Tuesday, October 18, 2011

បារ៉ាក់ អូបាម៉ា គ្រោង​មក​កម្ពុជា


  លោក​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក Barack Obama គ្រោង​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ មិ្សល​មិញ។
មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ រវាង​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ហោ ណាំហុង និង​លោក David Carden ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន លោក កុយ គួង បាន​ថ្លែង​ថា កម្ពុជា​រំពឹង​ថា​នឹង​ទទួល​ស្វាគមន៍​លោក​ប្រធានា​ធិបតី​អាមេរិក​នៅ​ក្នុង​ ជំនួប​ប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នា​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ។
លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama នឹង​មក​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ អាស៊ាន-​អាមេរិក​នា​ឆ្នាំ​ក្រោយ»។
យ៉ាង​ណា​ក្តី ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​រាជ​ធានី​ភ្នំពេញ​ ពុំអាច​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​នោះ​ទេ។ លោក Sean McIntosh អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖ ​«យើង​ពុំ​ទាន់​បាន​ឮ​អ្វី​ពី​សេត​វិមាន​នៅ​ឡើយ​ទេ។ វា​ពុំ​ទាន់​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​»។
លោក កុយ គួង បាន​បន្ត​ថា ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ធ្វើ​ឡើង ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​នា​ឆ្នាំ​ក្រោយ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា។ បើ​ទោះ​បី​លោក Obama ចាញ់​ការ​​បោះ​ឆ្នោត​នោះ​ក្តី លោក​នឹង​នៅ​តែ​ជា​ប្រធានា​ធិបតី​ចាំ​ផ្ទះ​រហូត​ដល់​ខែ​មករា ឆ្នាំ ២០១៣ នៅ​ពេល​ដែល​ប្រធានា​ធិបតី​ថ្មី​នឹង​ស្បថ​ចូល​កាន់​តំណែង។
បើ​ទោះ​បី​ជា​ពុំ​មាន​ការ​បញ្ជាក់​ពី​ស្ថាន​ទូត​អាមេរិក​ក្តី លោក​ឯក​អគ្គ​រដ្ឋ​ទូត Carden នៅ​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នក​កាសែត​ក្រោយ​ជំនួប​របស់​លោក ជាមួយ​លោក ហោ ណាំហុង ហាក់​ដូច​ជា​បង្ហាញ​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​ប្រធានា​ធិបតី​ជិត​នឹង​កើត​ឡើង​ហើយ។
លោក Carden បាន​គូស​បញ្ជាក់​ថា៖ ​«កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​កំណត់​នា​ឆ្នាំ​ក្រោយ​...គឺ​ក្រោយ​ការ​បោះ​ ឆ្នោត​ប្រធានា​ធិបតី​ដើម្បី​ទុក​ឲ្យ​ប្រធានា​ធិបតី​របស់​ខ្ញុំ...នូវ​ឱកាស ​មក​ចូល​រួម​ជំនួប​ប្រជុំ​កំពូល EAS និង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​នៅ​ទី​នេះ​នា​ឆ្នាំ​ក្រោយ»។
សហ​រដ្ឋ​អាមេរិក​បាន​គាំទ្រ​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​ ក្នុង​ការ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​ នេះ ដែល​នេះ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា បង្ហាញ​ដល់​ប្រទេស​ដទៃ​ទៀត អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ដឹក​នាំ​អាស៊ាន។
លោក ​កុយ​ គួង ​បាន​បញ្ជាក់​ថា៖ «លោក David Carden ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​តំបន់​អាស៊ាន បាន​ថ្លែង​ថា វា​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ប្រាប់​ទៅ​ប្រទេស​ដទៃ​ទៀត អំពី​ការ​ដឹក​នាំ​របស់​យើង​ ហើយ​យើង​នឹង​លើក​ឡើង​នូវ​ចំណុច​សំខាន់ ៣ រួម​មាន​សន្តិ​សុខ​ស្បៀង គ្រោះ​មហន្ត​រាយ និង​ការ​លុប​បំបាត់​ការ​កើត​មាន​ជំងឺ​ឆ្លង»។
លោក David Carden ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន បាន​ថ្លែង​ថា៖ «ដូច​អ្នក​រាល់​គ្នា​បាន​ដឹង​រួច​ហើយ​ កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ហើយ​ស្ថាន​បេសកកម្ម​សហ​រដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្តល់​ជំនួយ​គាំទ្រ ដែល​អាច​ផ្តល់​ដល់​ប្រទេស​កម្ពុជា នៅ​ក្នុង​​​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ធ្ចើ​ជា​ប្រធាន​អាស៊ាន និង​ឆ្នាំ​ខាង​មុខ​ទៀត​។
លោក​ឯក​អគ្គ​រដ្ឋ​ទូត​បាន​បញ្ជាក់​ថា៖ «​មាន​ឱកាស​ជា​ច្រើន​នៅ​ក្នុង​តំបន់ ហើយ​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​។ ដូច្នេះ​យើង​សង្ឃឹម​ថា នឹង​មាន​កិច្ច​ពិភាក្សា​ហ្មត់​ចត់​នៅ​ឆ្នាំ​ក្រោយ​ ដូច​ដែល​បាន​កើត​មាន​រួច​ហើយ នា​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ នៅ​ក្នុង​អាស៊ាន»។
លោក​បាន​បន្ត​ថា៖ «បណ្តា​ប្រទេស​ក្នុង​អាស៊ាន​បាន​ដឹក​នាំ​អាស៊ាន​ច្បាស់​លាស់​នា​ប៉ុន្មាន​ ឆ្នាំ​កន្លង​មក​នេះ ហើយ​យើង​ជឿ​ជាក់​ថា កម្ពុជា​នឹង​ផ្តល់​ការ​ដឹក​នាំ​បែប​នោះ​។ ​យើង​ចាប់​អារម្មណ៍​លើ​បញ្ហា​នានា ដែល​កម្ពុជា​អាច​ចាប់​អារម្មណ៍​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​»​៕​


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes