Saturday, December 3, 2011
ចេញដីកាចាប់ខ្លួនងួន សឿ ៖ បទឧក្រិដ្ឋចាប់ជំរិតទារប្រាក់កូនប្រុសលោកសូ ផន ត្រូវបានលាតត្រដាង
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន ងួន សឿ ជាផ្លូវការហើយកាលពីថ្ងៃទី២ ធ្នូ បន្ទាប់ ពីបានត្រួតពិនិត្យយ៉ាងល្អិតល្អន់លើសំណុំរឿងចាប់ជំរិតកូនប្រុសលោក សូ ផន ជារឿងរ៉ាវចាប់ជំរិតគួរឱ្យភ្ញាក់ផ្អើលបំផុតកាលពីខែតុលាកន្លងមក ដែលតាមព័ត៌មានថា ក្រុមជនចាប់ជំរិតទារប្រាក់បានក្នុងចន្លោះពី៤០ទៅ៥០ម៉ឺនដុល្លារ ។ ទាក់ទងនឹងរឿងរ៉ាវមេខ្លោងចាប់ជំរិតនេះក៏បានបែកធ្លាយបន្ទាប់ពីរថយន្តឡិចស៊ីសRX៣០០ ពណ៌ស្ករមួយគ្រឿងដែលក្រុមឧក្រិដ្ឋជនចាប់ជំរិតប្រើប្រាស់គឺជារថយន្តលោក ងួន សឿ ។
ជនសង្ស័យឈ្មោះស៊ុត សុភី ដែលជាមនុស្សដំបូងតែម្នាក់ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថមុនពេលចូលពន្ធនាគារព្រៃស បានសារភាពថា មេខ្លោងធំជាងគេក្នុងករណីចាប់លោក សូ អាកណូ កូនប្រុសលោកសូ ផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃគឺឈ្មោះងួន តឿ ហៅ មេធំដែលគ្មាននរណាក្រៅពីងួន សឿ ឡើយ។ ងួន សឿ ត្រូវក្រុមរបស់គេដាក់នាមឱ្យថា ជាមេធំ។
មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់ថា ជនសង្ស័យឈ្មោះស៊ុត សុភី បានសារភាពអស់ពីសកម្មភាពក្រុមរបស់ពួកគេ ក្នុងការចាប់ជំរិតកូនប្រុសលោកសូ ផន ។ ជនសង្ស័យឈ្មោះស៊ុត សុភី មានអាយុ៣៨ឆ្នាំ ជាអតីតយោធាការពារព្រំដែនត្រូវសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីថ្ងៃទី២៣ វិច្ឆិកា នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធក្នុងករណីចាប់កូនប្រុសលោក សូ ផន ជំរិតទារប្រាក់ ។
មន្ត្រីកងរាជអាវុធហត្ថបានរៀបរាប់ថា ពេលចាប់ខ្លួនស៊ុត សុភី នៅខេត្តមណ្ឌលគិរី ជននេះបានសួរសមត្ថកិច្ចថា ចាប់គាត់មានរឿងអ្វី គាត់គ្មានធ្វើអ្វីខុសទេ ពេលនោះសមត្ថកិច្ចប្រាប់វិញថា ជាប់ពាក់ព័ន្ធរឿងចាប់ជំរិតទារប្រាក់។ស៊ុត សុភីបានសួរទៅសមត្ថកិច្ចកងរាជអាវុធហត្ថវិញថា ហេតុអ្វីបានជាដឹងថា គាត់ជាក្រុមចាប់ជំរិតកូនលោកសូ ផន បើក្រុមគាត់បានសច្ចាជាមួយគ្នាអស់ហើយមិនអាចធ្វើឱ្យធ្លាយរឿងនេះបានទេ ។ ស៊ុត សុភី នៅតែប្រកែកនិងលាក់បាំងជាមួយសមត្ថកិច្ចមិនព្រមសារភាពឡើយ ហើយនៅតែជឿខ្លួនឯងថា រឿងដែលក្រុមរបស់ខ្លួនបានប្រព្រឹត្តពិតជាគ្មានសមត្ថកិច្ចណាដឹងទេ។ប៉ុន្តែបើទោះជាយ៉ាងណា ក្រោយការស្រាវជ្រាវនិងសួរចម្លើយយ៉ាងស្ទាត់ជំនាញពីលោកវរសេនីយ៍ទោគង់ សុត្ថារិន នាយរងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសគឺបានឈ្លេចសួរទាល់តែជនសង្ស័យសារភាព ។ ប៉ុន្តែមុននឹងសារភាព ស៊ុត សុភី បានដាក់កិច្ចសន្យាទៅសមត្ថកិច្ចវិញថា បើខ្លួនប្រាប់ហើយសូមការពារអាយុជីវិតខ្លួនផង ព្រោះមេធំរបស់ខ្លួនសាហាវណាស់ និងមានបក្សពួកច្រើនទៀតអាចពី១៥ទៅ២០នាក់ និងមានកាំភ្លើងកែវយិតធុនទំនើបប្រើប្រាស់ភ្លើងឡាស៊ែរ បាញ់បានចម្ងាយ១៥០ម៉ែត្រធ្វើឱ្យមនុស្សស្លាប់ ព្រមទាំងអត់ឮសំឡេងទៀតផង។ បន្ទាប់ពីឮពាក្យថាសុំឱ្យសមត្ថកិច្ចជួយរក្សាអាយុជីវិត សមត្ថកិច្ចដឹងថា មេខ្លោងរបស់គាត់ពិតជាធំមែនហើយ ភ្លាមនោះលោកគង់ សុត្ថារិន បានធានាតាមការសុំនូវរាល់អ្វីដែលជនសង្ស័យចង់បាន ពោលគឺធានាការពារអាយុជីវិតរបស់គាត់ ។ មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងទៀតថា ក្រោយពីចាប់ខ្លួន កម្លាំងជំនាញពិសេសនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំជនសង្ស័យពីខេត្តមណ្ឌលគិរីទាំងយប់យកមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចការយ៉ាងប្រញាប់ដើម្បីឈានទៅចាប់មេខ្លោងព្រមទាំងបក្សពួក។
នៅក្នុងរថយន្តដោយដៃជាប់ខ្នោះជនសង្ស័យបានសារភាពថា មេធំជាងគេក្នុងគម្រោងការចាប់ជំរិតកូនលោកសូ ផននេះគឺឈ្មោះងួន តឿ ហៅមេធំ។ តាមចម្លើយថា គេមិនដែលស្គាល់មេធំឈ្មោះងួន សឿទេ តែក្រុមគេបានហៅលោកងួន សឿ ថា មេធំ ។ ឈ្មោះងួន តឿ គឺខ្លួនបានឮឈ្មោះល្វា ចេក របូតមាត់ហៅមេធំ នៅហាងមួយ ភ្លាមនោះគេចាប់អារម្មណ៍ មេធំគឺឈ្មោះងួន តឿ ។ ជនឈ្មោះស៊ុត សុភី បន្តថា ប្រហែលជា២ខែមុនធ្វើសកម្មភាពចាប់កូនលោកសូ ផន ឈ្មោះល្វា ចេក ហៅធី ហៅលាង បានបបួលខ្លួនពីប៉ោយប៉ែតមកភ្នំពេញ ដើម្បីជួបមេធំមកពីស្រុកបារាំង ធ្វើកិច្ចការដែលគេត្រូវការ ។ ជាប្រចាំពួកខ្លួនមានគ្នា៧នាក់ ដែលមេធំតែងតែហៅទៅជួបនិងណែនាំឱ្យស្គាល់ ឱ្យដឹងពីតួនាទីរបស់ខ្លួន គឺមាន១-មេធំ (ងួន សឿ) ២-ឈ្មោះល្វា ចេក ហៅធី ហៅលាង អាយុ៣០ឆ្នាំ ៣-ឈ្មោះលឹម ធី ហៅចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ៤-ឈ្មោះជាតិ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ៥-ឈ្មោះវ៉ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ៦-ឈ្មោះឃ្លី សុភី ភេទប្រុស អាយុ៣២ឆ្នាំ និង៧-គឺខ្លួនឈ្មោះស៊ុត សុភី ។
ក្នុងចំណោមបក្សពួកទាំង៧នាក់នេះមេធំបានប្រជុំប្រាប់ថា គេបានចំណាយប្រាក់អស់ជាង១០ម៉ឺនដុល្លារ ទិញមធ្យោបាយសម្រាប់ធ្វើសកម្មភាព ដូចជាអាវុធធុនទំនើបមានវែងមានខ្លី រថយន្ត ឧបករណ៍សម្រាប់ទាក់ទង និងសម្រាប់ពិនិត្យមើលផ្ទះជនរងគ្រោះ ចំណាយទៅលើថ្លៃជួលផ្ទះសម្រាប់ដាក់ចំណាប់ខ្មាំងដើម្បីទារប្រាក់យូរអង្វែង ។ មេធំ បានចាត់ឱ្យស្ត្រីឈ្មោះឃ្លី សុភី ជាអ្នកដើររកជួលផ្ទះ ឯរូបខ្លួនមានតួនាទីបើករថយន្ត ពេលធ្វើសកម្មភាព ឈ្មោះវ៉ាន់ ឱ្យនៅយាមជនរងគ្រោះ ។ ឈ្មោះល្វាចេកឈ្មោះចាន់ និងឈ្មោះជាតិ វិចិត្រ ជាអ្នកចុះចាប់ជនរងគ្រោះរុញបញ្ចូលរថយន្ត ។
ស៊ុត សុភី និយាយថា ខ្លួនធ្លាប់បានជួបប្រជុំជាមួយមេធំ(ងួន សឿ ) ចំនួន៤លើក ក្នុងរយៈពេលជាង២ខែមុន ធ្វើសកម្មភាពនោះ ឯចំណែកល្វា ចេក, លឹម ធី ហៅចាន់ និងជាតិ វិចិត្រ ជួបគ្នាញឹកញាប់ ។ រាល់ការជួបប្រជុំ ងួន សឿ តែងតែនិយាយថា រឿងអីក៏ដោយកុំឱ្យក្បត់គ្នា ហើយបើសិនជាសមត្ថកិច្ចចាប់បានអ្នកណាក៏ដោយកុំឱ្យឆ្លើយដាក់គ្នា បើមិនដូច្នេះទេ គេនឹងសម្លាប់ចោលអស់មួយពូជ ព្រោះបក្សពួកនិងបណ្តាញរបស់គេនៅមានច្រើនណាស់។ បន្ទាប់ពីរៀបចំគម្រោងចាប់ជំរិតកូនលោកសូ ផន នេះនៅថ្ងៃមួយ ងួន សឿ បានឱ្យឈ្មោះល្វាចេក និងឈ្មោះជាតិ វិចិត្រតាមដានលោកសូ អាកណូ ដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំង ពេលនោះពួកគេត្រូវបានបំពាក់ទាំងស្មារតីទាំងអាវុធរួចរាល់អស់ហើយ ព្រមទាំងមានទីតាំងរួចរាល់ហើយ សម្រាប់ចាប់ជនរងគ្រោះលាក់ទុកដើម្បីទារប្រាក់ ។ ប្រហែលជានៅថ្ងៃទី៤ តុលា ក្រុមគេបានតាមចាប់លោកសូ អាកណូ ដែលចេញដំណើរពីផ្សារអូឡាំពិក ទៅផ្ទះ ប៉ុន្តែពេលនោះចាប់មិនបានទេ បែកកការណ៍ មេធំបញ្ជាមកថា ឱ្យផ្អាកសិន ។
នៅល្ងាចថ្ងៃទី៨ តុលា មេធំបានឱ្យធ្វើសកម្មភាពចាប់លោកសូ អាកណូ ម្តងទៀត ដោយឱ្យខ្លួនជាអ្នកបើករថយន្តឡិចស៊ីស RX-300 ពណ៌ស្ករ ដឹកឈ្មោះល្វាចេក ឈ្មោះជាតិ វិចិត្រ និងឈ្មោះវ៉ាន់ ទៅចាំនៅត្រើយខាងកើតស្ពានជ្រោយចង្វា ដើម្បីរង់ចាំបទបញ្ជាពីមេធំ(ងួន សឿ) ដែលកំពុងឱ្យមនុស្សតាមឃ្លាំមើលជនរងគ្រោះដែលត្រូវចាប់ខ្លួន។ យប់បន្តិចទៅហើយ ជនរងគ្រោះបានចេញដំណើរទៅកាន់លំនៅឋានរបស់គេនៅម្តុំបុរីជ្រោយចង្វានោះមែន ដោយបើករថយន្តឆ្លងកាត់ស្ពានជ្រោយចង្វា ពេលនោះមេធំបានទូរស័ព្ទប្រាប់ថា ឱ្យប្រុងប្រយ័ត្នមុខសញ្ញាចេញទៅហើយ ដោយប្រាប់ភិនភាគមធ្យោបាយ ធ្វើយ៉ាងណាចាប់ឱ្យខាងតែបាន ។ លើកទី២នេះ គេចាប់លោកសូ អាកណូ បានមែន គឺពេលចុះចាប់ទាំង៤នាក់ ពេលនោះជនរងគ្រោះមិនចង់ចូលរថយន្តទេ ។ ដោយឃើញជនរងគ្រោះក្រាញមិនព្រមចូលរថយន្ត ល្វាចេក បានដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះ១កាំភ្លើងដើម្បីបំបាក់ស្មារតីកុំឱ្យស្រែក និងឱ្យសម្របខ្លួនតាមអ្វីដែលពួកគេឱ្យធ្វើ។
ជនឈ្មោះស៊ុត សុភី បានសារភាពប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថទៀតថា ពេលធ្វើសកម្មភាពពួកគេស្លៀកពាក់ខោអាវជាស៊ីវិលធម្មតា គ្មានអ្នកណាម្នាក់ស្លៀកពាក់ឯកសណ្ឋានជាឈុតអង្គរក្ស ឬយោធា ឬសន្តិសុខឯកជនទេ និងប្រើប្រាស់អាវុធតែ២ដើមប៉ុណ្ណោះ ។ ពេលចាប់ជនរងគ្រោះបញ្ជូលក្នុងរថយន្តភ្លាម ឈ្មោះល្វាចេក បានយកវ៉ែនតាខ្មៅពាក់ឱ្យជនរងគ្រោះនិងបានយកខ្សែចងដៃទាំង២ទៅក្រោយ ហើយបើកសំដៅទៅវីឡាជួលនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ពេលទៅដល់បានយកជនរងគ្រោះឡើងទៅជាន់ទី១ ដោយដាក់នៅក្នុងបន្ទប់មួយយ៉ាងស្ងាត់បំផុត ។ លុះដល់ពាក់កណ្តាលយប់ មេធំបានចាប់ផ្តើមយកទូរស័ព្ទដៃលោកសូ អាកណូ ទាក់ទងទៅម្តាយរបស់គេទារប្រាក់ចំនួន១លានដុល្លារ ។ ឈ្មោះស៊ុត សុភី និយាយថា ខ្លួនដឹងតែត្រឹមនេះទេ លុះដល់ម៉ោង៥ភ្លឺខ្លួនក៏បានជិះតាក់ស៊ីទៅកាន់ក្រុងប៉ោយប៉ែត ដោយមេធំទុកឱ្យតែឈ្មោះវ៉ាន់ ម្នាក់នៅដេកយាមជនរងគ្រោះ ក្រៅពីនេះពួកគេក៏បំបែកគ្នាដែរ ។
ចម្លើយសារភាពបានរៀបរាប់ប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យដឹងទៀតថា បន្ទាប់ពីខ្លួនចេញពីភ្នំពេញទៅ ក្រុមរបស់ខ្លួននៅតែទាក់ទងគ្នាជាប់រហូត និងបានដឹងថា ការងារទាំងអស់ចាត់ចែងដោយមេធំ ។ ពេលចំណាប់ខ្មាំងនៅក្នុងដៃពួកគេហើយ មេធំបានទៅជួលបន្ទប់ផ្ទះសំណាក់ជាន់ខ្ពស់បំផុតមួយនៅទល់មុខផ្ទះលោកសូ ផន និងដាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាកាមេរ៉ា កែវយឹត សម្រាប់ឆ្លុះមើលសកម្មភាពក្នុងផ្ទះលោកសូ ផន ដឹងអ្នកចេញអ្នកចូលទាំងអស់ សូម្បីសមត្ថកិច្ចដាក់កម្លាំងទៅដេកចាំនៅទីនោះប៉ុន្មានថ្ងៃក៏មេធំដឹងទាំងអស់ ហើយបានបញ្ជាទៅពួកគេឱ្យធ្វើទៅតាមអ្វីដែលអាចធ្វើបាន ។ ក្រុមគេបានដឹងថា សមត្ថកិច្ចប្រើប្រាស់កម្លាំង ដាក់ក្នុងផ្ទះជនរងគ្រោះដើម្បីចាំចាប់យកព័ត៌មាននៅពេលគេទូរស័ព្ទទារប្រាក់ម្តងៗ ដូច្នេះហើយបានជាដំបូងគេប្រើប្រាស់រូបភាពជំរិតទារប្រាក់ដោយទាក់ទងតាមទូរស័ព្ទ ។
ក្រោយមកដោយដឹងថា ប្រើទូរស័ព្ទត្រូវសមត្ថកិច្ចស្តាប់បាន មេធំបង្វែរប្រើជាលិខិតវិញ ដោយឱ្យមនុស្សម្នាក់យកទៅប្លុងចោលនៅតូបលក់ដូររបស់ប្រពន្ធជនរងគ្រោះនៅផ្សារអូឡាំពិក ។ សំបុត្រលើកទី១ គ្មានការឆ្លើយតបមកវិញទេ ហើយក៏គ្មានលទ្ធផលដែរ គ្រាន់តែបានបញ្ជាក់ថា បើចង់បានកូនទៅវិញមិនពិបាកទេ យកប្រាក់តែ១លានដុល្លារ ធ្វើជាថ្នូរនោះបានហើយ តែបើធ្វើឱ្យបែកការណ៍ និងគ្មានប្រាក់លោះកូន អ្នកពិតជាត្រូវស្លាប់ និងសម្លាប់ចោល១ពូជទៀតផង ។ លុះបាន២ថ្ងៃក្រោយមក សំបុត្រលើកទី២ ក៏យកទៅប្លុងចោលនៅតូបលក់ដូរនៅផ្សារអូឡាំពិកម្តងទៀត ប៉ុន្តែពេលនេះក្នុងសំបុត្រមានដាក់ស៊ីមកាត១នៅក្នុងនោះដែលមានទឹកប្រាក់រួចជាស្រេច សម្រាប់ឱ្យទៅម្តាយជនរងគ្រោះប្រើប្រាស់ទាក់ទងមកពួកគេ ចៀសវាងសមត្ថកិច្ចដឹងលេខ និងចាប់បានព្រោះរាល់ ទំនាក់ទំនងលេខស៊ីមកាតថ្មីពិតជាធ្វើឱ្យសមត្ថកិច្ចបាត់ដាន។ ជាប្រចាំរយៈពេលជិតកន្លះខែ លោកងួន សឿ ហៅមេធំ មិនទៅណាពីផ្ទះសំណាក់ដែលជួលស្នាក់នៅបណ្តោះអាសន្ននៅមុខផ្ទះលោកសូ ផន នោះទេ ហើយក៏គ្មានសមត្ថកិច្ចណាដឹងថា មេធំរបស់គេធ្វើសកម្មភាព អ្វីនៅទីនោះដែរ ។ ទីនោះគឺជាទីបញ្ជាការមេធំសម្រាប់ក្តាប់ព័ត៌មាន និងបញ្ជាទៅពួកគេរាល់កិច្ចការទាំងអស់មិនឱ្យចូលក្នុងអន្ទាក់របស់សមត្ថកិច្ច ។
ស៊ុត សុភី និយាយថា ខ្លួនឆ្ងល់ហើយឆ្ងល់ទៀត មូលហេតុអ្វីសមត្ថកិច្ចចាប់ខ្លួនគេបាន ព្រោះការងារនេះពួកគេធ្វើតែ៥ទៅ៦នាក់ទេ អ្នកទាំងអស់នោះខ្លះក៏បានគេចខ្លួនចេញទៅក្រៅប្រទេស ខ្លះនៅក្នុងស្រុកមែន ប៉ុន្តែមិនអាចចាប់គេបានងាយនោះទេ រឿងអ្វីកងរាជអាវុធហត្ថចាប់គេបាន។ សូម្បីថ្ងៃប្រគល់ប្រាក់មេធំបានប្រើប្រាស់ប្រព័ន្ធហតឡាញទាក់ទងទៅក្រុមគ្រួសារលោកសុភី រហូតប្រគល់ និងទទួលប្រាក់យ៉ាងជោគជ័យក៏សមត្ថកិច្ចមិនបានដឹងផង។ ក្រុមគេទេ ដែលបានដឹងថា រយៈពេលជិតកន្លះខែនៃការឃុំខ្លួនជនរងគ្រោះធ្វើជាចំណាប់ខ្មាំងនោះ សមត្ថកិច្ច ពិសេសកងនគរបាលជាតិ មានថ្នាក់មូលដ្ឋាន រាជធានីក្រសួងលើកគ្នាទាំងហ្វូងធ្វើរដ្ឋបាលស្ទើររាល់យប់ ដើម្បីរុករកជនរងគ្រោះ និងចាប់ពួកគេ។ ទីបំផុតរូបគេត្រូវសមត្ថកិច្ចកងរាជអាវុហត្ថត្រូវចាប់ខ្លួន។ ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ តុលា ខ្លួនបានទទួលព័ត៌មានថា មេធំដោះលែងជនរងគ្រោះទៅវិញ ហើយខ្លួនក៏ត្រូវឡើងទៅទទួលយកចំណែកពីមេធំនោះដែរ។ ចំណែកមេធំចេញទៅបារាំងថ្ងៃទី២៨ តុលា ។ ប្រាក់ដែលគេទទួលបាន១០.០០០ដុល្លារ ពេលទទួលបានប្រាក់មេធំប្រាប់ថា បានតិចតួចទេ១០.០០០ដុល្លារ នេះយកទៅចាយវាយសិនទៅ ហើងនៅបន្តគំរោងចាប់មនុស្ស២នាក់ទៀត គឺថៅកែរោងចក្រស្រាបៀរ និងកូនឧត្តមសេនីយ៍ឯកម្នាក់ទៀត ពេលនោះយើងនឹងបានចំណែកច្រើន។ បានប្រាក់១០.០០០ដុល្លារខ្លួនក៏ត្រឡប់ទៅផ្ទះវិញ និងបានយកប្រាក់នេះទៅចែកឱ្យកូនរៀនសូត្រខ្លះ ខ្លួនឯងចាយវាយខ្លះនៅសល់ប៉ុន្មានទិញខ្សែ.កមាស១តម្លឹង ចិញ្ចៀនមាស១តម្លឹងកន្លះ ។ សល់ប្រាក់ជាង៨០០ដុល្លារ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថដកហូត។
យោងតាមចម្លើយដំបូងនៅសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពុំមានអ្នកណាម្នាក់ជឿជាក់ទាំងស្រុង ថាមេខ្លោងធំជាងគេក្នុងករណីចាប់ជម្រិតទារប្រាក់កូនលោកសូ ផន គឺលោកងួន សឿទេ គឺមិនជឿទាល់តែសោះ ព្រោះងួន សឿ និងមនុស្ស២ទៅ៣នាក់ ទៀតសុទ្ធតែរស់នៅប្រទេសបារាំង ពួកគេមិនមែនសុទ្ធតែអ្នកក្រខ្សត់ដល់ថ្នាក់បង្កើតក្រុមឧក្រិដ្ឋជនចាប់ជម្រិតបែបនេះទេ។ ម្យ៉ាងវិញទៀតងួន សឿ និងលោកសូ ផន ស្និទ្ធស្នាលគ្នា រឿងអីទៅចាប់កូនលោកធ្វើចំណាប់ខ្មាំង ដើម្បីទារប្រាក់នោះ។
ការសន្និដ្ឋានបើសិនជារឿងនេះ លោកងួន សឿ នៅពីក្រោយ និងជាមេខ្លោងមែន មិនមែនជារឿងជម្រិតទារប្រាក់ទេ ច្បាស់ជារឿងគំនុំសុទ្ធសាធ។ ដូច្នេះហើយបានជាក្នុងសន្និសីទកាសែត១ឈុត ដែលធ្វើឡើងដោយលោកឧត្តមសេនីយ៍ត្រីសៀ សម្បត្តិ មិនបានលើកយកឈ្មោះងួន សឿ មកនិយាយប្រាប់អ្នកសារព័ត៌មានទេ ព្រោះតែគេមិនជឿតាមចម្លើយសារភាពរបស់ឈ្មោះស៊ុត សុភី ។ ប៉ុន្តែមកដល់ពេលនេះគេបានចោទថា ងួន សឿ ជាមេខ្លោងនោះ គឺនៅថ្ងៃទី២៣ វិច្ឆិកា ងួន សឿ បានទូរស័ព្ទមកពីស្រុកបារាំងចូលលេខទូរស័ព្ទឈ្មោះសៅ ប៊ន អ្នកយាមដីឱ្យយករថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ដែលជាមធ្យោបាយជិះធ្វើសកម្មភាពផ្ញើទុកនៅផ្ទះប្រពន្ធល្វា ចេក នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកទៅទុកនៅដីរបស់ខ្លួន នៅឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ការធ្វើបែបនេះហាក់ដូចជា ដូរទីតាំងលាក់មធ្យោបាយរថយន្ត១គ្រឿងនេះ ដើម្បីបិទបាំងពីការតាមប្រមាញ់របស់សមត្ថកិច្ច។ គាប់ជួនគ្នាណាស់ ថ្ងៃទី២៤ វិច្ឆិកា ខណៈពេលឈ្មោះសៅ ប៊ន កំពុងបើករថយន្តទៅដល់ពាក់កណ្តាលផ្លូវ ឈ្មោះល្វា ចេក បានទូរស័ព្ទមកសួរ សៅ ប៊ន ដែលយករថយន្តតាមបណ្តាំរបស់លោកងួន សឿ។ ទោះបីជាបែបណាក្តីជនរូបនេះមិនមានទោសកំហុសនោះទេ ហើយត្រូវបានសមត្ថកិច្ចដោះលែងទៅហើយ។
ចំណងទាក់ទងមានភាពស៊ីសង្វាក់គ្នាចុងក្រោយនេះទាំងលោកងួន សឿ ទាំងឈ្មោះល្វា ចេក ដែលបានទូរស័ព្ទមកពីក្រៅប្រទេសដូចគ្នា បានជួបតែមនុស្សម្នាក់ឱ្យទៅរំដោះរថយន្តផ្លាស់ប្តូរទីតាំង គឺចេតនាគេចវេះពីសមត្ថកិច្ចដែលកំពុងស្វែងរក។ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនសៅ ប៊ន ជាមួយវត្ថុតាង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពឈ្មោះសៅ ប៊ន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនបានដឹងអ្វីទាំងអស់ ខ្លួនគ្រាន់តែបានទទួលបញ្ជាតាមទូរស័ព្ទពីលោកងួន សឿ ឱ្យទៅយករថយន្ត RX300 កូនកាត់ ដែលនៅផ្ទះមួយក្នុងភូមិព្រែកលៀប ផ្លូវជាតិលេខ 6A ទៅទុកនៅស្រុកកំពង់ត្របែកប៉ុណ្ណោះ។ ចម្លើយនិងសកម្មភាពជាក់ស្តែងពីឈ្មោះសៅ ប៊ន ដែលលោកងួន សឿ បញ្ជាតាមទូរស័ព្ទមកពីប្រទេសបារាំងនោះ ហើយបានធ្វើឱ្យសមត្ថកិច្ចមានពន្លឺកាន់តែច្បាស់ថា ករណីចាប់ជម្រិតលោកសូ អាកណូ កូនប្រុស លោកសូ ផន ពិតជាលោកងួន សឿ មែន និងជាមេខ្លោងទៀតផង ដូចដែលចម្លើយស៊ុត សុភី បញ្ជាក់ពីខាងដើម។
យោងតាមចម្លើយជាក់លាក់ឈ្មោះស៊ុត សុភី និងឈ្មោះសៅ ប៊ន សុទ្ធតែដូចគ្នាថា ពួកគេទទួលបញ្ជាពីលោកងួន សឿ ទាំងអស់ ទើបបានជាសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ធ្វើរបាយការណ៍ដាក់ជូនទៅស្ថាប័នតុលាការ ដើម្បីសុំដីកាស្វែងរកចាប់ខ្លួនមេខ្លោងងួន សឿ និងបក្សពួកមួយចំនួនទៀត ប៉ុន្តែពេលនេះសមត្ថកិច្ចមិនទាន់បានទទួលដីកាឱ្យចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំងអស់នោះទេ៕
កោះសន្តិភាព

No comments:
Post a Comment
yes