Tuesday, October 18, 2011

ទឹកជំនន់​មកពី​ភាគ​ខាងជើង​នឹង​ទៅ​ដល់​បាងកក​នៅ​ថ្ងៃស្អែក​


អភិបាល​ក្រុង​បាងកក​លោក ស៊ូ​ខុម​បាន ផា​រី​បា​ត្រា បាន​ព្រមាន​ថា​រដ្ឋធានី​ថៃ​អាច​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​នៅ​ថ្ងៃស្អែក​នៅពេល​បរិមាណ​ទឹក​ដ៏​ធំ​ហូរ​មក​ពី​ខាងជើង​បាន​ចូល​ដល់​សង្កាត់​ក្លង រ៉ាង​ស៊ីត ជាហេតុ​ធ្វើអោយ​ភាគ​ខាងជើង​ក្រុង​ប្រឈម​ការ​ជន​លិច​។​
​ការព្រមាន​បាន​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​បញ្ជាការ​ប្រតិបត្តិ​ការជួយ​សង្គ្រោះ​ទឹកជំនន់​របស់​រដ្ឋាភិបាល​បានប្រកាសថា​ក្រុង​បាងកក​ប្រហែលជា​គេចផុត​ពី​ការលិចលង់​ដោយសារ​ទឹក​មួយ​ភាគ​ធំ​ដែល​ហូរ​មក​ពី​ខាងជើង​បាន​ហូរ​ហួស​ទីក្រុង​រួចហើយ​។​
​តែ​បន្ទាប់​ពី​ស្តាប់​របាយការណ៍ លោក​ស៊ូ​ខុម​បាន​បាន​ធ្វើ​សន្និសីទកាសែត​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ចន្ទ​និង​ប្រកាស​ថា​ទឹក​ត្រូវ​គេ​រំពឹងថា​នឹង​មកដល់​អាកាសយានដ្ឋាន​ដន​មឿង​នៅ​រយៈពេល​៤៨​ម៉ោង​ទៀត​។​
​ក្នុងពេលេ​ជាមួយគ្នា​នៅ​ថ្ងៃ​អង្គារ​នេះដែរ ទាហាន បុគ្គលិក​មន្ត្រី​រដ្ឋការ​ស៊ីវិល​និង​ប្រជាជន​ក្នុង​ក្រុង​បាងកក​បាននាំគ្នា​បន្ថែម​ដី​ជាង​១​លាន​បាវ​ទៀត​នៅតាម​ទំនប់​ការពារ​ទឹក​ជំនន់​នៅ​ខាងជើង​ក្រុង​។​
​យ៉ាងតិច​មនុស្ស​៣១៥​នាក់​បាន​ស្លាប់​ក្នុង​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ថៃ​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ​។​ទឹកភ្លៀង​រដូវវស្សា​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​កក្កដា​បាន​ពន្លិច​២​ភាគបី​នៃ​ប្រទេស​និង​តំបន់​ខ្លះ​នៅក្រោម​ទឹក​ជំរៅ​២​ម៉ែត្រ​នៅ​ឡើយ​។​
​នៅ​ក្រៅ​ក្រុង​បាងកក មនុស្ស​រាប់ពាន់​នាក់​នៅ​ត្រូវ​ចាកចោល​ផ្ទះ​សម្បែង​របស់​គេ​នៅឡើយ​និង​ពួក​អ្នកស្រុក​ដែល​អត់ឃ្លាន​កំពុង​តស៊ូ​រស់​នៅ​បណ្តា​ទីប្រជុំជន​ដែល​លិច​ពាក់កណ្តាលៗ​នៅឡើយ​។​
​ការខូចខាត​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ពេល​កិច្ចខិតខំ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​សង្គ្រោះ​តំបន់ឧស្សាហកម្ម​ណា​វ៉ា ណា​ខន​នៅ​ខេត្ត​ផា​ធូ​ម ថា​នី​បាន​បរាជ័យ​។​
​ភាព​ជ្រួលច្របល់​បាន​កើតមាន​នៅ​ពេល​មនុស្សជាង​២០០.០០០​នាក់​ត្រូវបាន​បញ្ជា​អោយ​ចាកចេញ​ពី​តំបន់ឧស្សាហកម្ម​ណា​វ៉ា ណា​ខន​នៅក្នុង​ខេត្ត​ផា​ធូ​ម ថា​នី​កាលពី​ថ្ងៃ​ម្សិលមិញ​និង​អ្នក​ភៀសខ្លួន​នៅតាម​ជម្រក​បណ្តោះអាសន្ន​រួចហើយនោះ​ក៏​ត្រៀម​ភៀសខ្លួន​បន្តទៀត​ដោយ​ភ័យខ្លាច​ទឹកនឹង​មកដល់​។​
​មុន​ពេល​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ ទំនប់​ទឹក​កំពស់​៥​ម៉ែត្រ​នៃ​តំបន់ឧស្សាហកម្ម​ណា​វ៉ា ណាខ​ន​បាន​បាក់ ដោយ​បញ្ជូន​ទឹកជំនន់​ចូល​ទីតាំង​ដែល​មាន​រោងចក្រ​ជាង​២០០​នេះ​។​
​ណា​វ៉ា ណា​ខន​មាន​រោងចក្រ​ជាង​២០០​ជាមួយ​កម្មករ​ប្រមាណ​១៧៥.០០០​នាក់​។​តំបន់​នេះ​មាន​មនុស្ស​រស់​នៅ​ជាង​៣០.០០០​គ្រួសារ​ជាង​មួយ​អ្នកស្រុក​ជាង​១០០.០០០​នាក់​ផង​ដែរ​។​
​រហូតមក​ទល់​ថ្ងៃ​អង្គារ​នេះ ទាហាន​ប្រមាណ​៦០០​នាក់​នៅ​ខិតខំ​ទប់ស្កាត់​ការខូចខាត​អោយ​នៅ​តិច​បំផុត​នៅ​តំបន់ឧស្សាហកម្ម​ណា​វ៉ា ណា​ខន តែ​ទោះជា​យ៉ាងណា​៩០​ភាគរយ​នៃ​តំបន់​នេះ​បាន​លិចលង់​រួចហើយ​។​
​យ៉ាងតិច​ឧទ្យាន​ឧស្សាហកម្ម​ចំនួន​៤​បាន​ជន់​លិច ជាហេតុ​នាំ​អោយ​កម្មករ​ដល់​ទៅ​១០០.០០០​នាក់​សម្រាក​ពី​ការងារ រំខាន​ការផ្គត់ផ្គង់​ជាពិសេស​ផ្នែក​ផ្សំ​នៃ​រថយន្ត​និង​គ្រឿង​អេឡិចត្រូនិច​។​
​ក្រសួង​ការងារ​បាន​និយាយ​ថា​មនុស្ស​ជាង​២៦០.០០០​នាក់​បាន​បាត់បង់​ការងារ​និង​ស្ថាប័ន​និង​ក្រុមហ៊ុន​៦.៥៣៣​បាន​បិទ​នៅ​ទូទាំង​ប្រទេស​ដោយសារ​តែ​ទឹកជំនន់​៕

No comments:

Post a Comment

yes