ប៉ុន្តែព័ត៌មាន ស្ដីពីការរំលោភសិទ្ធិពលករ គេតែងតែឮពីពលករកម្ពុជានៅប្រទេសថៃ និងនៅប្រ ទេសម៉ាឡេស៊ី។ លោក សុខ សេរី មានសេចក្ដីរាយការណ៍ព័ត៌មានផ្ដោតលើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីការពារពលករកម្ពុជា នៅប្រទេសថៃ។
សកម្មជនការពារសិទ្ធិពលករកម្ពុជា បានសំដែងការសាទរចំពោះជំហររដ្ឋាភិបាល ដែលសុំឲ្យរដ្ឋាភិបាលថៃ បន្តការចុះឈ្មោះធ្វើអត្តសញ្ញាណស្របច្បាប់ ជូនពលករខ្មែរខុសច្បាប់ នៅប្រទេសថៃ ដោយសារតែវាជាការចាំបាច់ណាស់ ដើម្បីការពារពលករទាំងនោះ ពីការរំលោភសិទ្ធិមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយថៅកែថៃ។
ប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរមិនស្របច្បាប់នៅប្រទេសថៃ គឺមានចំនួនជាង ២៥ ម៉ឺននាក់។ រដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជា ធ្វើអត្តសញ្ញាណឲ្យក្លាយជាពលករស្របច្បាប់ បានចំនួនជាង ៩ ម៉ឺននាក់ហើយ មកដល់ពេលនេះ ក្នុងចំណោមពលករខ្មែរខុសច្បាប់ចំនួនជាង ២៥ ម៉ឺននាក់នោះ។
ប្រធានអង្គការ ខារ៉ាម កម្ពុជា (Caram-Cambodia) លោក យ៉ា ណាវុធ ដែលតែងតែតាមដានស្ថានការណ៍ពលករចំណាកស្រុកកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២ ថា ការផ្ដល់ភាពស្របច្បាប់បែបនេះ គឺជាការចាំបាច់ណាស់។
លោក យ៉ា ណាវុធ៖ «ជាទូទៅ គឺថៅកែមិនចូលចិត្តជួលពលករ ដែលមានឯកសារ ដែលយើងហៅថា ស្របច្បាប់ត្រឹមត្រូវទេ ពីព្រោះកាលណាជួលពលករស្របច្បាប់ទៅ វាជាប់កាតព្វកិច្ចច្រើនណាស់ គឺត្រូវការពារពលករ ត្រូវបង់ផលប្រយោជន៍ផ្សេងៗ ដែលរដ្ឋាភិបាលទទួលស្គាល់នៅក្នុងច្បាប់ការងារហ្នឹង។ អ៊ីចឹង បើសិនជួលពលករ ដែលមិនស្របច្បាប់ទៅ កាលណាពលករហ្នឹងតវ៉ាអាចហៅ គេហៅថា រាយការណ៍ទៅប៉ូលិសអន្តោប្រវេសន្តទៅ។ អ៊ីចឹងគាត់អាចប្រឈមមុខនឹងការចាប់បញ្ចូលត្រឡប់មកវិញ ឬចាប់ដាក់នៅក្នុងមណ្ឌលឃុំឃាំងនៅប្រទេសគេហ្នឹង។ អ៊ីចឹង នេះហើយមួយវិជ្ជមាន បើសិនជារដ្ឋាភិបាលទាំងពីរយោគយល់គ្នា ហើយបន្តធ្វើការចុះបញ្ជីពលករបរទេស ជាពិសេស ពលករខ្មែរ បន្ថែមទៀតហ្នឹងបាទ»។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ូរ៉ាពង្ស តូវីចក្រឆៃកុល បានចរចាគ្នានៅក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅនោះ ផ្ដោតលើបញ្ហាសំខាន់ៗ ជាច្រើន ក្នុងនោះរាប់ទាំងបញ្ហាពលករខ្មែរ នៅប្រទេសថៃដែរ។
លោក ហោ ណាំហុង មានប្រសាសន៍ប្រាប់អ្នកកាសែត កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះថា លោកបានសុំឲ្យរដ្ឋាភិបាលថៃបន្តឲ្យក្រុមការងារកម្ពុជា បន្តការចុះឈ្មោះពលករខ្មែរឲ្យគ្រប់ចំនួន ២៥ ម៉ឺននាក់នោះ។
លោក ហោ ណាំហុង៖ «នៅសល់ប៉ុន្មាន ថៃនឹងអនុញ្ញាតឲ្យធ្វើ ស៊ី.អាយ.ស៊ី (Certificate of Identity Cards) ប័ណ្ណសំគាល់ខ្លួននេះ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០១២។ ខ្ញុំក៏បានស្នើ ស៊ូរ៉ាពង្ស ថា បើសិនដល់ខែកុម្ភៈ ឆ្នាំ ២០១២ ធ្វើមិនចប់ សុំស្នើធ្វើបន្តពេលថែមទៀត ដើម្បីឲ្យចប់នូវពលករខ្មែរមិនស្របច្បាប់ នៅថៃនេះ ឲ្យបានចប់សព្វគ្រប់បន្តទៀត។ ឯកឧត្ដមថា ឯកឧត្តមសន្យានឹងពិភាក្សាជាមួយរដ្ឋមន្ត្រីការងារថៃ ហើយនឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃសម្រេច»។
សកម្មជនការពារសិទ្ធិពលករបានឲ្យដឹងថា ពលករខ្មែរភាគច្រើននៅប្រទេសថៃ គឺធ្វើការងារក្នុងវិស័យសំណង់កសិកម្ម និងបម្រើការងារនៅតាមផ្ទះជាដើម។
ពលករខ្មែរខុសច្បាប់មួយចំនួន ត្រូវបានថៅកែថៃលក់កម្លាំងពលកម្មបន្ត ឲ្យធ្វើការងារជាកម្មករនេសាទនៅសមុទ្រ ដែលបានរងគ្រោះពីការគេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្វើការងារគ្មានពេលសម្រាក ឬហូបមិនគ្រប់គ្រាន់ជាដើម។ ប៉ុន្តែ កន្លងមកក្រសួងការបរទេសកម្ពុជា និងអង្គការការពារសិទ្ធិមនុស្ស ដូចជា អង្គការ ខារ៉ាម កម្ពុជា (Caram-Cambodia) អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) និងមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ (CLEC) បានជួយសង្គ្រោះពលករទាំងនោះឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីគ្រួសារពលករទាំងនោះ៕
RFA
No comments:
Post a Comment
yes