ភឿថៃ តែងតាំងសមាជិរបស់ខ្លួនក្តាប់តំណែង
ប្រធានសភា
បាងកក៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា បេក្ខជនមកពីគណបក្សភឿថៃ នឹងត្រូវបានតែងតាំងសម្រាប់តំណែងប្រធានសភា និងអនុប្រធាន នៅពេលសម័យបើកសម័យប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
លោកស្រី យីងឡាក់ បានថ្លែងថា បេក្ខជនទាំងពីរ គឺជាមនុស្សមានចំណេះដឹង និងមាន បទពិសោធន៍ នៅក្នុងនីតិវិធី និងច្បាប់សភា និងជាមនុស្សត្រូវបានសមាជិកសភាដទៃទៀតគោរព។
លោកស្រីថ្លែងថា៖ «សភានឹងបើកសម័យប្រជុំនៅថ្ងៃចន្ទ។ ខ្ញុំមានឈ្មោះរួចហើយ ហើយសភានឹងសម្រេចចិត្តនៅព្រឹកថ្ងៃចន្ទ»។
បេក្ខជនសម្រាប់ប្រធានសភា និងអនុប្រធានទាំងពីរ ត្រូវបានគេនិយាយថានឹងបានទៅលោក ស៊ុំសក្តិ គៀតស៊ូរ៉ាណុន លោក អភិវន្ត វិរិយ៉ាឆៃ និងលោក វិត្យា ប៊ូរ៉ាណាសិរី។
លោកស្រី យីងឡាក់ ថ្លែងថា គេនៅមិនទាន់ដឹងច្បាស់ថា ពេលណាលោកស្រីនឹងចូលកាន់តំណែងនាយករដ្ឋមន្ត្រីនោះឡើយ ដោយសារតែការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីនេះ ត្រូវធ្វើឡើងបន្ទាប់ពីការបើកសម័យប្រជុំសភា។ ការបោះឆ្នោតជ្រើសរើសប្រធានសភា និងអនុប្រធានទាំងពីរ ត្រូវគេធ្វើឡើងជាដំបូង។
លោកស្រីក៏បានឲ្យដឹងផងដែរថា ជួរគណៈរដ្ឋមន្ត្រីរបស់លោកស្រី នៅមិនបានបញ្ចប់សព្វគ្រប់នៅឡើយទេ។ គេត្រូវរង់ចាំរហូតដល់លោកស្រីត្រូវបានគេបញ្ជាក់ជានាយករដ្ឋមន្ត្រី។
នៅពេលត្រូវបានសាកសួរទាក់ទងនឹងការពន្យារពេលរបស់គណៈកម្មការបោះឆ្នោតក្នុងការបញ្ជាក់ពីបេក្ខភាពលោក ចាទុផន ព្រំផាន លោកស្រី យីងឡាក់ បានថ្លែងថា លោកស្រីរំពឹងថា គណៈកម្មការបោះឆ្នោតនេះ នឹងប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះរូបគាត់។ ក្រុមការងារច្បាប់របស់គណបក្សលោកស្រី បានបញ្ជូនរួចរាល់ហើយនូវលិខិតបកស្រាយមួយទៅកាន់គណៈកម្មការបោះឆ្នោតនេះ។
លោកស្រីមិនយល់ថា ក្រុមអាវក្រហមដែលជាអ្នកគាំទ្រលោក ចាទុផន ព្រំផាន នឹងបង្កើតឲ្យមានដំណើរវិវត្តន៍ណាមួយបន្ថែមទៀត ដើម្បីដាក់សម្ពាធលើគណៈកម្មការបោះឆ្នោតនោះឡើយ។ លោកស្រីឲ្យដឹងថា ក្រុមអាវក្រហម គឺជាមនុស្សមានចំណេះដឹង៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes