Tuesday, October 4, 2011

ប្រជាពលរដ្ឋ​រុករក​រ៉ែ​ ពុល​រដូករណែល​ត្រូវ​សង្គ្រោះ​បន្ទាន់​


 ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ជួល​ឲ្យ​ទៅ​រុករក​រ៉ែ​មាស​នៅ​ភ្នំព្រឹក​បាន​ពុល​ជាតិ​គីមី​រដូករណែល​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ពីរ​នាក់​ធ្ងន់ធ្ងរ​ត្រូវ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ថៃ​ដើម្បី​ជួយ​សង្គ្រោះ។​
ហេតុការណ៍​ពុល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៥និង៣០នាទី ទៀបភ្លឺ​ថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០១១​ នៅ​ចំណុច​ភូមិ​ភ្នំព្រឹក​ ឃុំ ភ្នំព្រឹក ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង។
ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹ​ងថា​ទីតាំង​នោះ ត្រូវ​ក្រុមហ៊ុន​ចិន ឈ្មោះ យូ យ៉ាន បាន​ជួល​កម្មករ​រុករក​រ៉ែ​មាស​ជាច្រើន​ខែ​មកហើយ។ ការរុករក​នោះ​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​កម្មករ​រាប់​សិប​នាក់​បាន​ខួង​ដី​រក​រ៉ែ ប៉ុន្តែ​នៅពេល​កើតហេតុ​នោះ​កម្មករ​ពីរ​នាក់​បាន​ទន់ដៃទន់ជើង សន្លប់ ទំនងជា​ពុល​នឹង​សារ​ធាតុគីមី ត្រូវ​បាន​សង្គ្រោះ​ជាបន្ទាន់ ហើយ​កម្មករ​ដ៏ទៃទៀត​ក៏មាន​អាការៈ​ពុល​ស្រដៀង​គ្នា​នេះ​ដែរ គ្រាន់តែ​មិនសូវ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។
សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​កម្មករ​ពុល​នោះ​គេ​មិន​ទាន់បាន​ពិសោធន៍​មើល​ថា​វា​បណ្ដាលមកពី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ។
អាជ្ញាធរ​បាន​បង្ហើប​ប្រាប់​កម្ពុ​ជាថ្មី​ទៀត​ថា សកម្មភាព​រុករក​រ៉ែ​នេះ​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ មាន​ទាំង​ក្រុមហ៊ុន រុករក​រ៉ែ​ស្របច្បាប់ និង ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ទៅ​ជីក​រក​រ៉ែ​យ៉ាង​អនាធិបតេយ្យ គឺ​គ្មាន​ការទប់ស្កាត់​នោះទេ៕




ពីគេហទំព័រ៖ កម្ពុជាថ្មី 

No comments:

Post a Comment

yes