លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា មានគណបក្សនយោបាយតែពីរប៉ុណ្ណោះ ដែលបានចុះបញ្ជីបោះឆ្នោតសមាជិកព្រឹទ្ធសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្សី។ ចំណែកឯគណបក្សហ្វុនស៊ិនប៊ិច គណបក្សនរោត្តមរណឬទ្ធិ និងគណបក្សសិទ្ធិមនុស្សមិនបានចុះបញ្ជីទេ។ លោកបានបញ្ជាក់ថា គជបត្រូវការពេលវេលាចំនួនប្រាំពីរថ្ងៃដើម្បីពិនិត្យឯកសាររបស់គណបក្សសម រង្សី ហើយបើមានអ្វីប្រែប្រូលយើងនឹងបញ្ជូនឯកសារទៅឲ្យគណបក្សសម រង្សី ដោយទុករយៈពេលឲ្យប្រាំថ្ងៃទៀត សម្រាប់ធ្វើការកែតម្រូវ។
«ព្រោះរយៈពេលពិនិត្យលើបញ្ជីនេះ ត្រឹមប្រាំពីរថ្ងៃ ហើយពិនិត្យលើឯកសារនេះ បើត្រឹមត្រូវឬអត់ ព្រោះវាទាក់ទងទៅនឹងបេក្ខជនច្រើនជាង១០០បេក្ខជន។ យើងពិនិត្យតាមឯកសារនេះ បានត្រឹមត្រូវឬអត់បាទ ហើយយើងនឹងកំណត់រយៈពេលគ្រប់ប្រាំពីរថ្ងៃដើម្បីកំណត់ យ៉ាងណាក្នុងការខ្វះខាតតាមធម្មតាយើងអនុញ្ញាតឲ្យគាត់កែក្នុងរយៈពេលប្រាំថ្ងៃទៀត»។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធិសភា នីតិកាលទី៣នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ដើម្បីជ្រើសរើសសមាជិកសភាសរុបចំនួន៦១រូប។ អ្នកមានសិទ្ធិចូលរួមការបោះឆ្នោតសមាជិកសភារួមមានអ្នកតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ គណបក្សប្រជាជនកម្ពុជាមានសមាជិកសភាតំណាងរាស្ត្រចំនួន៩០នាក់ សមាជិកឃុំសង្កាត់ចំនួន៧.៩៩៣នាក់។ ចំណែកឯគណបក្សសម រង្សី មានសមាជិកសភាតំណាងរាស្ត្រចំនួន២៦រូប សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២.៦៦០នាក់ គណបក្សហ្វុនស៊ិនប៊ិច ចំនួន២៧៤នាក់ គណបក្សនរោត្តមរណឬទ្ធិ ចំនួន៤២៥នាក់ គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យចំនួនម្នាក់។ សរុបសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន១១.៣៥៣នាក់។
លោក គួយ ប៊ុនរឿន សមាជិកតំណាងរាស្ត្រខាងគណបក្សសម រង្សី និងជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការបោះឆ្នោតបាននិយាយថា បេក្ខជនដែលបានបញ្ជូនទៅចូលរួមការបោះឆ្នោតសមាជិកព្រឹទ្ធិសភារួមមានអ្នកតំណាងរាស្ត្រចំនួនប្រាំរូប និងមួយចំនួនទៀត អ្នកដែលមានសក្តានុពលក្នុងការជួយជ្រោមជ្រែងដល់គណបក្សសម រង្សី។ គណបក្សសម រង្សី នឹងរំពឹងថា នឹងទទួលបាន១១អសនៈនៅក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភាខាងមុខនេះ។
«យើងត្រូវផ្តល់តម្លៃ ដើម្បីឲ្យគាត់ឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា ដើម្បីឲ្យបន្តការងារជួយដឹកនាំប្រទេសជាតិ និងគណបក្សឲ្យបានការរីកចម្រើន នាពេលខាងមុខ»។
បេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភារួមទាំងបេក្ខជនបម្រុង និងបេក្ខជនពេញសិទ្ធមានចំនួន១៤នាក់មកពីគណបក្សនយោបាយនីមួយៗ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូប ដែលស្នើរសុំមិនបញ្ចេញឈ្មោះ បាននិយាយថា បេក្ខជនសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះជាសមាជិកព្រឹទ្ធសភាភាគច្រើនគឺជាមន្ត្រីវ័យចំណាស់ដែលត្រូវបានជ្រើសចេញពីសមាជិករដ្ឋសភា។ មានសមាជិកព្រឹទ្ធសភាតែ៥៧រូបប៉ុណ្ណោះដែលត្រូវបានជ្រើសចេញពីការបោះឆ្នោត។ ចំណែកឯនៅសេសសល់ចំនួនបួនរូបផ្សេង
ទៀតគឺពីររូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតចេញពីការបោះឆ្នោតរដ្ឋសភា៕
VOA
No comments:
Post a Comment
yes