Friday, July 29, 2011

ធ្លាក់យន្តហោះយោធា នៅម៉ារ៉ុក បានសម្លាប់

អ្នកជិះទាំង៨០នាក់



 ក្រុង​រ៉ាបាតៈ ប្រភព​យោធា និង​មន្ទីរ​ពេទ្យ​បាន​និយាយ​ថា​ យន្ត​ហោះ​ដឹក​ជញ្ជូន​យោធា​មួយ​គ្រឿង បាន​ធ្លាក់​បុក​ចង្កេះ​ភ្នំ​មួយ​នៅ​ក្នុង​អាកាស​​ធាតុ​អាក្រក់​ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ារ៉ុក កាល​ពី​ថ្ងៃ​អង្គារ ដោយ​សម្លាប់​អ្នក​ជិះ​នៅ​លើ​យន្ត​ហោះ​ទាំង​៨០​នាក់​។

 កង​ទ័ព​បាន​និយា​យ​ថា មនុស្ស​៧៨​នាក់ ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ កើត​ហេតុ ហើយ​ពីរ​នាក់​ត្រូវ​បាន​គេ​ប្រញាប់​ប្រញាល់​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​ បន្ទាប់​ពី​យន្ត​ហោះ Hercules C-130 បាន​ធ្លាក់​នៅ​ចុង​វាល​ខ្សាច់​សាហារ៉ា​ នៅ​ក្នុង​មហន្តរាយ​ផ្លូវ​អាកាស​ចរណ៍យោធា​​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​​នេះ។

 ប្រភព​មួយ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​មក​​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ថា អ្នក​រង​របួស​ទាំង​អស់ បាន​ស្លាប់​ ដោយ​សារ​តែ​របួស​របស់​ពួក​គេ​ហើយ។

 មុន​នេះ ក្រុម​អាជ្ញា​ធរ បាន​រាយ​ការណ៍​ថា មនុស្ស​៨១​នាក់​ បាន​ជិះ​នៅ​​លើ​យន្ត​ហោះ​ជួប​វាសនា​អាក្រក់​នោះ និង​​យ៉ាង​តិច​មនុស្ស​៧៨​នាក់​បាន​ស្លាប់ ប៉ុន្តែ​ក្រោយ​មកបាន​បញ្ជាក់​ថា​ អ្នក​ធ្វើ​ដំណើរ​ម្នាក់ មិន​​បាន​ជិះ​យន្ត​ហោះ​នៅ​ក្រុង​ ឡា​យូន​ នៅតំបន់​សាហារ៉ា​ខាង​លិច​នោះ​ទេ ហើយ​ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​​​ក្នុង​ចំនួន​សរុបទាំង​មិន​ត្រឹម​ត្រូវ​។

 ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ដែល​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ MAP  បាន​ទទួល​ថា​ ក្រុម​យោធា ក៏​បាន​និយាយ​ផង​ដែរ​ថា ​មាន​អ្នក​របួស​នៅ​រស់​បី​នាក់​ពីការ​ធ្លាក់​យន្ត​ហោះនេះ​រហូត​មក​ដល់​នឹង​ពេល​នេះ​ ខណៈ​យន្ត​ហោះ​អភ័ព្វ​នោះ ​កំពុង​ចុះ​ចត​នៅ​ក្រុង​ហ្គូអែល​មីម​ ​​បន្ទាប់​ពី​​ហោះ​ហើរ​​ពី​​តំបន់​សាហារ៉ា​​ខាង​លិច​ដែល​មាន​ជម្លោះ ទៅ​តំបន់​ភាគ​ខាង​ជើង​នេះ​។

 ការ​ធ្លាក់​យន្ត​ហោះ​នេះ ជា​មហន្តរាយ​ផ្លូវ​អាកាស​អាក្រក់​បំផុត​នៅ​ម៉ារ៉ុក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣ នៅ​ពេល​ដែល​មនុស្ស​ចំនួន​១០៥​នាក់ បាន​ស្លាប់​បន្ទាប់ពី​យន្ត​ហោះ​រូយ៉ាល់អ៊ែរ ម៉ារ៉ុក បាន​ធ្លាក់​នៅ​ក្បែរ​ក្រុង​រ៉ាបាត​។

 អ្នក​ក្រុង​ហ្គូអែល​មីម​ម្នាក់ បាន​ប្រាប់​រ៉យ​ទ័រ​ថា មាន​អ័ព្ទ​ក្រាស់​នៅ​​ពេល​ដែល​យន្ត​ហោះ​នេះ​ធ្លាក់​ ​នៅ​ម៉ោង​៩​ព្រឹក​ ចម្ងាយ​ប្រមាណ​៧៣០​គ.ម​ខាង​ត្បូង​ក្រុង​រ៉ាបាត​។

 មន្ត្រី​ថ្នាក់​ខេត្ត​ម្នាក់​ បាន​និយាយ ថា​ យន្ត​ហោះ​នោះ​ បាន​ត្រៀម​ខ្លួន​ ចុះ​ចត​នៅ​ព្រលាន​យោធា​ក្នុង​តំបន់​មួយ​ នៅ​ពេល​នោះ ស្រាប់​តែ​ផ្សែង​ ដ៏​ធំ​មួយ​បាន​លេច​ចេញ​ពី​លើ​ភ្នំ។

 លោក​បាន​មាន​ប្រសាសន៍​ថា យន្ត​ហោះ​នេះ បាន​បុក​ចង្កេះ​ភ្នំ​ល្បី​ឈ្មោះ សៃយើត។

 ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ កម្លាំង​ប្រដាប់​អាវុធ​ភូមិន្ទ​ម៉ារ៉ុក នៅ​តែ​និយាយ​ថា​៖ «​ការ​ធ្លាក់​យន្ត​ហោះ​ ដោយ​សារ​តែ​ស្ថាន​ភាព​អាកាស​ធាតុ​អាក្រក់​នេះ បណ្តាល​ឲ្យ​មនុស្ស​៧៨​នាក់​ស្លាប់​ និង​បី​នាក់​ទៀត​ បាន​រង​របួស​ធ្ងន់​»​ ដោយ​ពួក​គេ​មិន​ទាន់​មាន​ចេញ​សេច​ក្តី​បញ្ជាក់​ពីការ​កែ​ប្រែ​ថ្មី​ទេ។

 យោធា បាន​និយាយ​ថា ទាហាន​៦០​នាក់ ជន​ស៊ីវិល​១២​នាក់ និង​ក្រុម​​អាកាស​យានិក​៩​នាក់​ ​ជិះ​នៅ​លើ​យន្ត​ហោះ​នេះ​ ​នៅ​ពេល​ដែល​យន្ត​ហោះ​នេះ​ធ្លាក់​។

 យោធា បាន​អះ​អាង​បន្ថែម​ទៀត​ថា អ្នក​នៅ​រស់​ និង​សាក​សព​៤២​នាក់​ផ្សេង​ទៀត ត្រូវបាន​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​យោធា​ក្បែរ​នោះ​​។

 យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ MAP ឲ្យ​ដឹង​ថា ក្នុង​រាជ​សារ មួយ​ផ្ញើ​ជូន​​សាច់​ញាតិរបស់​ជន​រង​គ្រោះ​ ព្រះ​មហា​ក្សត្រ មូហាម៉ាដ ​ដែល​ដឹក​នាំ​កង​ទ័ព បាន​មាន​​ព្រះ​បន្ទូល​ថា ព្រះ​អង្គ «​មាន​ព្រះ​ទ័យ​តក់​ស្លុត​ជា​ខ្លាំង​ជាមួយ​គ្រោះ​ថ្នាក់​ដ៏​សែន​ឈឺ​ចាប់នេះ»​​។

 យន្ត​ហោះ​នេះ បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ដាខ្លា​ភាគ​ខាង​លិច​នៃ​តំបន់​វាល​ខ្សាច់​សាហារ៉ា ហើយ​គ្រោង​​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង កេ​នី​ត្រា ចម្ងាយ​៤០​គ.ម​ពី​ខាង​ជើង​​រដ្ឋ​ធានីរ៉ាបាត៕ NR

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes