Tuesday, February 14, 2012

កម្មកររោងចក្រណានកូ ខេត្តព្រះសីហនុ ដួលសន្លប់ជាថ្មីម្តងទៀត

ព្រះសីហនុ៖ មួយរយៈចុងក្រោយនេះការដួលសន្លប់របស់កម្ម កម្មការិនី នៅតាមបណ្តាល
រោងចក្រគឺមានការកើនឡើងគួរអោយកត់សម្គាល់ ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងក្រសួងដែលពាក់ព័ន្ធដ៏ទៃទៀត មិនបានចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និង
មានប្រសិទ្ធភាពនោះឡើយ ។​

          ជាក់ស្តែងកាលពីថ្ងៃទី១៣ កុម្ភះ ២០១២ កម្មករនៅរោងចក្រណានកូ ដែលមាន​ទីតាំង​ក្នុង​​ភូមិ​ភូធឿង សង្កាត់​បិតត្រាំង ខណ្ឌ​​ព្រៃនប់ ក្រុង​ព្រះសីហនុ ជាង ១០០​នាក់ បាន​ចាប់​ផ្ដើម​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់ ក្រោយ​ពីពួកគេ​បាន​ចូល​ទៅធ្វើ​ការ​នៅ​ម៉ោង ៧​ព្រឹក ។

          លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលបានទៅពិនិត្យ
និងអង្កេតដល់កន្លែងរោងចក្រដែលកើតហេតុខាងលើលោកបានឲ្យដឹងថា ជាដំបូងគឺមាន​ក្លិន​អាក្រក់​ភាយ​នៅ​ក្នុង​រោង​ចក្រ​ បន្ទាប់មកកម្មករគឺមាន​អាការ ទន់​ដៃ​ជើង និង​ល្ហិតល្ហៃ​ក្នុង​ខ្លួន​ហើយក៏ដួលសន្លប់តែម្តង ដែលមុនដំបូងគឺផ្តើមចេញពីកន្លែងអ៊ុត ។លោកបានបន្តរទៀតផងដែរ
ថា រោងចក្រណានកូ នោះគឺមានលក្ខណៈទាប និងពុំមានខ្យល់អាកាសគ្រប់គ្រាន់សម្រាប់ចេញ
ចូលដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនោះទេ ។ហើយកម្មករ​ដែល​ដួល​សន្លប់​ត្រូវ​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗនៅ​មន្ទីរ​ព្យាបាល​មួយ​ចំនួន​នៅ​ក្នុង​ខេត្តព្រះសីហនុ ។ លោក ជា មុន្នី បានឲ្យ
ដឹងបន្តរទៀតផងដែរថា កម្មករដែលមានអាករធ្ងន់ធ្ងរជាងគេគឺមានចំនួន៥នាក់ ដែល ប្រកាច់ និង និយាយ រវើរវាយ មិនដឹងអ្វីទាំងអស់ ។ កម្មករទាំង ៥នាក់មាន ១.​ មាត ស្រីតូ ២​. ង៉ែត ហ៊ីម​ ៣. ជីវី ៤.ឃឿត រត្នភាន់ និង ៥. សំអេង ។ ដែលសុទ្ធ តែទទួល រងការ សន្លប់ ធ្ងន់ធ្ងរ។ ដែលក្នុង​ចំណោម​កម្មករ ទាំង៥នាក់នោះ មានម្នាក់មាន​អាការៈ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ ​ក្អក​ធ្លាក់​ឈាម កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ចំការចេក។

          លោក ជា មុន្នី បានបន្តទៀតថា នៅក្នុងហេតុការណ៏ដួលសន្លប់របស់កម្មកររោងចក្រ
ណានកូ នោះគឺពុំមានខាងភាគីរោងចក្រទៅពិនិត្យមើលកម្មករដែលដួលសន្លប់នោះនៅមន្ទីរ
ពេទ្យឡើយ ហើយខាងភាគីរោងចក្រក៏ពុំបានចេញមុខមកធ្វើការដោះស្រាយនិងរកវិធីទប់ស្កាត់
និងបង្កាជាមួយនិងសហជីព និងកម្មករនោះទេ ។

          លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលបានចូលរួមធ្វើកិច្ចការងារ​ជាច្រើនជាមួយកម្មករលោកស្រីបានលើកឡើងថា បញ្ហាដែលបណ្តាលឲ្យកម្មករនៅរោងចក្រ
ណានកូ ខេត្តព្រះស៊ីហនុ ដួលសន្លប់កាលពីថ្ងៃទី១៣ កុម្ភះ ២០១២ គឺបណ្តាលមកពីការកង្វះ
អាហាររូបត្ថម ជាតិពុលគីមីដែលភាយចេញពីក្នុងរោងចក្រដែលអាចមកពីការបាញ់នៅលើ់​ក្រណាត់សម្លាប់សត្វល្អិត រួមជាមួយនិងបញ្ហាបរិយាការនៅក្នុងរោងចក្រមិនអំណោយផល ។ ជា
មួយគ្នានោះលោកស្រីក៏បានលើកឡើងផងដែរថា ការធ្វើការលើសម៉ោងដើម្បីទទួលបានប្រាក់
ឧបត្ថមបន្ថែម និងការសំរាកមិនបានដិនដល់ក៏ជាបញ្ហាចោទសម្រាប់កម្មករផងដែរ ដោយហេតុ​
​ថាប្រាក់ឈ្នួលរបស់កម្មករគឺមានកម្រិតទាប មិនស្មើរទៅនិងតម្លៃទំនិញនៅលើទីផ្សារដែល
ថ្លៃកប់ពពកនោះទេ គណបក្ស សម រង្ស៊ី គឺតែងតែទទូច និងទាមទារឲ្យរដ្ឋាភិបាល ក៏ដូចជាថៅកែ
រោងចក្រសហគ្រាសឲ្យតំឡើងប្រាក់ខែកម្មករយ៉ាងតិចឲ្យបាន ១២០ ដុល្លាក្នុង១ខែ ។

          សូមជំរាបផងដែរថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​កម្មករនៅរោងចក្រ ណានកូ ​ដួល​សន្លប់ ហើយ​មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា ពួកគេ​បាន​ដួល​សន្លប់​បន្ទាប់​ពី​មាន​ធំ​ក្លិន​អាក្រក់​ភាយ​ចេញ​ពី​ក្រណាត់។

បើយោងតាម របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ៦​ខែ​​ចុង​​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ មាន​កម្មករ​ជាង ១.៥០០​នាក់​បាន​ដួល​សន្លប់​ក្នុង​រោងចក្រ​ចំនួន ១១។ បញ្ហា​ទាំង​​នោះ​បណ្ដាល​មក​ពី​ខ្វះ​អាហារូបត្ថម្ភ អនាម័យ ភាព​តាន​តឹង ប្រ​ព័ន្ធ​​ខ្យល់​​ចេញ​ចូល ការធ្វើ​ការ​​លើស​​ម៉ោង​​កំណត់ បញ្ហា​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​អារម្មណ៍​ចិត្ត​សាស្ត្រ​​ជា​ដើម ៕

No comments:

Post a Comment

yes