ក្រុមសិទ្ធិមនុស្សបង់ក្លាដេស បានអំពាវនាវឱ្យកាត់ទោសយ៉ាងធ្ងន់ធ្ងរដល់បុរសជនជាតិបង់ក្លាដេសម្នាក់ ដែលកាត់ម្រាមដៃស្តាំប្រពន្ធរបស់ខ្លួន ដែលលួចទៅរៀនបន្ត ។ ប៉ូលិសបង្ហើបឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោករ៉ាហ្វីគុល អ៊ិស្លាម អាយុ៣០ឆ្នាំ ជាពលករចំណាកស្រុក វាយធ្វើបាបប្រពន្ធ ព្រោះនាងលួចទៅរៀនបន្ត ដោយមិនប្រាប់ប្តី។ លោកអ៊ិស្លាម ចាប់ប្រពន្ធអាយុ២១ឆ្នាំ ចងដៃ និងយកស្កុតបិទមាត់ និងភ្នែក រួចកាត់ម្រាមដៃទាំង៥ចេញ ក្រោយពីគេត្រឡប់មកពីធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
អាជ្ញាធរបញ្ជាក់ថា បុរសនេះខឹងសម្បាយ៉ាងខ្លាំង ព្រោះរូបគេមិនចង់ឱ្យប្រពន្ធរៀនបន្តនៅវិទ្យាល័យ និងមានការច្រណែនឈ្នានីស ដែលគេរៀនចប់ត្រឹមថ្នាក់ទី២ ។ ជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីប្តីរបស់នាងត្រឡប់មកពីបរទេស វិញគាត់ប្រាប់ថា មានរឿងចង់ពិគ្រោះជាមួយខ្លួន ពេលនោះប្តីបានយកស្កុតបិទភ្នែក ចង់ដៃ និងបិទមាត់ រួមទាំងកាត់ម្រាមដៃម្តងមួយៗ រហូតអស់ ។ កាលមុននេះ គេធ្លាប់ទូរស័ព្ទ និងក្រើនរំលឹកថា នាងនឹងទទួលទោសយ៉ាងស័ក្តិសមប្រសិនបើហ៊ានទៅរៀនបន្ត ។
ចំណែកជនជាប់ចោទ ទទួលស្គាល់ថា បានធ្វើរឿងនេះយ៉ាងពិតប្រាកដ ។ ក្រោយពីចាប់ខ្លួនក្នុងក្រុងដាកា និងបន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់ប៉ូលិសចោទប្រកាន់ថា ធ្វើឱ្យអ្នកផ្សេងបាត់បង់អវយវៈ មានទោសដោយជាប់ពន្ធនាគារ ។ រីឯអ្នកស្រីហាវ៉ា អាកទ័រ ជនរងគ្រោះ ក្រោយការព្យាបាល នឹងត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយរបស់ខ្លួនវិញបានថ្លែងថា ខ្លួននៅតែតាំងចិត្តសិក្សាបន្ត ដោយដៃឆ្វេងសម្រាប់សរសេរអក្សរ ។
លោកវេជ្ជបណ្ឌិត ដែលព្យាបាលរបួសបង្ហើបឱ្យដឹងថា ម្រាមទាំង៥ ដែលកាត់ចេញមិនអាចយកមកភ្ជាប់បានទេ ព្រោះជនល្មើសមិនព្រមយកម្រាមដៃដែលកាត់នោះមកប្រគល់ឱ្យ និងបងប្អូនរបស់គេបានយកម្រាមទាំងអស់ទៅបោះចោលក្នុងធុងសំរាមហើយ ៕
No comments:
Post a Comment
yes