ខេត្តក្រចេះ ៖ យ៉ាងហោចណាស់មានកម្មករខ្មែរ៨នាក់បានបាត់ខ្លួនក្នុងរូងជីករ៉ែមាស និងសង្ស័យថា ពួកគេអាចស្លាប់ដោយសារត្រូវកប់ក្នុងដីជម្រៅជាង៣០០ម៉ែត្រ ដោយសារបាក់ដីសង្កត់ក្នុងរណ្តៅរ៉ែមាស របស់ក្រុមហ៊ុនចិន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ក្នុងព្រៃចំណុចអូរត្រូន ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ។
តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើងក្រោយពីការបំផ្ទុះរំសេវក្នុងរណ្តៅដើម្បីកាយយកថ្ម ក្នុងបាតដីរុករករ៉ែមាសរបស់ក្រុមហ៊ុនវិនិយោគរុករករ៉ែរបស់ក្រុមហ៊ុនចិនឈ្មោះស៊ឹងយិង គង់យិ។
នៅក្នុងហេតុការណ៍នេះ បានបង្កឱ្យកម្មករខ្មែរចំនួន៨នាក់ ត្រូវបាត់ខ្លួនដោយសារកប់ក្នុងដីដែលបាក់ និងមានទឹកចេញផង ក្នុងជម្រៅជាង៣០០ម៉ែត្រ ។ ក្នុងហេតុការណ៍ដែលមិនធ្លាប់មាននេះ មានកម្មករចិនម្នាក់ និងខ្មែរម្នាក់បានរត់គេចខ្លួនទាន់តែរងរបួសត្រូវបានយកទៅសង្គ្រោះបន្ទាន់។
ក្រោយពីហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងនគរបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនចិន បានធ្វើការសង្គ្រោះដោយការបូមទឹកចេញពីក្នុងរណ្តៅ។
ជាមួយនឹងហេតុការណ៍ផ្ទុះរំសេវបាក់ដីសង្កត់មនុស្សស្លាប់ជាច្រើននាក់នេះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់មានមុខងារជាក្រុមការងារបច្ចេកទេស មកកាន់ស្នងការដ្ឋានខេត្តដើម្បីសាកសួរផងដែរ។ ឧបទ្ទវហេតុនេះត្រូវបានមន្ត្រីសមត្ថកិច្ចនិយាយថា បណ្តាលមកពីបញ្ហាបច្ចេកទេសនៃក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន។
រហូតមកទល់នឹងល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចសហការជាមួយនឹងកម្មករក្រុមហ៊ុននៅតែបន្តធ្វើការបូមទឹកចេញពីក្នុងរណ្តៅរ៉ែដែលមានជម្រៅមហាជ្រៅនេះ ។ ចំពោះជោគវាសនារបស់កម្មករខ្មែរទាំង៨នាក់មិនទាន់បានដឹងទៅជាយ៉ាងណានោះទេ ដែលអ្នកខ្លះសង្ស័យថា ពួកគេអាចស្លាប់នៅក្នុងរណ្តៅដីជ្រៅ ដែលមានទឹកថែមទៀត។
ប្រភពពីកម្មករបាននិយាយថា ក្រុមកម្មករខ្មែរដែលជួបហេតុការណ៍អាក្រក់នេះបានចុះទៅ ក្នុងអណ្តូងរ៉ែតាំងពីយប់ថ្ងៃទី២២ ធ្នូ ដោយពួកគេមានមុខងារជាអ្នកកាយដារ (កាយថ្ម) និងទទួលបានប្រាក់កម្រៃក្នុងមួយធុងចំនួន៩.០០០រៀល៕
កោះសន្តិភាព
No comments:
Post a Comment
yes