Tuesday, July 26, 2011

ស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់ក្នុងមន្ទីរពេទ្យស្រុកកំពង់ត្រាច ដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់​?


 កំពត: ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្រោយពី​បាន​ចូល​ឆ្លងទន្លេ​ក្នុង​មន្ទីរពេទ្យ​បង្អែក ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​វេលា​ម៉ោង ២ និង​៥០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១១​។ ការស្លាប់​ស្ត្រី​នោះ ត្រូវបាន​គេ​លើកឡើងថា ដោយសារតែ​ការ​មិន​យកចិត្តទុកដាក់ និង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​របស់​ក្រុម​គ្រូពេទ្យ​ស្រុក​កំពង់ត្រាច​។

 ​    ​លោក អ៊ូ ពុធ ជា​កសិករ រស់នៅ​ភូមិ​កោះ​តា​ចាន់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច បាន​រៀបរាប់​ថា គាត់​មាន​ការសោកស្តាយ និង​ហួសចិត្ត​ជា​ពន់ពេក ដោយសារ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​អសមត្ថភាព ពិសេស​អ្នក​គ្រូពេទ្យ​វេន ប្រចាំការ​នា​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១១ គ្រា​ដែល​គាត់​នាំ​ប្រពន្ធ​ចូល​ឆ្លងទន្លេ ហើយ​អ្នក​គ្រូពេទ្យ​រូបនោះ មិន​រួសរាន់​ជួយ ពេល​អ្នករងគ្រោះ​កំពុង​ជួប​អាសន្ន​។ 

 ​    ​លោក អ៊ូ ពុធ រៀបរាប់​ពី​ដំណើរ​រឿង​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ​ហេង សុខលី អាយុ ៤៥​ឆ្នាំ បាន ឈឺពោះ​ឆ្លងទន្លេ កូន​ទី​៦ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១១ ។ ពេល​នាំ​ប្រពន្ធ​ចូល​ពេទ្យ​ស្រុក​នោះ ស្ត្រី​ដែល​ឈឺពោះ​ឆ្លងទន្លេ មាន​ស្ថានភាព​ធម្មតា​ទេ​។ លុះដល់​យប់​បន្តិច បន្ទាប់​ពី​មិនឃើញ​គ្រូពេទ្យ​មក​រវីរវល់ គាត់​បាន​តាម​ទៅប្រាប់​អ្នក​គ្រូពេទ្យ​ប្រចាំការ​ម្នាក់ ដោយសារ​ឃើញ​ប្រពន្ធ​ហាក់ដូចជា ស្លឈាម តែ​អ្នក​គ្រូពេទ្យ​នោះ មិន​បាន​ពិនិត្យ​អ្នកជំងឺ​ភ្លាមៗ​ទេ​។ 

 ​បុរស​រូប​នោះ បាន​បន្ថែមថា លុះ​ក្រោយមក​ស្ថានភាព​ប្រពន្ធ​គាត់​កាន់តែ​ខ្លាំង គាត់​ក៏​តាម​ទៅ​ម្តងទៀត ទើប​អ្នក​គ្រូពេទ្យ មក​មើល​ដោយ​គ្រាន់តែ​ដាក់​ដៃ​ប៉ះ​លើ​ពោះ រួច​ត្រឡប់ ទៅ​វិញ​បាត់​។ ស្រាប់តែ​ដល់​ម៉ោង ២ និង​៥០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១១ ពេល​ឃើញ​ប្រពន្ធ​របស់​គាត់​ត្រដ​ខ្យល់​មែនទែន បុរស​នោះ​បាន​តាម​ទៅ​ហៅ​ពេទ្យ​ម្តងទៀត ប៉ុន្តែ​ជា​អកុសល អ្នក​គ្រូពេទ្យ​មិនទាន់​មក​ដល់​ផង ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ទៅហើយ​។ លុះ​អ្នក​គ្រូពេទ្យ​ប្រចាំ​ការមកដល់​បែរ​ជា​បន្ទោស​គាត់​ថា មិន​ព្រម​ហៅ​ពេល​ហេតុការណ៍​កើតឡើង​ភ្លាមៗ ទុក​រហូត​ដល់​តែ​ហួសពេល​។


​ ​កសិករ​រូបនេះ​បញ្ជាក់ ឱ្យដឹងថា​មិន​ត្រឹមតែ​មាន​លេស​ស្តីបន្ទោស​ប៉ុណ្ណោះ​ទេ រាល់​ពាក្យ​សម្តី​និយាយ​មក​កាន់​អ្នកជំងឺ គឺ​អ្នក​គ្រូពេទ្យ​រូបនោះ មិន​ដែល​ប្រើ​ពាក្យ​ពិរោះ ឬ​សមរម្យ​ឡើយ​។ ដូច្នេះ​ក្នុង​នាម​ជនរងគ្រោះ គាត់​សំណូមពរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តា​គិតគូរ​បញ្ហា​នេះ​ផង​។​
 
      ​ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ូ សារី អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច បាន​ឆ្លើយតប​ថា រឿងរ៉ាវ​នេះ លោក​មិន​បានដឹង​ទេ លុះត្រាតែ​សួរ​ទៅ​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក ឬ​ប្រធាន​អូ​ឌី​ផ្ទាល់​ទើប​ច្បាស់ ព្រោះ​លោក​ស្ថិត​នៅ​ខាងក្រៅ​។ 
 
 ​    ​ទោះ​ជា​បាន​បញ្ជូន​បន្ត​ទៅ​អ្នកផ្សេង​ក្តី តែ​ពេល​សួរនាំ​ដើម្បី​ចង់​បាន​លេខ​ទូរស័ព្ទ ដើម្បី​ធ្វើការទំនាក់ទំនង គឺ​លោក​អ៊ូ សារី ព្យាយាម​លាក់លៀម រួច​បិទ​ទូរស័ព្ទ​តែម្តង​។​
 
 ​    ​ទាំង​ប៉ូលិស​មូលដ្ឋាន ទាំង​ប៉ូលិស​ថ្នាក់​ស្រុក​សុទ្ធតែ​អះអាងថា មិន​បាន​ដឹង​រឿងហេតុ​នេះ​កើតឡើង​ទេ ពិសេស​លោក ប៉ោ សារឿ​ន នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច​ខាងកើត បាន​បញ្ជូន​ឱ្យ​សួរ​ទៅ​លោក​មេឃុំ​។​
 
 ​    ​លោក លាត តូ​ង មេឃុំ​កំពង់ត្រាច​ខាងកើត ពេល​ទទួល​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១​នេះ អ្នកឆ្លើយ​ទូរស័ព្ទ​ប្រាប់ថា លោក​មេឃុំ កំពុង​ជាប់​ប្រជុំ​៕
 
 
 ពីគេហទំព័រ៖ ស៊ី អ៊ី អ៊ែន

No comments:

Post a Comment

yes