ខេត្តកំពង់ចាម ៖ កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំឈូក បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី២៤ ធ្នូ ២០១១ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈលើនាងក្រមុំអាយុ២០ឆ្នាំ រស់នៅក្នុងឃុំស្រុកជាមួយគ្នា រហូតបានសម្រេចទាំង២នាក់នៅក្នុងព្រៃចម្ការកៅស៊ូខាងត្បូងផ្ទះរបស់នាងប្រហែលជា៦០ម៉ែត្រ ខណៈនាងចេញទៅបត់ជើង។
ជនសង្ស័យទាំងពីរ ឈ្មោះជួន រតនា ហៅម៉ាប់ អាយុ២០ឆ្នាំ និងឈ្មោះលាវ សុខហាន អាយុ២៤ឆ្នាំ រស់នៅឃុំឈូក ស្រុកក្រូចឆ្មារ។ តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ឡាយ ងួន អធិការនគរបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ធ្នូ នារីរងគ្រោះឈ្មោះ «វ.ម» បានដើរចុះពីលើផ្ទះចេញទៅបត់ជើងធំនៅក្បែរផ្ទះក៏ត្រូវបានជនសង្ស័យចំនួន២នាក់ខាងលើ ចាប់ខ្ទប់មាត់ធើ្វសកម្មភាពរំលោភសេពសន្ថវៈម្នាក់ម្តងៗ ដោយមិនត្រូវបានឪពុកម្តាយរបស់នាងដឹងនោះទេ។ លោកអធិការបន្តថា បន្ទាប់ពីរំលោភរួចយុវជនទាំង២នាក់បានត្រឡប់ទៅផ្ទះរបស់គេវិញ។ រហូតមកដល់ព្រឹកថ្ងៃទី២៤ ធ្នូ ពេលដែលទទួលបានព័ត៌មានពីលោកស៊ិន សំអុល មេឃុំឈូក ថា មានករណីចាប់រំលោភលើនាងរងគ្រោះខាងលើ លោកបានចាត់ឲ្យកម្លាំងជំនាញស្រុកចុះសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលឃុំឈូក ដើម្បីតាមប្រមាញ់ជនសង្ស័យទាំង២នាក់នោះ រហូតឈានទៅចាប់បាននៅក្នុងភូមិឈូក ក្នុងខណៈដែលពួកគេកំពុងជិះម៉ូតូ១គ្រឿង។
ក្រោយពីសួរនាំរួចជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
កោះសន្តិភាព
No comments:
Post a Comment
yes