ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តគិរីបព្វតា ហៅវត្តកំពែង បានសំណូមពរឲ្យប្រមុខដឹកនាំរដ្ឋាភិបាល និងក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយការពារទីតាំងវត្តគិរីបព្វតា ដែលអាជ្ញាធរខេត្តក្រចេះព្រមានរុះរើ។
លោក ម៉ៅ គ្រឿន ជាប្រធានគណៈកម្មការអាចារ្យវត្តគិរីបព្វតា ហៅវត្តកំពែង មានទីតាំងក្នុងឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ លោកបានចោទអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកព្រែកប្រសប់ ថាបានរារាំង និងបង្ខំមិនឲ្យកសាងសមិទ្ធិក្នុងវត្តគិរីបព្វតាបន្តទៀតទេ ព្រោះសំអាងថា សកម្មភាពសាងសង់វត្តនោះពុំមានច្បាប់អនុញ្ញាត។
លោកបានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធ ឲ្យជួយរក្សាការពារវត្តគិរីបព្វតា ដែលបានកសាងតាំងពីឆ្នាំ២០០៨ កុំឲ្យអាជ្ញាធរខេត្តក្រចេះរុះរើ ដើម្បីទុកជូនពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រណិប័តន៍ធម៌តាមឱវាទព្រះសាសនាតទៅទៀត។
លោកបន្តថា បច្ចុប្បន្ននេះទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តគិរីបព្វតាប្រមាណ ៦រយគ្រួសារ កំពុងព្រួយបារម្ភខ្លាចអាជ្ញាធររុះរើសមិទ្ធផលក្នុងវត្ត ដែលកសាងបានប្រមាណ ៥០% ជាប្រាក់ឧបត្ថម្ភរបស់លោកតាមហាឧបាសក ហ៊ុន នាង ជួយទំនុកបម្រុង។
ព្រះតេជគុណព្រះនាម ជីន ណារ៉ុង ដែលកំពុងគង់នៅក្នុងវត្តគិរីបព្វតា។ ព្រះអង្គមានថេរដីកាដោយចង់បិណ្ឌបាត ទៅថ្នាក់ដឹកនាំរដ្ឋាភិបាល ឲ្យជួយរក្សាទីអារាមព្រះពុទ្ធសាសនាមួយនេះ កុំឲ្យបាត់បង់ ទុកសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិប័តន៍ធម៌ឱវាទព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
អាចារ្យវត្តគិរីបព្វតា បានឲ្យដឹងថា ការសាងវត្តគិរីបព្វតានេះឡើង គឺទទួលបានការអនុញ្ញាតពីមន្ត្រីសង្ឃជាន់ខ្ពស់ និងទទួលបានការអនុញ្ញាតពីមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ឲ្យសាងសង់ ប៉ុន្តែបែរជាអាជ្ញាធរមូលដ្ឋានឃុំ និងមន្ត្រីស្រុកព្រែកប្រសប់ មិនចុះហត្ថលេខាទទួលស្គាល់ទៅវិញ។
លោក ធូ សេងងាន ជាមេឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ លោកបានឆ្លើយតបការចោទប្រកាន់នៅថ្ងៃទី៥ ខែមករា ពីមូលហេតុអាជ្ញាធរ ហាមមិនឲ្យបន្តសាងសង់វត្តគិរីបព្វតា ព្រោះវត្តនេះមិនទាន់មានច្បាប់ពីក្រសួង និងមន្ទីរធម្មការត្រឹមត្រូវទេ។ ម្យ៉ាងវត្តនេះបានកសាងនៅលើដីបម្រុងរបស់រដ្ឋទុកកសាងមណ្ឌលសុខភាព ជាពិសេសមូលដ្ឋាននេះមានវត្តអារាមចំនួនពីរទៅហើយ មិនចាំបាច់បង្កើតវត្តទៀតទេ។
ចំណែកលោក វ៉ា ថន ជាអភិបាលស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ លោកបានទទួលស្គាល់ថា ការសាងសង់វត្តគិរីបព្វតា ពិតជាមិនទាន់មានច្បាប់ពិតមែន។ ហើយថា ការណ៍ដែលអាជ្ញាធរឲ្យគណៈកម្មការវត្តផ្អាកការសាងសង់ គឺចង់ឲ្យការកសាងវត្តនេះមានច្បាប់សិន និងរង់ចាំស្ទង់មតិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិតជាត្រូវការវត្តនេះចាំបាច់ ឬបែបណា ព្រោះវត្តមានច្រើនហើយ។
លោកឲ្យដឹងថា ទីតាំងសង់វត្តគិរីបុព្វតា ដើមឡើយគណៈកម្មការវត្តបានស្នើសុំអាជ្ញាធរសង់ជាសាលាឆទានទេ តែក្រោយមកឃើញមានកសាងសមិទ្ធិផ្សេងទៀត រួចដាក់ឈ្មោះជាវត្តគិរីបព្វតានេះឡើង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក នូ ចាន់តារា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ដើម្បីបំភ្លឺជុំវិញការកសាងវត្តគិរីបព្វតាបានទេ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១២។
គណៈកម្មការវត្តគិរីបព្វតា បានឲ្យដឹងថា បច្ចុប្បន្នមានព្រះសង្ឃចំនួន ៣អង្គ កំពុងគង្គនៅ។ អារាមមួយនេះ កសាងឡើងនៅឆ្នាំ២០០៨។ ហើយថា ការកសាងទីអារាមនេះឡើង ដោយសារតែប្រជាពលរដ្ឋមូលដ្ឋាននេះ ជាពិសេសមនុស្សវ័យចំណាស់ ពិបាកធ្វើដំណើរទៅធ្វើបុណ្យទាននៅទីអារាមឆ្ងាយពីផ្ទះ រហូតជិត ១០គីឡូម៉ែត្រ ទើបមូលមតិគ្នាកសាងវត្តគិរីបព្វតានេះឡើយ៕
RFA
No comments:
Post a Comment
yes