ចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០១១ អង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន(PSF-ONGD)ដោយមានការសហការជាមន្ទីរកិច្ចការនារីខេត្តរតនគីរី បាននឹងកំពុងបណ្ដុះបណ្ដាលស្ត្រីបង្គោលជនជាតិដើមភាគតិចចំនួន ២០០នាក់មកពី១៦៧ភូមិនៅមជ្ឈមណ្ឌលស្ត្រីក្នុងកិច្ចអភិវឌ្ឍន៍ក្នុងក្រុងបានលុង។
ស្ត្រីដែលកំពុងទទួលការបណ្ដុះបណ្ដាលគឺជាមនុស្សសំខាន់នៅក្នុងភូមិ ខ្លះមានតួនាទីជាចាស់ទុំភូមិ ប្រធាន/អនុប្រធានភូមិ ជំនួយការភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ ឆ្មបបុរាណ នារីឃុំទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារនិងកិច្ចការនារីស្រុកជាដើម។ អង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន(PSF-ONGD)ដោយមានការសហការជាមួយមន្ទីរកិច្ចការនារីបានធ្វើការផ្ដល់ចំណេះដឹងដល់ស្ត្រីបង្គោលតាំងពីឆ្នាំ២០០៧មកម្លេះ ដោយមានការបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងពាក់ព័ន្ធពីបញ្ហាសុខភាពមាតា សុខ ភាពបន្តពូជនិងសុខភាពកុមារ ព្រមទាំងបានជួយគាំទ្រពួកគាត់ក្នុងការផ្ទេរចំណេះដឹងទាំងនេះដល់ស្ត្រីដែលរស់នៅក្នុងភូមិរបស់ពួកគាត់។
ជាធម្មតាស្ត្រីបង្គោលទាំង២០០នាក់ត្រូវបានបែងចែកជាក្រុម ដោយក្នុងមួយក្រុមមានប្រហែលជា២៣នាក់ទៅតាមជនជាតិនិងភាសាដែលពួកគាត់និយាយ។ ពួកគាត់ត្រូវឡើងមកក្រុងបានលុងដើម្បីទទួលការបណ្ដុះបណ្ដាលរយៈពេលមួយសប្ដាហ៍ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រដោយស្នាក់នៅរួមគ្នា សិក្សារួមគ្នានៅមជ្ឈមណ្ឌលហើយពួកគាត់ត្រូវបានបណ្ដុះបណ្ដាលពីវិធីសាស្ត្រដើម្បីធ្វើអោយមានការចូលរួម អំពីសិទ្ធិ បញ្ហាសុខភាព យេនឌ័រ និងបញ្ហាអំពើហិង្សា...។
សៀវភៅណែនាំសម្រាប់ស្ត្រីដែលផលិតដោយវិទ្យាស្ថានបើកទូលាយ(OI)និងអង្គការសន្តិភាពនិងការអភិវឌ្ឍន៍(PyD)ត្រូវបានកែសម្រួលដោយអង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន(PSF-ONGD)ដើម្បីប្រើប្រាស់ជាសម្ភារៈសិក្សាមួយសម្រាប់បណ្ដុះបណ្ដាលដល់សហគមន៍ជនជាតិដើមភាគតិច។ នៅអំឡុងពេលបណ្ដុះបណ្ដាលគ្រូសម្របសម្រួលដែលមានបទពិសោធន៍ និងស្ត្រីបង្គោលបានចែករំ លែកចំណេះដឹងនិងបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ហើយការពិភាក្សានិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះមិនត្រឹមតែនៅពេលសិក្សានោះទេសូម្បីតែនៅហូបបាយ ពេលសម្រាក ងូត ទឹកពួកគាត់បានពិភាក្សាគ្នារហូតព្រមទាំងបានបង្កើនទំនាក់ទំនងរវាងគ្នានិងបង្កើតបណ្ដាញស្ត្រីមិនផ្លូវការមួយទៀតផង។
នៅពេលពួកគាត់ត្រឡប់ទៅភូមិរៀងៗខ្លួនវិញ ការផ្ទេរចំណេះដឹងត្រូវបានធ្វើឡើងគឺមិនត្រឹមតែចំណេះដឹងដែលបានសិក្សាបណ្ណោះទេ បទពិសោធន៍ដែលទទួលបានពីស្ត្រីនៅតាមភូមិដទៃៗក៏ត្រូវបានផ្សព្វផ្សាយបន្តដល់ ប្រជាជននៅក្នុងភូមិផងដែរ៕
ពីគេហទំព័រ៖ អំពីស្រ្តី

No comments:
Post a Comment
yes