បុរសម្នាក់ជាប្តីបានកាប់ប្រពន្ធសម្លាប់ចោល និងសម្លាប់ខ្លួនឯង ដោយផឹកថ្នាំកណ្តុរ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ចោលកូនស្រីពីរនាក់ ដោយសារតែជម្លោះរ៉ាំរ៉ៃក្នុងគ្រួសារ។
អំពើឃាតកម្មនោះ បានកើតឡើងទៅលើគ្រួសារកសិករក្រីក្រមួយ កាលពីម៉ោងប្រហែល ៣ និង ២០ នាទី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ នៅក្នុងក្រុមទី១០ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ណុប សំអុន អធិការរងប៉ូលិសស្រុកព្រៃនប់ បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយប្តីឈ្មោះ ជុំ វុត្ថា អាយុ ៣៩ឆ្នាំ ជាកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ជននោះ បានប្រើកាំបិតផ្គាក់ដងវែង កាប់ទៅលើប្រពន្ធ ឈ្មោះ នាក់ អិត អាយុ ៣៦ឆ្នាំ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅកន្លែង។
ចំណែកបុរសជាប្តី ដឹងថា ប្រពន្ធស្លាប់ហើយ ក៏បានសម្រេចចិត្តផឹកថ្នាំកណ្តុរ សម្លាប់ខ្លួនភា្លមៗដែរ។
លោក ណុប សំអុន បានបន្តថា ក្រោយពីបានធ្វើការស្រាវជ្រាវ ទើបដឹងថា គ្រួសារនេះ មានទំនាស់ក្នុងគ្រួសារជាយូរយារមកហើយ ដែលអាជ្ញាធរបានព្យាយាមដោះស្រាយ និងផ្សះផ្សាច្រើនលើករួចមកហើយដែរ។ ប៉ុន្តែអំឡុងពេលប្រហែលជាកន្លះខែមុនថ្ងៃកើតហេតុនេះ ពួកគេបាននាំគ្នាទៅដាក់ពាក្យសុំលែងលះគ្នា នៅសាលាឃុំ។ រីឯភាគីប្រពន្ធបាននាំកូនស្រី ២នាក់ ចុះចេញពីផ្ទះ ទៅស្នាក់នៅផ្ទះម្តាយមីង ដែលមានចំងាយប្រហែលជា ៤០០ ម៉ែត្រ ពីផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឃុំជាមួយគ្នា៕
BY: CEN

No comments:
Post a Comment
yes