ម្នាក់​សម្រាប់​ឡើង​ជជែក​សម្រាប់​គណ​បក្ស​លោក​ ស្រី។

​ខណៈ​ពេល​នេះ​ដែរ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ អាភីស៊ីត វេចាជីវ៉ា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​នេះ បាន​រៀប​ចំ​នូវ​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន នៅ​ជាប់​នឹង​រាជ​ធានី​បាងកក។ នៅ​អំឡុង​ដំណើរ​ទៅ​កាន់​ខេត្ត​នេះ សមាជិក​ក្រុម​អាវ​ក្រហម​បាន​រៀបចំ​លើក​ស្លាក​ជា​ច្រើន ដែល​បាន​រិះគន់​ការ​ដឹកនាំ​ប្រទេស​ដោយ​រដ្ឋាភិបាល​ចម្រុះ​​របស់​គាត់។

​គ្មាន​អំពើ​ហិង្សា​ណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ ខណៈ​ពេល​ពប៉ូលិស​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ពេញ​ផ្លូវ​ និង​ផ្តល់​សុវត្ថិភាព​សម្រាប់​លោក អាភីស៊ីត និង​ក្រុម​ឃោសនា​របស់​លោក ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត។

​លោក អាភីស៊ីត ក្រោយ​មក​បាន​ថ្លែង​ប្រហែល ២០​នាទី​នៅ​ទីផ្សារ​នៅ​ខេត្ត​នេះ។ លោក​បាន​ពន្យល់​ពី​គោល​នយោបាយ​របស់​គណ​បក្ស​គាត់ និង​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ​​តម្លៃ​ម្ហូប​អាហារ។


អាភីស៊ីត ក៏​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​​ជូន​បេក្ខជន​គណ​បក្ស​របស់​លោក ដើម្បី​ឲ្យ​គណ​បក្ស​លោក​អាច​បង្កើត​រដ្ឋាភិបាល បន្ទាប់​ពី​ការ​បោះ​ឆ្នោត និង​បន្ត​ការងារ​លើ​គម្រោង​នានា ដែល​កំពុង​តែ​អូស​បន្លាយ​ពេល៕ ប្រែ​សម្រួល ឌិត សុខធី

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes