Saturday, October 15, 2011

ជំនួយ​របស់​ចិន តម្លៃ​ប្រមាណ ៨ លាន​ដុល្លារ ដឹក​មក​ដល់​ភ្នំពេញ​ហើយ​


ជំនួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន មាន​តម្លៃ​សរុប ៥០ លាន​យ៉​ន់ ស្មើ​នឹង​ប្រមាណ ៨ លាន​ដុល្លារ ត្រូវបាន​ដឹកនាំ​តាម​យន្តហោះ​ពិសេស​របស់​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១១​។ 


ពិធី​ប្រគល់ និង​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ទាំងនោះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចូលរួម​ដោយ​លោក ផាន ក្វាង​ស៊ីវ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោក ញឹម វណ្ណដា អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប​ផ្សេងទៀត​។​


លោក ផាន ក្វាង​ស៊ីវ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា រដ្ឋាភិបាល និង​ប្រជាជន​ចិន មាន​ការអាណិតអាសូរ​ដល់​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ ចាប់តាំងពី​ខែ​កញ្ញា ដោយ​មាន​មនុស្ស​ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​លើកឡើង​ថា រដ្ឋាភិបាល​ប្រជាជន​ចិន បានសម្រេច​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​នេះ ដល់​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ឆ្លង​ផុតពី​ការលំបាក​។ ជំនួយ​នេះ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥០ លាន​យ៉​ន់ ដែល​ស្មើ​ប្រមាណ ៨ លាន​ដុល្លារ​។ ក្នុងនោះ មាន​ថ្នាំពេទ្យ ជាង ៥០ ប្រភេទ មុង ភួយ និង​តង់ ដែល​ជា​ជម្រក​សម្រាប់​ស្នាក់នៅ​។ ជំនួយ​ទាំងនោះ ដឹក​តាម​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល​ចិន ២ គ្រឿង ដោយ​មួយគ្រឿង​មក​ដល់​នៅ​ថ្ងៃនេះ និង​មួយ​គ្រឿង​ទៀត នឹង​មកដល់​ភ្នំពេញ នៅ​ថ្ងៃស្អែក​។​

​លោក​ឯកអគ្គរដ្ឋទូត​ចិន បាន​លើកឡើង​ថា កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​ជា​មិត្ត​ភាពរឹងមាំ និង​ស្និទ្ធស្នាល​ជាមួយគ្នា ហើយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន នឹង​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហាលំបាក ដោយ​គ្រោះទឹកជំនន់​ពេលនេះ​។​

​ចំណែក​លោក ញឹម វណ្ណដា អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​លើកឡើង​ក្នុង​ពិធី​ទទួល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដោយ​ថ្លែង​អំណរគុណ​ចំពោះ​ទឹកចិត្ត​សម្បុរ​ស​របស់​រដ្ឋាភិបាល​ចិន​។​

​លោក ញឹម វណ្ណដា បាន​លើកឡើង​ថា អំណោយ​របស់​រដ្ឋាភិបាល​ចិន ដែល​មាន​តម្លៃ ៨ លាន​ដុល្លារ ច្រើនជាងគេ នឹង​ផ្តល់​ទៅ​គ្រប់​តំបន់​រងគ្រោះ ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ ចំណែក​ថ្នាំពេទ្យ នឹង​ត្រូវ​ចែក​ទៅ​កាន់​មណ្ឌល​សុខភាព​ទាំងអស់ នៅ​តំបន់​ដែល​លិចលង់​។​

​អំពី​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅពេលនេះ ត្រូវបាន​លោក ញឹម វណ្ណដា លើកឡើងថា មកដល់​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១១ នៅ​ទូទាំង​ប្រទេស​មាន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​ចំនួន ២៤៧ នាក់ ហើយ​ទឹកជំនន់​លិចលង់​នៅ​ខេត្ត​រាជធានី ចំនួន ១៨ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ១,៥ លាន​នាក់​។ ដីស្រែ​លិចលង់​ជាង ៥ សែន​ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន​ជាង ២ សែន​ហិកតា​។ ចំណែក​សាលារៀន​ជាង ១០០០ កន្លែង ត្រូវ​លិច​ទឹក​។ ខូចខាត​ផ្លូវលំ​ប្រមាណ ២៤.០១២ គីឡូម៉ែត្រ​។ ប្រព័ន្ធធារាសាស្ត្រ​ខូចខាត​ជាង ២០០ គីឡូម៉ែត្រ​។​

​លោក ញឹម វណ្ណដា ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ នៅក្រោយពេល​ទឹក​ស្រ​ក នាពេលនេះ ពិសេស​ជំងឺឆ្លង​លើ​សត្វ​គោ​។ ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​។​

​តាម​លោក ញឹម វណ្ណដា គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​ពេលនេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០០០​។ ពោល​គឺ​ការខូចខាត​ដោយសារ​ទឹកជំនន់​នៅ​ឆ្នាំ​២០០០ គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ១៦១ លាន​ដុល្លារ​។ ប៉ុន្តែ​ការខូចខាត​ដោយសារ​គ្រោះទឹកជំនន់​នៅ​ឆ្នាំ​២០១១​នេះ អាច​នឹង​ច្រើនជាង ១៦១ លាន​ដុល្លារ​៕​




BY:CEN

No comments:

Post a Comment

yes