រថយន្ដក្រុងដឹកអ្នកដំណើរបុកម៉ូតូស្លាប់២នាក់ឪពុកកូន
ខេត្ដបាត់ដំបងៈ នារីវ័យ១៨ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសជាឪពុកបានដាច់ខ្យល់ស្លាប់ពេលសមត្ថកិច្ចដឹកបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែរថយន្ដក្រុងដឹកអ្នកដំណើរបើកបោះពួយបុកម៉ូតូម៉ាកហុងដាសេ១២៥ពេញទំហឹង។ ខណៈដែលម៉ូតូកំពុងបើកបត់ឆ្លងផ្លូវជិតផុតទៅហើយនោះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ តាមបណ្ដោយផ្លូវជាតិលេខ៥៧ កែងផ្លូវលេខ១៥៧០ ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ដបាត់ដំបង។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ជិះឌុបគ្នា២នាក់ក្នុង ល្បឿនមធ្យមលើកំណាត់ផ្លូវលេខ ១៥៧០សំដៅទៅផ្លូវជាតិលេខ៥៧។ លុះជិះមកដល់ផ្លូវកែងឡើងទៅផ្លូវជាតិលេខ៥៧ អ្នកជិះម៉ូតូបានបើកឆ្លងផ្លូវទៅម្ខាង។ ខណៈពេលជិះឆ្លងជិតផុតដល់ចិញ្ចើមផ្លូវម្ខាងទៀតទៅហើយស្រាប់តែមានរថយន្ដក្រុងដឹកអ្នកដំណើររិទ្ធិមុនីបើកបរពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿនដូចហោះបានបុកម៉ូតូដែលជិះឌុបគ្នា២នាក់នោះយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូប៉ើងខ្ទាតចំងាយ៤ទៅ៥ម៉ែត្រពីកន្លែងកើតហេតុ។ ចំណែកនារីម្នាក់ជិះពីក្រោយត្រូវរថយន្ដកិនចំក្បាលបណ្ដាលឱ្យផ្ទុខួរចេញមកក្រៅហូរឈាមពេញផ្លូវ។ រីឯអ្នកបើកបរម៉ូតូបានខ្ទាតបោកផ្ទប់ផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរភ្លាមៗនោះអ្នកបើកបររថយន្ដបានបើកទ្វាររត់ចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល ។
ក្រោយពីហេតុការណ៏កើតឡើងរថយន្ដសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ដ បានចុះទៅដឹកអ្នកបើករបររងរបួសម្នាក់យកមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនវិសាលសុខខេត្ដបាត់ដំបង ។ តែជាអកុសលពេលមកដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
មន្ដ្រីនគរបាលចរាចរផ្លូវគោកខេត្ដបានឱ្យដឹងថា ជនរងគ្រោះដែលបាន ស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះម្នាក់ឈ្មោះសុខ ខឹម សាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាស្មៀនឃុំតាសាញ់ និងម្នាក់ទៀតឈ្មោះខាត់ សុភ័ណ្ឌ ភេទស្រី អាយុ១៨ឆ្នាំ។ ទាំង២នាក់នេះត្រូវជាឪពុកនិងកូនមានទីលំនៅ ឃុំតាសាញស្រុកសំឡូត ខេត្ដបាត់ដំបងជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1H-9997 ឌុបគ្នាសំដៅទៅផ្ទះនៅឃុំតាសាញ់ ស្រុកសំឡូត ។
ចំណែករថយន្ដក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើររិទ្ធិមុនីម៉ាកហ៊ីយ៉ាន់ដាយពណ៌សផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 3B-0881 បើកបរដោយបុរសម្នាក់ ឈ្មោះសំ ពេជ្រ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិអង្គសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរពីខេត្ដ បាត់ដំបងសំដៅទៅក្រុងប៉ៃលិន ។
មន្ដ្រីនគរបាលចរាចរផ្លូវគោកខេត្ដបានបញ្ជាក់ថា ក្រៅពីមានហេតុការណ៏កើតឡើងកម្លាំងនគរបាលចរាចរផ្លូវ គោកខេត្ដបានចុះទៅដឹកអ្នករងរបួសយកទៅសង្គ្រោះនិងធ្វើការវាស់វែងធ្វើកំណត់ហេតុដកហូតយកមធ្យោបាយទាំង២គ្រឿងនាំមករក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ដបាត់ដំបងដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕
ពីគេហំព័រ៖ នគរវត្ត

No comments:
Post a Comment
yes