សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 2, 2011

បង់ក្លាដេស​ចាប់​ផ្តើម​កាត់​ក្តី​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម

 កាលពី​ថ្ងៃ​អាទិត្យ​ទី​២០​ខែ​វិច្ឆិកា​លោក ដេឡាវ៉ា ហ៊ូសេន សាយ៉េឌី (Delawar Hossain Sayedee) មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ចាម៉ាត អ៊ី អ៊ីស្លាម (Jammat-e-Islami) បាន​ក្លាយ​ទៅ​ជា​ជន​​ទី​មួយ​ដែល​ត្រូវ​កាត់ក្តី​អំពី​ឧក្រិដ្ឋកម្ម​កាល​ពី​ឆ្នាំ​១៩៧១។​រដ្ឋអាជ្ញា​ម្នាក់​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដូច​ជា​ការសម្លាប់​ប្រល័យ​ពូជសាសន៍​ ការ​ធ្វើ​ឃាត​និង​ការ​រំលោភ​សេព​សន្ធវៈ។
លោក​ Sayedee ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នយោបាយ​ បង់ក្លាដេស​ ជាន់​ខ្ពស់​៨​នាក់​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ការតស៊ូ​ដ៏​ឃោរឃៅ​៩​ខែ​ដែល​បាន​នាំ​ទៅ​កាន់​ឯករាជ្យ​របស់​ប្រទេស​ពី​ប្រទេស​ប៉ាគីស្ថាន។
បន្ថែម​ពី​លើ​លោក​ Sayedee មាន​ជន​ជាប់​សង្ស័យ​បួន​នាក់​ទៀត​ដែល​ជា​ពួក​មន្ត្រីជាន់​ខ្ពស់​នៃ​គណបក្ស​​ប្រឆាំង​​ Jamaat-e-Islami ដែល​ជា​គណបក្ស​​អ៊ីស្លាម​ធំ​បំផុត​របស់​ប្រទេស​ បង់ក្លាដេស។ ជន​ជាប់​សង្ស័យ​២​នាក់​ជា​សមាជិក​នៃ​គណបក្ស​ជាតិ​និយម​ បង់ក្លាដេស​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ។​ពួក​ជន​ទាំង​នេះ​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កង​កម្លាំង​ប៉ាគីស្ថាន​និង​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ក្នុង​ជម្លោះ​នោះ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​បី​លាន​នាក់​ស្លាប់។
ជន​ជាប់ចោទ​ទាំង​នេះ​បាន​និយាយ​ថា​ពួក​គេ​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍​អ្វី​ទេ​ហើយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក​ស្រី​ស្ហេក ហាស៊ីណា (Sheikh Hasina) ថា​បាន​ធ្វើការ​សងសឹក​ខាង​នយោបាយ​ប្រឆាំង​នឹង​ពួក​គេ។
លោក​ អាទួរ រ៉ាម៉ាន់ (Ataur Rahman)​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Dhaka ​បាន​មាន​ប្រសាសន៍​ថា​មាន​ការ​ទទួល​យក​ដោយ​ទូលំទូលាយ​ថា​ពួក​ជន​ដែល​មាន​ទោស​ពៃរ៍​ដោយសារ​ឧក្រិដ្ឋកម្ម​សង្គ្រាម​គួរ​ត្រូវ​នាំ​ខ្លួន​ទ្បើង​តុលាការ។​ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​មាន​កង្វល់​កើន​ទ្បើង​ច្រើន​អំពី​ថា​តើ​ការ​កាត់​ក្តីទាំង​នេះ​ត្រូវ​ធ្វើ​បែប​ណា​និង​អំពី​ភាព​គួរ​​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៃ​ពួក​ជន​ដែល​មាន​ទាក់​ទិន​និង​ក្នុង​ការ​កំណត់​យុត្តិធម៌។
«ពួក​គេ​មាន​ពិភាល់​ខ្លះ​អំពី​ភាព​យុត្តិធម៌​នៃ​ការ​កាត់​ក្តី​នេះ​ អំពី​ដំណើរ​ការ​និង​ថា​តើដំណើរការ​នេះ​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​អន្តរជាតិឬ​ទេ...ខ្ញុំ​យល់​ថា​រដ្ឋាភិបាល​គួរ​ប្រុងប្រយ័ត្ន​ជាង​ការ​ដែល​ពួក​គេ​ព្រាង​ច្បាប់​ខ្លះ ក្នុង​ការ​ជ្រើស​រើស​ពួក​រដ្ឋអាជ្ញា​ខ្លះ​ ហើយ​ជា​ពិសេស​ក្នុង​ការ​ជ្រើសរើស​ពួក​ចៅក្រម​និង​ប្រធាន​តុលាការ​នេះ»។
តុលាការ​នេះ​ត្រូវ​បាន​បង្កើត​ទ្បើង​កាល​ពី​ឆ្នាំ​មុន​ដោយ​មិន​មាន​ការ​ចូល​​រួមរបស់​អ.ស.ប.។​អង្គការ​ Human Rights Watch បាន​និយាយ​ថា​នីតិវិធី​តុលាការ​មិន​បាន​តាម​ស្តង់ដា​អន្តរ​ជាតិ។​មាន​សេចក្តី​រាយការណ៍​ថា​សាក្សី​និង​មេធាវី​ការពារ​ក្តី​ត្រូវ​បាន​គេ​យាយី​រំខាន។​ក្រុម​អ្នក​រិះ​គន់​ក៏​និយាយ​ដែរ​ថា​ច្បាប់​កំណត់​ថា​ភស្តុតាង​អ្វី​ត្រូវ​អនុញ្ញាត​ឱ្យ​យក​មក​ប្រើ​ក៏​ផ្ទុយ​គ្នា​នឹង​ច្បាប់​អន្តរជាតិ​ដែរ។
លោក ចន ខែមម៉េ (John Cammegh) មេធាវី​អង់គ្លេស​ដែល​ពួក​មេធាវី​របស់​លោក​ Sayedee សុំ​ជំនួយ​បាន​និយាយ​ថា​អាជ្ញាធរ​ បង់ក្លាដេស ​មិន​ឱ្យ​លោក​ចូល​រួម​ក្នុង​ការ​កាត់​ក្តី​នេះ​ទេ​ឬ​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​ បង់ក្លាដេស​ទេ​នៅ​ពេល​​មាន​ការ​កាត់​ក្តី​នេះ។
រដ្ឋអាជ្ញា​បាន​និយាយ​ថា​ការកាត់​ក្តី​ទាំង​នេះ​នឹង​មាន​ភាព​យុត្តិធម៌​ហើយ​មិន​មែន​មានគោលដៅ​ជា​ការបំភិត​បំភ័យ​ខាង​នយោបាយ​ទេ។​ រដ្ឋាភិបាល​ក៏​បាន​និយាយ​ដែរ​ថា​ទម្រង់​ច្បាប់​របស់​ផង​ខ្លួន​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ធ្វើការ​​កាត់​ក្តី​ទាំង​នេះ។
ពួក​អ្នក​ធ្វើ​វិភាគ​នយោបាយ​បាន​និយាយ​ថា​លុះត្រា​ណា​តែ​គេ​ឃើញ​ថា​ការកាត់​ក្តី​ទាំង​នេះ​មាន​ភាព​យុត្តិធម៌​ដាច់​ខាត​ទើប​វា​មិន​អាច​បង្កើន​ភាព​តានតឹង​ថែម​ទៀត​នៅ​​ក្នុង​ប្រទេស​មួយ​ដែល​មាន​ទម្លាប់​នៃ​​ការបែក​បាក់​គ្នា​ខាង​នយោបាយ​រួច​ស្រេច​ហើយ។


VOA

No comments:

Post a Comment

yes