Sunday, October 2, 2011

HRW៖ វៀតណាមត្រូវតែដោះលែងអ្នកចលនា សាសនាជាបន្ទាន់


 ថ្ងៃនេះ ទី ៣០ ខែកញ្ញា ពីទីក្រុងញីវយ៉ក សហរដ្ឋ អាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញរដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាម «ធ្វើការ បង្ក្រាបនិងជិះជាន់លើសេរីភាពសាសនា» នៅវៀត ណាម។ សេចក្តីថ្លែងការណ៍នេះ អង្គការឃ្លាំមើលសិទ្ធិ មនុស្ស បានប្រកាស ជម្រុញឲ្យអាជ្ញាធរវៀតណាម ដោះលែងជាបន្ទាន់នូវមនុស្សទាំង ១៥នាក់ ដែលត្រួវ ចាប់ខ្លួនព្រោះពួកគេបានបញ្ចេញទស្សនៈ អំពីជំនឿ របស់ខ្លួននិងជម្រុញឲ្យបញ្ឈប់ជា បន្ទាន់នូវការបង្ក្រាបទៅលើក្រុមអ្នកផ្សព្វផ្សាយសាសនា នៅក្នុងប្រទេស វៀតណាម។
យោងតាម សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា អាជ្ញាធរវៀតណាម បានបង្កើនការចាប់ខ្លួនអ្នកផ្សព្វផ្សាយ សាសនា និងអ្នកប្រជាធិតបតេយ្យចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១១ ចាប់តាំងពីអ្នកផ្សព្វផ្សាយ សាសនាយ៉េស៊ូ ៣នាក់ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ តឹង ស៊ើងញឹក នាទីក្រុងព្រៃនគរ ខណៈ ដែលពួកគេបានវិលត្រឡប់មកពីបរទេសវិញ។ ក្នុងកំលុងពេល ៧សប្តាហ៍ក្រោយមក អាជ្ញាធរបានចាប់ខ្លួន អ្នកផ្សាយ សាសនាចំនួន ១២ នាក់ថែមទៀត ។ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ១០ នាក់ត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ថា បានល្មើសនឹងមាត្រាទី ៧៩ នៃច្បាប់ ព្រហ្មទណ្ឌដែលជាបទ «មានគម្រោងផ្តួលរំលំរដ្ឋាភិបាល»ហើយត្រូវទទួលទោសជាប់ ពន្ធនាគារពី ៥ ដល់ ១៥ ឆ្នាំ សម្រាប់អ្នករួមដៃ និង ១២ ឆ្នាំ ដល់ជាប់គុកអស់មួយជីវិត ឬប្រហារជីវិតសម្រាប់អ្នក ដែលអាជ្ញាធរវៀតណាមចាត់ទុកថាជា«មេខ្លោង» ឬជាអ្នក មានសកម្មភាព «បង្កគ្រោះថ្នាក់យ៉ាងខ្លាំង» ដល់បក្សកុម្មុយនិស្តវៀតណាម។
លោក Phil Robertson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមាន ប្រសាសន៍ថា៖ «ករណី ចាប់ខ្លួនថ្មីៗបំផុតនេះ វាជាការសម្ដែងឲ្យឃើញនូវអរិភាពរបស់ រដ្ឋាភិបាលវៀតណាមចំពោះអ្នកដែលចង់ បានសេរីភាពក្នុងការប្រតិបត្តិសាសនាដែល មិនឋិតនៅក្រោមបង្គាប់បញ្ជាពីរដាភិបាល»
លោក Phil Robertson បានមានប្រសាសន៍បន្តទៀតថា៖ «សកម្មភាពរបស់រដ្ឋាភិបាល វៀតណាមចំពោះ អ្នកចលនា សេរីភាពសាសនា ដោយសន្តិវិធីនោះ គឺជាការកត់សម្គាល់ មួយយ៉ាងច្បាស់បង្ហាញឲ្យឃើញពីស្ថាន ភាពនៃការរំលោភសិទ្ធិមនុស្សកាន់ធ្ងន់ធ្ងរនៅ ក្នុងប្រទេសវៀតណាម» ។
ទាក់ទងនឹងសេរីភាពក្នុងការដើរហើរនៅក្នុងប្រទេសវៀតណាម លោក Phil Robertson បានបញ្ជាក់ថា៖«សេរីភាពក្នុងការដើរហើរគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សត្រូវបាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញា នៃប្រទេស វៀតណាម និងត្រូវបានការពារដោយកតិកាសញ្ញា អន្តរជាតិស្តីអំពីសិទ្ធិមនុស្សដែលវៀតណាម ក៏បានចុះ ហត្ថលេខាគាំទ្រផងដែរ»
លោក Phil Robertson បានបន្ថែមទៀតថា៖ «ការដែលរដ្ឋាភបាលវៀតណាមរាំងខ្ទប់ មិនឲ្យក្រុមមេដឹកនាំ សាសនាយ៉េស៊ូចេញទៅក្រៅប្រទេសដើម្បីចូលរួមពិធីបុណ្យ សាសនានោះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ច្បាប់នៅ ក្នុងប្រទេសវៀតណាមត្រូវបាន គេមើលងាយដល់កម្រិតទាបបំផុត»
នៅក្នុងសេចក្តីថ្លែងការនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរំឮកដល់ឈ្មោះដែលត្រូវ បានអាជ្ញាធរបក្សកុម្មុយ និស្តវៀតណាមចាប់ខ្លួនរួមមាន លោក គូ វី ហា វៅ (Cù Huy Hà Vũ) មេធាវីសិទ្ធិមនុស្ស លោក ង្វៀង វ៉ាំង ឡៀ (Nguyễn Văn Lía) អ្នកចលនាសាសនា ហ្វាហាវ (Hòa Hảo) លោក ង្វៀង វ៉ាំង ហាយ (Nguyễn Văn Hải) អ្នកសរសេរប្លក់នៅវៀតណាម ព្រមទាំងអ្នកដឹកនាំសាសនា និងអ្នកប្រជាធិបតេយ្យជាច្រើនរូបទៀត។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយថ្មីៗស្តីអំពីសេរីភាពសាសនា នៅវៀតណាម ក្រសួងការបរទេសសហ រដ្ឋអាមេរិកបានបញ្ជាក់ថា «នៅតែបន្តមានការរំលោភសិទ្ធិ សាសនានៅក្នុងប្រទេសវៀតណាម» និងបាន បន្ថែមថា «មិនមានការផ្លាស់ប្តូរអំពី កម្រិតនៃការគោរពសាសនា ពីរដ្ឋាភិបាលវៀតណាម ក្នុងកំលុង ពេលនៃការវាយតម្លៃ ទៅលើរបាយការណ៍នេះ» ។
ចុងបញ្ចប់នៃសេចក្តីថ្លែងការរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phil Robertson បានផ្តល់អនុសាសន៍ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវៀតណាមថា៖ «រដ្ឋការក្រុង Washington ត្រូវតែទទួលស្គាល់ជាសារ ធារណៈថា រដ្ឋាភិបាលវៀតណាមបង្ក្រាបយ៉ាងចាស់ដៃ ទៅលើអ្នកបញ្ចេញយោបល់ខ្វែងគំនិតអំពីសាសនា និងដាក់សម្ពាធទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងដល់អ្នកទាំងឡាយដែលកំពុងជាប់នៅក្នុងគុក ដោយ ពួកគេបានបញ្ចេញសំឡេងតាមផ្លូវចិត្តរបស់ខ្លួនដែលមិនមែនជាមាគ៌ារបស់បក្ស [កុម្មុយ និស្តវៀតណាម]។ រដ្ឋាភិបាលវៀតណាមត្រូវតែទទួលស្គាល់ថា សេរីភាពសាសនាមិន មែនមានន័យថា សេរីភាពត្រឹមតែប្រតិបត្តិ តាមវិធីអ្វីដែលរដ្ឋាភិបាលបានអនុញ្ញាតនោះឡើយ»
ទាក់ទង នឹងសេរីភាពសាសនា នៅវៀតណាមនេះដែរ ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ជាអ្នកគោរព ប្រតិបត្តិតាមព្រះពុទ្ធសាសនាថេរវាទ ត្រូវបានអាជ្ញាធរវៀតណាមរឹតបន្តឹង សេរីភាពក្នុងការប្រតិបត្តិសាសនា ផងដែរ។ ការរឹតបន្តឹងនេះ ត្រូវបានគេដឹងថា អាជ្ញាធរវៀតណាមមិនអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោម នៅកម្ពុជា ក្រោម បង្កើតសមាគមព្រះពុទ្ធសាសនាខ្មែរក្រោមឯករាជ្យរបស់ខ្លួនមួយ ដែលមិនឋិត នៅក្រោមបញ្ជារបស់ សមាគមព្រះពុទ្ធសាសនាមហាយានរបស់ជនជាតិយួន និងបក្សកុម្មុយនិស្តវៀតណាមឡើយ។ ក្រៅពីនេះ ពុទ្ធបរិស័ទខ្មែរក្រោម មិនមានសិទ្ធិបោះឆ្នោតក្នុងការលើកឬតែងតាំងព្រះមេគណខេត្តតាមជំនឿរបស់ពួកគេទេ ហើយអាជ្ញាធរបែរជាតែងតាំងព្រះមេគណខេត្តផ្ទុយ ពីបំណងរបស់ពលរដ្ឋខ្មែរក្រោមទៅវិញ៕
ប្រភពព័ត៌មានៈ សារព័ត៌មាន ព្រៃនគរ

No comments:

Post a Comment

yes