រថភ្លើងលឿនបុកគ្នានៅចិនបានសម្លាប់៣៥នាក់
ក្រុងវ៉េនជូៈ បុគ្គលិកសង្គ្រោះចិន កាលពីថ្ងៃអាទិត្យ បានគាស់កកាយគំនរបាក់បែក និងកម្ទេចកម្ទីដែកដែលរមូរចូលគ្នានៃរថភ្លើងពីរគ្រឿង ដែលបានបុកគ្នានៅតំបន់ភាគខាងកើតប្រទេសចិន ដោយសម្លាប់មនុស្ស៣៥នាក់ និង រងរបួស២១០ នៅក្នុងមហន្តរាយរថភ្លើង សម្លាប់មនុស្សយ៉ាងច្រើនបំផុតតាំងពីឆ្នាំ២០០៨ ខណៈឧបនាយករដ្ឋមន្ត្រីចិន លោក ចាង ដេជាំង កំពុងធ្វើដំណើរទៅកាន់ក្រុងនេះ បន្ទាប់ពីរថភ្លើងលឿនមួយគ្រឿងបានបុករថភ្លើងមួយទៀតរហូតធ្លាក់ ផ្លូវ កាលពីថ្ងៃសៅរ៍។
ក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យសង្គ្រោះបន្ទាន់បានឲ្យដឹងថា គិតត្រឹមម៉ោង៩ និង៣០នាទីព្រឹកថ្ងៃអាទិត្យ មនុស្ស៣៥នាក់ត្រូវបានបញ្ជាក់ថា ស្លាប់ ក្នុងនោះមានជនបរទេស២នាក់។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាល ផ្លូវការ China News Service បាននិយាយថា ម្នាក់ក្នុងចំណោមពួកគេគឺជានារី វ័យខ្ទង់២០ឆ្នាំ។
នៅក្នុងពេលជាមួយគ្នានោះដែរ អត្តសញ្ញាណនៃមនុស្ស៩នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ ត្រូវបានគេ បញ្ជាក់ហើយ។
ប្រធានាធិបតីចិន លោកហ៊ូ ជីនតាវ និងនាយករដ្ឋមន្ត្រី វេន ជាប៉ាវ បានអំពាវនាវឲ្យប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសង្គ្រោះអ្នកដំណើរទាំងអស់និងបានបញ្ជាឲ្យធ្វើការសង្គ្រោះជា អាទិភាព។
យោងតាមសេចក្តីថ្លែងការណ៍ ដែលគេបង្ហោះតាមគេហទំព័រក្រសួងអយស្ម័យយានសមាជិកគណកម្មាធិការកណ្តាលនៃគណកម្មាធិការមជ្ឈិមការិយាល័យនយោបាយបក្សកុម្មុយនិស្ត លោកជូ យ៉ុងកាង និងចាង ដេជាំង ក៏បាន ណែនាំដល់បណ្តានាយកដ្ឋានពាក់ព័ន្ធទាំងអស់ចាត់វិធានការសង្គ្រោះឲ្យបានល្អ។
រថភ្លើងលឿនមួយគ្រឿងដែលចេញពីក្រុងប៉េកាំងទៅក្រុងហ្វូជូ កាលពីថ្ងៃសៅរ៍ បានបុករថភ្លើង ដែលរលត់ម៉ាស៊ីនមិនដំណើរការមួយគ្រឿងទៀតពីក្រោយពេញទំហឹងនៅក្បែរក្រុងវ៉េនជូ ចម្ងាយ១៣៨០គ.ម.ខាង ត្បូងក្រុងប៉េកាំង ដោយបង្កភាពមន្ទិលថ្មីៗអំពីសុវត្ថិភាពនៃបណ្តាញផ្លូវដែកដែល កំពុងរីកលូតលាស់យ៉ាងខ្លាំងនេះ។
ទូរទស្សន៍រដ្ឋមួយបាននិយាយថា គ្រោះថ្នាក់នេះ បានកើតឡើងនៅលើស្ពានមួយនៅក្បែរក្រុងវ៉េនជូ នៅក្នុងខេត្តជេជាំង បន្ទាប់ពីរថភ្លើងទីមួយ បានបាត់បង់ថាមពលអគ្គិសនីព្រោះតែរន្ទះបាញ់ ហើយដែលកំពុងរត់ពីក្រោយយ៉ាងលឿន ក៏បានបុកវាយ៉ាងពេញទំហឹងតែម្ដង។
ក្រុមការងារសង្គ្រោះ បាននិយាយថា ពួកគេនៅតែបន្តស្វែងរកអ្នកនៅរស់ដោយព្យាយាមទៅឲ្យដល់ទូររថភ្លើងខូចខាតជា ច្រើននៅខាងក្រោមស្ពាននោះ។
បុគ្គលិកសង្គ្រោះ លោកវ៉ាង ជុន វ័យ៣៥ឆ្នាំ បាននិយាយថា៖ «ភារកិច្ចរបស់ពួកយើងពេលនេះ គឺសម្អាតគំនរដែក និងពិនិត្យមើលថា តើមានអ្នកនៅរស់នៅក្នុងកន្លែងនោះឬទេ? ពេលនេះ ពួកយើង នៅតែមិនដឹងថាតើនៅមានអ្នកនៅរស់ប៉ុន្មាននាក់ទៀត នោះហើយ ជាការងារសំខាន់របស់យើងនៅពេលនេះ។ យើងក៏កំពុងព្យាយាមធ្វើឲ្យផ្លូវដែកនេះដំណើរការឡើងវិញដែរ»។
បុគ្គលិកសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យរាប់សិបនាក់ បានប្រើអេស្កាវ៉ាទ័រដើម្បី កាយបំណែករថភ្លើងទាំងពីរ ខណៈពួកគេជឿថា មានសាកសពច្រើនទៀតនៅក្នុងទូមួយដែលជាប់នៅចំហៀងស្ពាន។ គេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅក្នុងរថភ្លើងនោះក្នុងពេល ជួបគ្រោះថ្នាក់នោះទេ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បាន ឲ្យដឹងថា អាជ្ញាធរចិនបានផ្អាកដំណើរការរថភ្លើងរបស់ខ្លួន២១គ្រឿង បន្ទាប់ពីមានហេតុការណ៍បុកគ្នានេះ៕ IN
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes