ប៉ូលិសតាមចាប់បក្ខពួកចោរប្លន់អាជីវករប្តូរប្រាក់
ពីរនាក់ផ្សេងទៀត
សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យពីរនាក់ទៀត បន្ទាប់ពីធ្វើសកម្មភាពប្លន់បាញ់សម្លាប់ស្ត្រីអាជីវករប្តូរប្រាក់ម្នាក់នៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រមាណមួយអាទិត្យមុននេះ។
លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលកណ្ដាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃអាទិត្យថា៖ «យើងបានចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបីនាក់កាលពីថ្ងៃសៅរិ៍ ហើយយើងកំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួកគេ ចំនួន២នាក់ទៀត»។
លោកបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាយ វណ្ណៈ អាយុ៣១ឆ្នាំ អតីតនគរបាលព្រហ្មទ័ណ្ឌ ខណ្ឌដូនពេញ ដែលជាគូកន និងជា«អ្នកដៃដល់ក្នុងការបាញ់ប្រហារលើជនរងគ្រោះ» ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចម្រុះក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅព្រឹកថ្ងៃសៅរិ៍ នៅភូមិ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មួយសប្តាហ៍ បន្ទាប់ពីជននេះនិងគូកន២នាក់ទៀត ធ្វើសកម្មភាពប្លន់ស្ត្រីរងគ្រោះឈ្មោះ ជួន ធារ៉ា អាយុ៥៤ឆ្នាំ និងកូនប្រុសឈ្មោះផុន ឡាទី អាយុ២១ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅរង្វង់មូលចោមចៅ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីថ្ងៃទី២៨ ខែសីហា។
លោក ម៉ក់ ជីតូ បានបន្តថា តាមចម្លើយសារភាពជនសង្ស័យឡាយ វណ្ណៈ បានបញ្ជាក់ថា គូកនគេពីរនាក់ដែលកំពុងរត់គេចខ្លួន ម្នាក់ឈ្មោះ អ៊ឹង ងួន ជា «មេខ្លោងក្នុងការរៀបចំគម្រោងប្លន់» និងឈ្មោះយាន សុភ័ក្ក្រ អ្នកបើកម៉ូតូ។ អ្នកទាំងពីរធ្លាប់ត្រូវចាប់ខ្លួនដាក់ពន្ធនាគារពីបទចោរកម្ម និងបង្ករបួសស្នាម។
លោក ម៉ក់ ជីតូ ថ្លែងថា៖«គេបាន សារភាពថា គេទទួលបានចំណែក ១៥លានរៀល រួចហើយយកទៅឱ្យប្រពន្ធ២លានរៀលនិងឱ្យម្តាយ២លានរៀល ក្រៅពីនោះ គឺបក្ខពួករបស់គេចែកគ្នា»។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានរឹបអូសកាំភ្លើងកែច្នៃចំនួន៣ដើមដាវមួយដើមនិងលុយបួនលានរៀល វិទ្យុទាក់ទង១គ្រឿង ប៉ុន្តែ រកមិនឃើញកាំភ្លើងដែលគេប្រើក្នុងអំពើប្លន់បាញ់សម្លាប់លើជនរងគ្រោះឡើយ។
លោកបញ្ជាក់ថា៖ « ជំហានដំបូង បន្ទាប់ពីឃើញរូបភាពវីដេអូគ្លីប...ខ្ញុំក៏មានការសង្ស័យថា អំពើប្លន់បាញ់សម្លាប់នេះ មានពាក់ព័ន្ធនឹងសមាជិកក្រុមគ្រួសារជនរងគ្រោះដែរ ប៉ុន្តែ ក្រោយពីការស្រាវជ្រាវនិងចាប់ខ្លួន ឈ្មោះ ឡាយ វណ្ណៈ នេះមិនមានតម្រុយណាមួយបង្ហាញថា អំពើល្មើសនេះមានពាក់ព័ន្ធនឹងសាច់ញាតិរបស់ស្ត្រីរងគ្រោះទេ»។
លោកបានបន្តថា ស្ត្រីរងគ្រោះនិងកូនប្រុសបានជិះម៉ូតូឌុបគ្នា ជាមួយកេសប្រាក់ជាង១០០លានរៀលពីផ្សារអូឡាំពិក ជាទីតាំងធំ ខាងរកស៊ីទិញលក់និងប្តូរប្រាក់។ នៅតាមផ្លូវក្រុមចោរដេញតាមប្រកិត ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោបានបើកម៉ូតូរត់។ លុះទៅដល់ ត្រង់ចំណុចកើតហេតុជនរងគ្រោះ ក៏ផ្តួលម៉ូតូរត់រកឱ្យគេជួយ ប៉ុន្តែ គ្មាននរណាជួយសោះក៏ត្រូវចោរដណ្តើមប្រាក់បាន និងមានការប្រទាញប្រទង់រហូតត្រូវពួកចោរដកកាំភ្លើងបាញ់ទំលុះទ្រូងស្ត្រីរងគ្រោះស្លាប់ ឯកូនប្រុសបានរត់គេចខ្លួនរួច៕
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏


No comments:
Post a Comment
yes