Wednesday, February 15, 2012

បុគ្គលិក​សាលាក្ដី​ខ្មែរក្រហម ៦ រូប សុំ​ឈប់​មួយ​រយៈ​ព្រោះ​អត់​ប្រាក់ខែ

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា មាន​បុគ្គលិក​ចំនួន ៦ រូប​ហើយ ដែល​បាន​ដាក់​ពាក្យ​សុំ​ព្យួរ​ការងារ​បណ្ដោះអាសន្ន​មួយ​រយៈ រហូត​មក​ដល់​ថ្ងៃ​ទី ១៤ កុម្ភៈ ឆ្នាំ ២០១២។
RFA/Leng Maly
២៧-វិច្ឆិកា-២០០៩ ៖ អ្នក​កាសែត​កំពុង​ថត​យក​រូបភាព​អតីត​ប្រធាន​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម ជំនុំជម្រះ​ក្ដី​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។
លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​សុំ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នោះ គឺ​ព្រោះ​តែ​ពួក​គាត់​មិន​បាន​ទទួល​ប្រាក់​ខែ ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១១ មក។ ការ​មិន​បាន​ទទួល​ប្រាក់​ខែ​របស់​បុគ្គលិក​ទាំង​នេះ ក៏​ព្រោះ​តែ​ភាគី​ជាតិ​អស់​សាច់ប្រាក់​សម្រាប់​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក ដែល​មាន​ចំនួន​ជាង ៣០០ នាក់ ចាប់​ពី​ចៅក្រម​មក​ដល់​អ្នក​បើកបរ​រថយន្ត។

មន្ត្រី​តុលាការ​ខ្លះ​មិន​បាន​ទទួល​ប្រាក់​ខែ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១១ និង​បុគ្គលិក​ផ្សេង​ទៀត មិន​បាន​ទទួល​ប្រាក់ខែ​នៅ​ក្នុង​ខែ​មករា​កន្លង​ទៅ​នេះ។ លោក នេត្រ ភក្ត្រា ថ្លែង​ថា ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក គឺ​ពឹង​លើ​ប្រទេស​ផ្ដល់​ជំនួយ ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ប្រទេស​ណា​មួយ​សន្យា​ផ្ដល់​ជំនួយ​សម្រាប់​ស្ដារ​ស្ថានការណ៍​នេះ​នៅ​ឡើយ​ទេ។ ដូច្នេះ លោក​មិន​រំពឹង​ថា បុគ្គលិក​នឹង​បាន​ទទួល​ប្រាក់​ខែ​ទេ សម្រាប់​ខែ​កុម្ភៈ និង​ខែ​មីនា​ខាង​មុខ​នេះ។
បុគ្គលិក​សាលាក្ដី​ខ្មែរក្រហម ដែល​បាន​សុំ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នោះ គឺ​ជា​បុគ្គលិក​នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​ខាង​ភាគី​ជាតិ ហើយ​មូលហេតុ​នៃ​ការ​សុំ​ផ្អាក​ការងារ​​នៅ​ពេល​នេះ គឺ​ដើម្បី​ទៅ​ស្វែង​រក​ប្រាក់​ចំណូល​ពីការងារ​ផ្សេង​ទៀត​សម្រាប់​ចិញ្ចឹម​គ្រួសារ។
បញ្ហា​ខ្វះ​ប្រាក់​ខែ​បុគ្គលិក ត្រូវ​បាន​គេ​យល់​ឃើញ​ថា ជា​ការ​រាំងស្ទះ​ដល់​ដំណើរការ​របស់​សាលាក្ដី។ លោក នេត្រ ភក្ត្រា បញ្ជាក់​ថា ការ​ធ្វើការ​ដោយ​មិន​បាន​ទទួល​ប្រាក់ខែ ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ទឹក​ចិត្ត និង​ស្មារតី​បុគ្គលិក។ ភាគី​កម្ពុជា​កំពុង​អំពាវនាវ​រក​វិភាគ​ទាន​ពី​ប្រទេស​ផ្ដល់​ជំនួយ ដើម្បី​យក​មក​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​របស់​ខ្លួន៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។


អាស៊ីសេរី

No comments:

Post a Comment

yes