ប្រេងសាំងក្នុងរាជធានីភ្នំពេញគួរក្រោម៤៥០០រៀល
ខណៈនោលើទីផ្សារអន្តរជាតិធ្លាក់ត្រឹម83.57$ ក្នុង១
បារែល
ប្រេងសាំងនៅតាមស្ថានីយធំៗ ក្នុងរាជធានីភ្នំពេញ តម្លៃនៅតែខ្ពស់ដដែលគ្រាន់តែស្រកស្រុត៥០រៀលប៉ុណ្ណោះ ខណៈប្រេងនៅលើទីផ្សារអន្តរជាតិកំពុងធ្លាក់ចុះ នៅសល់តម្លៃ៨៣,៥៧ដុល្លារ ក្នុង១បារែល កាលពីវេលាម៉ោង៣និង១២នាទីម៉ោងសាកលថ្ងៃទី៦ កញ្ញា ២០១១ កន្លងទៅ។ ការមិនចុះតម្លៃឱ្យទាន់ទីផ្សារអន្តរជាតិរបស់ឈ្មួញសាំងនៅកម្ពុជា នេះបង្ហាញឱ្យឃើញពីការឆក់ឱកាសកេងប្រវ័ញ្ចមកលើប្រជាពលរដ្ឋស្លូតត្រង់ ខណៈស្ថាប័នជំនាញមិនមានការកំណត់តម្លៃឱ្យបានត្រឹមត្រូវ។
ប្រេងសាំងនៅតាមស្ថានីយតូតាល់ កាល់តិច និងសូគីម៉ិច បានបង្ហាញតម្លៃរបស់ខ្លួននៅលើផ្ទាំងប៉ាណូថា សាំងស៊ុបពែរតម្លៃ៥.៦០០រៀល សាំងធម្មតា៥.៣៥០រៀល និងប្រេងម៉ាស៊ូត៥.០០០រៀល ឃើញថា មានតម្លៃខ្ពស់ណាស់បើប្រៀបធៀបជាមួយប្រទេសជិតខាង ដែលមានតម្លៃត្រឹម៤.០០០រៀល ចុះក្រោមប៉ុណ្ណោះ ។ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ៨៣,៥៧ដុល្លារ នៅថ្ងៃទី៦ កញ្ញា ២០១១ ឃើញថា ធ្លាក់ចុះជាង៥ដុល្លារ ចាប់តាំងពីថ្ងៃទី១ កញ្ញា ២០១១ មក ដែលមានតម្លៃ៨៨,៩៥ដុល្លារ ក្នុង១បារ៉ែល ។ សូមរំលឹកថា តម្លៃប្រេងក្នុងសប្តាហ៍នេះ មានការស្រុតចុះយ៉ាងខ្លាំងបើធៀបនឹងតម្លៃប្រេង៩៧ ទៅ១០០ដុល្លារ កាលពីដើមឆ្នាំ២០១១។ ក្រុមអ្នកសេដ្ឋវិទូបានពន្យល់ថា កាលតម្លៃប្រេងឡើងដល់៩៧ ទៅ១០០ដុល្លារក្នុង១បារ៉ែល គឺប្រេងសាំងនៅតាមស្ថានីយនានាក្នុងប្រទេសកម្ពុជា ស៊ុបពែរថ្លៃ៥.៧០០រៀល និងធម្មតា៥.៤០០រៀលប៉ុណ្ណោះ ឥឡូវនេះប្រេងសាំងតម្លៃចុះដល់៨៣,៥៧ដុល្លារ នៅលើទីផ្សារអន្តរជាតិ ដូច្នេះវាគួរណាស់តែតម្លៃនៅកម្ពុជាក្រោម៤.៥០០រៀល អាចសមល្មម។
គួរកត់សម្គាល់ថា ពេលប្រេងសាំងនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ ប្រេងសាំងនៅប្រទេសកម្ពុជាមិនទាន់ធ្លាក់ភ្លាមៗទេ ដោយឈ្មួញយកលេសថា ទិញមកស្តុកច្រើន លក់មិនទាន់អស់អាចាស់ រង់ចាំលក់ឱ្យអស់អាចាស់សិន ចាំចុះតម្លៃ ដូច្នេះឃើញថា ទម្រាំលក់អាចាស់អស់ គឺត្រូវពន្យារពីមួយសប្តាហ៍ទៅកន្លះខែឯណោះ ប៉ុន្តែប្រសិនបើប្រេងនៅលើទីផ្សារអន្តរជាតិចាប់ផ្តើមឡើងខ្ពស់មួយក្រឺតវិញ គឺប្រេងសាំងនៅក្នុងប្រទេសកម្ពុជាហក់ឡើងទាំងព្រលឹមអុរតែម្តង មិនរង់ចាំលក់អាចាស់ដែលទិញមកតម្លៃថោកនោះឱ្យអស់សិនទេ។
ត្រង់នេះក្រសួងពាក់ព័ន្ធត្រូវគិតគូរគ្រប់គ្រងឱ្យបានច្បាស់លាស់ លើតុល្យការនៃតម្លៃប្រេងសាំងឡើង និងចុះ ហើយការឡើងចុះនេះបណ្តាលឱ្យមានការរអ៊ូរទាំប្រកែកគ្នារវាងអ្នកលក់តាមស្ថានីយ និងអ្នកចាក់ ដោយអ្នកចាក់ស្រែកឡូឡាថា «សាំងនៅទីនេះឡើងថ្លៃអីក៏ឡើងថ្លៃម៉្លេះ បើនៅលើទីផ្សារអន្តរជាតិចុះតម្លៃហើយ ហេតុអ្វីមិនចុះតាមគេ គិតតែពីឡើង»។
អ្នកលក់តាមស្ថានីយឆ្លើយថា «ខ្ញុំគ្រាន់តែជាអ្នកបម្រើការឱ្យគេទេ លោកអើយ! អ្នកដែលឡើង ឬចុះនោះ គឺថៅកែឯណោះទេ»៕
ពីគេហទំព័រ៖ កោះសន្តិភាព

No comments:
Post a Comment
yes