ជំនួយសម្រាប់ប្រជាពលរដ្ឋកម្ពុជារងគ្រោះដោយទឹកជំនន់ ដែលផ្តល់ដោយរដ្ឋាភិបាលចិន មានតម្លៃសរុប ៥០ លានយ៉ន់ ស្មើនឹងប្រមាណ ៨ លានដុល្លារ ត្រូវបានដឹកនាំតាមយន្តហោះពិសេសរបស់ចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ កាលពីរសៀលថ្ងៃទី១៥តុលា ឆ្នាំ២០១១។
ពិធីប្រគល់ និងទទួលអំណោយសង្គ្រោះបន្ទាន់ទាំងនោះ ត្រូវបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលរួមដោយលោក ផាន ក្វាងស៊ីវ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ញឹម វណ្ណដា អនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។
លោក ផាន ក្វាងស៊ីវ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនោះថា រដ្ឋាភិបាល និងប្រជាជនចិន មានការអាណិតអាសូរដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងពីខែកញ្ញា ដោយមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលប្រជាជនចិន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់នេះ ដល់ប្រជាជនកម្ពុជា ដើម្បីឲ្យឆ្លងផុតពីការលំបាក។ ជំនួយនេះ គិតជាទឹកប្រាក់មានចំនួន ៥០ លានយ៉ន់ ដែលស្មើប្រមាណ ៨ លានដុល្លារ។ ក្នុងនោះ មានថ្នាំពេទ្យ ជាង ៥០ ប្រភេទ មុង ភួយ និងតង់ ដែលជាជម្រកសម្រាប់ស្នាក់នៅ។ ជំនួយទាំងនោះ ដឹកតាមយន្តហោះពិសេសរបស់រដ្ឋាភិបាលចិន ២ គ្រឿង ដោយមួយគ្រឿងមកដល់នៅថ្ងៃនេះ និងមួយគ្រឿងទៀត នឹងមកដល់ភ្នំពេញ នៅថ្ងៃស្អែក។
លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា កម្ពុជា និងចិន មានទំនាក់ទំនងជាមិត្តភាពរឹងមាំ និងស្និទ្ធស្នាលជាមួយគ្នា ហើយប្រជាជនចិន និងរដ្ឋាភិបាលចិន នឹងរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាលំបាក ដោយគ្រោះទឹកជំនន់ពេលនេះ។
ចំណែកលោក ញឹម វណ្ណដា អនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងក្នុងពិធីទទួលជំនួយរបស់រដ្ឋាភិបាលចិន ដោយថ្លែងអំណរគុណចំពោះទឹកចិត្តសម្បុរសរបស់រដ្ឋាភិបាលចិន។
លោក ញឹម វណ្ណដា បានលើកឡើងថា អំណោយរបស់រដ្ឋាភិបាលចិន ដែលមានតម្លៃ ៨ លានដុល្លារ ច្រើនជាងគេ នឹងផ្តល់ទៅគ្រប់តំបន់រងគ្រោះ ដោយទឹកជំនន់នៅកម្ពុជា។ ចំណែកថ្នាំពេទ្យ នឹងត្រូវចែកទៅកាន់មណ្ឌលសុខភាពទាំងអស់ នៅតំបន់ដែលលិចលង់។
អំពីផលប៉ះពាល់ដោយសារទឹកជំនន់ នៅពេលនេះ ត្រូវបានលោក ញឹម វណ្ណដា លើកឡើងថា មកដល់ថ្ងៃទី១៥តុលា ឆ្នាំ២០១១ នៅទូទាំងប្រទេសមានមនុស្សស្លាប់ដោយទឹកជំនន់ចំនួន ២៤៧ នាក់ ហើយទឹកជំនន់លិចលង់នៅខេត្តរាជធានី ចំនួន ១៨ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ១,៥ លាននាក់។ ដីស្រែលិចលង់ជាង ៥ សែនហិកតា និងខូចខាតទាំងស្រុងចំនួនជាង ២ សែនហិកតា។ ចំណែកសាលារៀនជាង ១០០០ កន្លែង ត្រូវលិចទឹក។ ខូចខាតផ្លូវលំប្រមាណ ២៤.០១២ គីឡូម៉ែត្រ។ ប្រព័ន្ធធារាសាស្ត្រខូចខាតជាង ២០០ គីឡូម៉ែត្រ។
លោក ញឹម វណ្ណដា ក៏បានសម្តែងការព្រួយបារម្ភពីការឆ្លងរាលដាលជំងឺ នៅក្រោយពេលទឹកស្រក នាពេលនេះ ពិសេសជំងឺឆ្លងលើសត្វគោ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន។
តាមលោក ញឹម វណ្ណដា គ្រោះមហន្តរាយដោយទឹកជំនន់ពេលនេះ មានសភាពធ្ងន់ធ្ងរជាងឆ្នាំ២០០០។ ពោលគឺការខូចខាតដោយសារទឹកជំនន់នៅឆ្នាំ២០០០ គិតជាទឹកប្រាក់មានប្រមាណ ១៦១ លានដុល្លារ។ ប៉ុន្តែការខូចខាតដោយសារគ្រោះទឹកជំនន់នៅឆ្នាំ២០១១នេះ អាចនឹងច្រើនជាង ១៦១ លានដុល្លារ៕
BY:CEN
No comments:
Post a Comment
yes