ពលរដ្ឋសហគមន៍បុរីកីឡា ដែលក្រាញននៀលមិនចាកចេញបានផ្តិតស្នាមមេដៃចំនួន៦១នាក់ សុំឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ដើម្បីអាចបានរស់នៅលើដី ដែលត្រូវបានគេដកហូតពីពលរដ្ឋ ប្រគល់ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច។
ការដាក់ញតិ្តទៅស្ថានទូតសហរដ្ឋ អាមេរិក របស់ពលរដ្ឋបុរីកីឡានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានកើតមានឡើងបន្ទាប់ពីពលរដ្ឋបុរីកីឡាចំនួន៣៨៤គ្រួសារ ត្រូវបានកំលាំងចំរុះរបស់រដ្ឋាភិបាលបង្រ្កាបដោយហិង្សា បណ្តាលឲ្យរបួសជាច្រើននាក់ និងមានការចាប់ខ្លួនឃុំ៨នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ស្រ្តីឈ្មោះថៃ ច័ន្ទអៀង ក្នុងចំណោមអតីតអ្នកបុរីកីឡាប្រហែល១០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកប្រ ចាំទីក្រុងភ្នំពេញ បានថ្លែងទាំងអាម្មរណ៍ក្តុកក្តូលនិងសំរក់ទឹកភ្នែកថា ទ្រព្យសម្បត្តិដែលរកបានដោយរើសអេតចាយ គ្រាន់ដោះស្រាយក្រពះប្រចាំថ្ងៃនិងជំរកដ៏តូចនោះ ក៏រងការខូចខាតអស់ហើយ ដោយសារកំលាំងប៉ូលីស និងប៉េអឹមរបស់រដ្ឋាភិបាល ឈូសឆាយតាមអំណាចទឹកលុយរបស់ក្រុមហ៊ុន។
ទោះជាបែបណាអតីតសហគមន៍បុរីកីឡាដែល នៅសេសសល់នេះ ប្តេជ្ញាថានឹងមិនចាកចេញពីលំនៅឋានដែលធ្លាប់រស់នៅនេះនោះ ទេ បើទោះជាសម្ភារៈរបស់ពួកគេត្រូវបានបំផ្លាញចោលយ៉ាងណាក្តី ព្រោះពួកគេបានតាំងទីលំនៅក្នុងបុរីកីឡានេះ ជាងមួយទស្សវត្ស៍មកហើយ ដោយមានឯកសារផ្លូវច្បាប់ដែលទទួលស្គាល់ដោយអាជ្ញាធរខ័ណ្ឌ- សង្កាត់ត្រឹមត្រូវ។
លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី ដែលបានសម្របសម្រួលដាក់ញ្ញាតិជូនទូតសហរដ្ឋអាមេរិក បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះជោគ វាសនារបស់ពលរដ្ឋខ្លួន។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ ដែលបានទទួលញតិ្តរបស់ពលរដ្ឋនូវមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយនោះ ទេ ខណៈបុរីកីឡានៅពេលនេះ ត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច កំពុងដឹកដីចាក់បំពេញ និងបិទច្រកចេញចូលយ៉ាងតឹងរ៉ឹងបំផុត។
ពលរដ្ឋបុរីកីឡានៅថ្ងៃនេះ ក៏បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងតំណាងរបស់ពួកខ្លួនចំនួន៨នាក់ ដែលតុលាការចោទថាបង្ករបួសស្នាម ដោយមានទំងន់ទោសនិងបទប្រឆាំងមន្រ្តីសាធារណៈ។ ការទាមទារតវ៉ារបស់អ្នកបុរីកីឡានេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋចំនួន២នាក់ផ្សេងទៀត ឈ្មោះ កែវ គង់ និង គ្រុយ លីណា ភេទប្រុស ត្រូវបានកំលាំងខ័ណ្ឌ៧មករា ចាប់ខ្លួនកាលពីម៉ោងជាង៦យប់ថ្ងៃពុធម្សិលមិញ នៅគ្រាដែលពួកគេព្យាយាមចែកចាយបាយកញ្ចប់ដល់អ្នកដែលនៅសេសសល់ ក្នុងបុរីកីឡា។
ព័ត៌មានស្តីពីការចាប់ខ្លួនតំណាង ពីរនាក់ ចុងក្រោយរបស់អតីតពលរដ្ឋបុរីកីឡានេះ អភិបាលរងខ័ណ្ឌ៧មករា លោក លឹម សុភា បដិសេធផ្តល់អត្ថាធិប្បាយ ដោយអៈអាងយ៉ាងខ្លីថា កំពុងជាប់ប្រជុំ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ហៅការចោទប្រកាន់របស់តុលាការលើពលរដ្ឋបុរីកីឡា ថាមិនឈរលើភាពអព្យាក្រិត្យភាពរបស់ខ្លួននោះទេ។
នៅគ្រាដែលការប្រមូលផ្តុំរបស់អតីត សហគមន៍បុរីកីឡា នៅមុខស្ថានទូតសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់ មានតំណាងសហគមន៍បឹងកក់ប្រហែល១០នាក់ ក៏បានចូលរួមលើកទឹកចិត្តផងដែរ៕
No comments:
Post a Comment
yes